រដ្ឋាភិបាលកំពុងធ្វើឲ្យបណ្តោយផ្លូវជាតិលេខ៤ ពោរពេញទៅដោយរោងចក្រឧស្សាហកម្ម
រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងធ្វើឲ្យតំបន់តាមបណ្តោយផ្លូវជាតិលេខ៤ពោរពេញទៅដោយរោងចក្រឧស្សាហកម្មនានា ដើម្បីបំរើដល់តំបន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗទាំងពីររបស់កម្ពុជា គឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ នេះបើយោងតាមការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា។
ថ្លែងក្នុងកម្មវិធីបើកការដ្ឋានសាងសង់ផ្លូវក្នុងក្រុងព្រះសីហនុ សមេ្តចតេជោ ហ៊ុន សែន បញ្ជាក់ពីចក្ខុវិស័យប្រែក្លាយខេត្តព្រះសីហនុជាច្រកនៃកំណើនសេដ្ឋកិច្ច ហើយបច្ចុប្បន្ន រដ្ឋាភិបាលកំពុងជំរុញបង្កើតតំបន់ឧស្សាហកម្មជាច្រើន ជាពិសេស តាមបណ្តោយផ្លូវជាតិលេខ៤។
តាមការបញ្ជាក់របស់សម្តេច ខេត្តព្រះសីហនុមានតំបន់ឧស្សាហកម្មរហូតទៅដល់ ៩ ទីតាំង ដែលក្នុងនោះ ៥ទីតាំងកំពុងដំណើរការ និង៤ទីតាំងទៀតកំពុងត្រៀមដាក់ឲ្យដំណើរការផងដែរ។
ការផ្ដោតលើការអភិវឌ្ឍន៍តំបន់ឧស្សាហកម្មនេះ គឺដើម្បីធ្វើយ៉ាងណាជំរុញឲ្យខេត្តព្រះសីហនុក្លាយជាតំបន់ប៉ូលសេដ្ឋកិច្ចពហុបំណងតាមចក្ខុវិស័យរបស់រដ្ឋាភិបាលកម្ពុជា។
ការអភិវឌ្ឍន៍តំបន់ឧស្សាហកម្មនេះទៀតសោត គឺស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបាននិងកំពុងសាងសង់ឡើងយ៉ាងសកម្មដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ទាំងនេះ។
ក្នុងនោះ ផ្លូវល្បឿនលឿននភ្នំពេញ-ខេត្តព្រះសីហនុបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីពេលថ្មីនេះ ដែលជាគម្រោងធំជាងគេក្នុងប្រវត្តិសាស្រ្តកម្ពុជា សាងសង់ឡើងដោយប្រើប្រាស់ថវិកាប្រមាណជា ២ ពាន់លានដុល្លារអាមេរិក ហើយនឹងត្រូវបញ្ចប់ និងដាក់ឲ្យដំណើរការក្នុងឆ្នាំ ឆ្នាំ២០២៣ ខាងមុខនេះ។ (អានបន្ថែម)
ក្រៅពីនេះ ផ្លូវជាតិលេខ៤ ក៏នឹងត្រូវធ្វើការកែលម្អឡើងវិញក្នុងឆ្នាំ២០១៩នេះ ក្រោយពីរដ្ឋាភិបាលទទួលបានកម្ចីឥណទានសម្បទានពីធនាគារពិភពលោកចំនួន១១០លានដុល្លារ រួចមក។ (អានបន្ថែម)
បន្ថែមពីលើសក្តានុពលទាំងនេះ ការអភិវឌ្ឍន៍តំបន់ឧស្សាហកម្ម ជាពិសេស ការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រក្នុងការសម្រេចគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម (ឆ្នាំ ២០១៥–២០២៥ )របស់រដ្ឋាភិបាល ក្នុងការធ្វើឲ្យមានកំណើនសេដ្ឋកិច្ចខ្ពស់ និង ត្រៀមខ្លួនដើម្បីអនុវត្តចក្ខុវិស័យឧស្សាហកម្ម ៤.០។
រដ្ឋាភិបាលកម្ពុជា កំពុងផ្តោតលើការធ្វើពិពិធកម្មវិស័យឧស្សាហកម្មដើម្បីប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ និង ដើម្បីកុំឲ្យពឹងផ្អែកចម្បងតែលើវិស័យកាត់ដេរសំលៀកបំពាក់ និង ស្បែកជើងដែលបច្ចុប្បន្នទាក់ទាញក្រុមហ៊ុនប្រមាណ ៧០០។ (អានបន្ថែម)
មួយវិញទៀត ខេត្តព្រះសីហនុ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្ម ដែលនឹងធានាដល់ការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម និងបរិស្ថានប្រកបដោយចីរភាព ធានាឱ្យមានការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធចាំបាច់។ (អានបន្ថែម)

