រដ្ឋអនុម័តផែនការវិនិយោគថ្មី ៥កន្លែង ក្នុងឧទ្យានជាតិបូកគោ
ប្លង់មេ និងផែនការអភិវឌ្ឍវិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន ៥ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ត្រូវបានដាក់ឆ្លង និងអនុម័តជាផ្លូវការហើយ នៅក្នុងកិច្ចប្រជុំពិនិត្យកាលថ្ងៃទី ២៥ ខែតុលា កន្លងទៅ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា គម្រោងវិនិយោគទាំងនេះ នឹងចូលរួមបង្កើតសក្តានុពលទេសចរណ៍កាន់តែខ្លាំង ពិសេសចូលរួមបង្កើតការងារ និងបង្កើនជីវភាពពលរដ្ឋនៅជុំវិញតំបន់នោះ។
ឯកឧត្តមបន្តថា ទេសចរណ៍ធម្មជាតិជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជំរុញវិស័យទេសចរណ៍ និងជួយអភិរក្សបរិស្ថានក្នុងពេលតែមួយ ដែលជាការល្អក្នុងការជំរុញសេដ្ឋកិច្ចជាតិអំឡុងវិបត្តិកូវីដ១៩ នេះ។
គួរបញ្ជាក់ថា ការសម្រេចអនុម័តនេះ ត្រូវបានធ្វើឡើងដោយក្រសួងបរិស្ថាន រដ្ឋបាលខេត្តកំពត មន្ទីរបរិស្ថាន និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតព្រមទាំងតំណាង ក្រុមហ៊ុនវិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចដែលទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា។
ភាគីពាក់ព័ន្ធជឿជាក់ថាគម្រោងទាំងនេះក៏នឹងជួយបណ្តុះស្មារតីស្រឡាញ់បរិស្ថានដល់ប្រជាជនទូទៅជាងមុន។

