រដ្ឋស្នើប្រជាពលរដ្ឋកុំលក់ដីសម្បទានសង្គមកិច្ចដែលទទួលបានពីគម្រោង LASED III
មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឱ្យប្រជាពលរដ្ឋសូមកុំលក់ដីសម្បទានសង្គមកិច្ច ដែលទទួលបានពីគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់ទី៣ (LASED III) នៅឃុំក្បាលដំរី ស្រុកសម្បូរ ខេត្តក្រចេះ។
នេះបើតាមការលើកឡើងរបស់ ឯកឧត្ដម រ័ត្ន ហុក អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជានាយកគម្រោង LASED III កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ក្នុងដំណើរទស្សនកិច្ចទៅពិនិត្យទីតាំងបែងចែកដី។
ឯកឧត្តមបានស្នើពលរដ្ឋសូមកុំលក់ដូរដីដែលបានមកពីការខិតខំរបស់បងប្អូនឱ្យសោះ ត្រូវខិតខំថែរក្សា និងបង្កបង្កើនផលដាំដុះឱ្យបានច្រើន ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជីវភាពប្រចាំថ្ងៃ ហើយអ្នកដែលមិនទាន់ទទួលបានដី សូមចូលរួមសហការដាក់ពាក្យស្នើសុំមកអាជ្ញាធរមូលដ្ឋាន។
បើតាមរដ្ឋបាលឃុំក្បាលដំរី បានឱ្យដឹងថា ឃុំនេះមានប្រជាពលរដ្ឋសរុបចំនួន ៧,៦៩៨ នាក់ ស្មើ ១,៦៨៦ គ្រួសារ ដែលមានចំនួនប្រជាពលរដ្ឋក្រីក្រប្រហែល ៨០%ដែលគ្មានដីកសិកម្ម គ្មានដីលំនៅឋាន ហើយអ្នកខ្លះទៀតគ្មានទាំងដីកសិកម្ម និងដីលំនៅឋានតែម្ដង។
គួរបញ្ជាក់ថា គម្រោង LASED III បានទទួលហិរញ្ញប្បទានពីធនាគារពិភពលោក ដើម្បីគាំទ្រសកម្មភាពទាំងឡាយ ដែលរួមមាន ការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តខ្នាតតូច ចំនួន ៧ទីតាំង និងផ្តល់ការអភិវឌ្ឍលើដីសម្បទានសង្គមកិច្ចចំនួន ១២ទីតាំង សហគមន៍ជនជាតិភាគតិច ដែលបានចុះបញ្ជីដីសមូហភាពរូចចំនួន ៣៣សហគមន៍ ការរៀបចំចុះបញ្ជីដីសមូហភាពរបស់សហគមន៍័ជនជាតិដើមភាគតិច ចំនួន ១៥សហគមន៍ និងការធ្វើផែការប្រើប្រាស់ដីនៅក្នុងឃុំ ចំនួន ៤៥ឃុំ។ (អានបន្ថែម)

