រដ្ឋាភិបាលបង្ហាញវឌ្ឍនភាពអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ត្រីកោណ CLV
រូបភាពដោយ រដ្ឋសភាជាតិកម្ពុជា
រដ្ឋាភិបាលបង្ហាញពីការវឌ្ឍនភាព នៅតំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម មានការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងសន្តិសុខ គួរឲ្យកត់សម្គាល់បន្ទាប់ពីតំបន់ត្រីកោណបីប្រទេសនេះដែលត្រូវបានផ្តួចផ្តើមបង្កើតឡើងកាលពីពីរទសវត្សរ៍មុន។
ការបង្ហាញពីវឌ្ឍនភាពនៅតំបន់ត្រីកោណ CLV នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដឹកនាំដោយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ សម្របសម្រួលការងារសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ជាមួយនឹងឯកឧត្តម ឈាង វុន សមាជិកអចិន្រ្តៃយ៍នៃរដ្ឋសភា និងជាប្រធានគណៈកម្មការទី៥ និងជាប្រធានគណៈកម្មការ អន្តរសភាកម្ពុជា-ឡាវ-វៀតណាម និងសមាជិករដ្ឋសភា-ព្រឹទ្ធសភា នៅវិមានរដ្ឋសភា។
ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងថានៅក្រោមកិច្ចសហប្រតិបត្តិការ CLV មានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់នៅលើវិស័យ សេដ្ឋកិច្ច ទេសចរណ៍ ជាពិសេសពង្រឹង សន្តិសុខតាម ខ្សែបន្ទាត់ព្រំដែន។ នេះបើយោងតាមហ្វេសប៊ុក រដ្ឋសភាជាតិកម្ពុជា។
ឯកឧត្តម ប៉ាន សូរស័ក្តិ ថ្លែងថា៖ «ការអភិវឌ្ឍន៍តំបន់ត្រីកោណនៃប្រទេសទាំងបីកម្ពុជា ឡាវ វៀតណាម ក៏មានគោលបំណងបង្កើតហេដ្ឋារចនាសម្ព័ន្ធដែលមានភាពអំណោយផល ភាពច្បាស់លាស់ផ្នែកស្ថាប័ន វប្បធម៌ ទេសចរណ៍ និងការយោគយល់គ្នារវាងប្រជាជនក្នុងប្រទេសទាំងបី សំដៅពង្រឹង និងធ្វើទំនើបកម្ម ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កសិកម្ម ថាមពល និងការទំនាក់ទំនងសម្រួលចរាចរណ៍ទំនិញ និងមនុស្សឆ្លងកាត់ព្រំដែន អោយកាន់តែងាយស្រួល ស្របតាមច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសនីមួយៗ ក៏ដូចជាលើកកម្ពស់ការដោះដូរទំនិញរវាងប្រជាជននៃប្រទេសទាំងបី។»
លោក សៀង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម វាយតម្លៃខ្ពស់ទៅលើការអភិវឌ្ឍន៍ក្នុងតំបន់ត្រីកោណ។ លោកថា ក្រោមកិច្ចសហប្រតិបត្តិការ រវាងបីប្រទេស តំបន់ត្រីកោណ CLV បានប្រែក្លាយមុខមាត់ថ្មី មានហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ លំហូរចូលនៃភ្ញៀវទេសចរណ៍។
លោក សៀង ថៃ ថ្លែងថា៖ «មានការវិវត្តន៍ច្រើន ពីមុនឃើញថាតំបន់ហ្នឹងមានការលំបាក ដូច្នេះហើយយើងធ្វើកិច្ចសហប្រតិបត្តិការបីប្រទេស ដើម្បីជំរុញគ្នាទៅវិញទៅមក។ យើងឃើញមានការផ្លាស់ប្តូរច្រើននៅក្នុងតំបន់ហ្នឹង មានការកសាងផ្លូវ ការទប់ស្កាត់ការជួញដូរគ្រឿងញៀន លំហូរនៃពលករ ការទំនាក់ទំនងវិស័យសុខាភិបាលដោយសារតំបន់ត្រីកោណហ្នឹងនៅឆ្ងាយពី រាជធានីភ្នំពេញ»។
លោក សៀង ថៃ មានសុទិដ្ឋនិយម ថាតំបន់ត្រីកោណ CLV ដែលកម្ពុជា មានខេត្ត រតនគីរី មណ្តលគីរី ស្ទឹងត្រែង និងក្រចេះ នឹងក្លាយជាប៉ូលសេដ្ឋកិច្ចថ្មីសម្រាប់កម្ពុជា។
បើតាម ឯកឧត្តម ឈាង វុន ដំណើរការវិវត្តរបស់តំបន់ត្រីកោណគឺជាទិន្នន័យជាមូលដ្ឋានសម្រាប់ ការជួបពិភាក្សា ជាមួយសមាជិកសមាជិកាសភានៃប្រទេសឡាវ និងវៀតណាម នាពេលខាងមុខ ពិសេសក៏ដើម្បីជួយជំរុញ រដ្ឋាភិបាលនៃប្រទេសទាំងបី ក្នុងការអភិវឌ្ឍន៍តំបន់ត្រីកោណអោយកាន់តែមានការរីក ចម្រើនឡើងថែមទៀត។
គួរបញ្ជាក់ថា ក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាមត្រូវបានបង្កើតឡើងក្នុងគោលបំណងនៃការបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ CLV ក្រោមគំនិតផ្តួចផ្តើមប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបី កាលពីឆ្នាំ១៩៩៩៕
- Video Advertisement -