រដ្ឋាភិបាលអនុម័តគម្រោងសាងសង់សណ្ឋាគារធំៗចំនួន ២ កន្លែង ទំហំទឹកប្រាក់ជាង ១០០ លានដុល្លា
រូបគំរូសណ្ឋាគារជាប់ឆ្នេរសមុទ្រ
កាលពីថ្មីៗនេះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចំនួនពីរបានទទួលការអនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងការបណ្ដាក់ទុនជាង ១០០ លានដុល្លារអាមេរិកក្នុងការសាងសង់សណ្ឋាគារប្រណីតចំនួន ២ កន្លែង នៅក្នុងខេត្តព្រះសីហនុ ដែលនឹងជួយផ្តល់ការងារដល់ប្រជាជនក្នុងតំបន់ជាង ២ ពាន់នាក់។
ក្រុមហ៊ុនទាំងពីរខាងលើរួមមាន ក្រុមហ៊ុន Nan Hai Real Estate Development Co., Ltd និងក្រុមហ៊ុន Hein Li Properties Co., Ltd គ្រោងនឹងសាងសង់សណ្ឋាគារលំដាប់ផ្កាយ ៥ និងផ្កាយ ៤ ។
ក្នុងនោះដែរ ក្រុមហ៊ុន Nan Hai Real Estate Development Co., Ltd នឹងសាងសង់សណ្ឋាគារលំដាប់ផ្កាយប្រាំដែលមានបន្ទប់សរុបចំនួន ៥០០ បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងស្ថិតនៅភូមិ ១ សង្កាត់លេខ ៣ ខេត្តព្រះសីហនុ។ គម្រោងនេះនឹងត្រូវចំណាយដើមទុនអស់ប្រមាណជាង ៨៦,៥៦ លានដុល្លារ ហើយនឹងផ្តល់ការងារជូនប្រជាពលរដ្ឋចំនួន ១,៨៤៨ កន្លែង។
ចំណែកឯ ក្រុមហ៊ុន Hein Li Properties Co., Ltd នឹងសាងសង់សណ្ឋាគារ និង រីសតលំដាប់ផ្កាយ ៤ នៅភូមិ ១ សង្កាត់លេខ ៣ ខេត្តព្រះសីហនុុ ដែលនឹងមានបន្ទប់សរុបចំនួន ១៤៩ បន្ទប់។ គម្រោងនេះ នឹងត្រូវចំណាយទឹកប្រាក់ប្រមាណ ៣៩,៣ លានដុល្លារ ម្យ៉ាងវិញទៀតនេះគឺជាការបង្កើតឱកាសការងារដល់ប្រជាជនក្នុងស្រុកបានដល់ទៅ ២៤១ កន្លែង។
ជាក់ស្តែងណាស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយកន្លងមកនេះ ខេត្តព្រះសីហនុបាននឹងកំពុងមានសន្ទុះយ៉ាងខ្លាំងក្នុងវិស័យសំណង់នឹងអចលនទ្រព្យ ដូចដែលបានឃើញស្រាប់ ឥឡូវនេះមានគម្រោងអភិវឌ្ឍន៍ជាច្រើនបានបង្ហាញខ្លួនក្នុងខេត្តមួយនេះ ដូចជាសណ្ឋាគារ លំនៅដ្ឋាន កន្លែងកម្សាន្ត និងគម្រោងអភិវឌ្ឍន៍ចម្រុះផងដែរ។
បច្ចុប្បន្ននេះមានសណ្ឋាគារជាង ៨០ និងផ្ទះសំណាក់ប្រហែល ៣០០០កន្លែង កំពុងដំណើរការនៅក្នុងខេត្តព្រះសីហនុ ។ ដោយឡែក ឆ្នាំនេះមានគម្រោងសណ្ឋាគារចំនួន ១០ ឬស្មើនឹងជាង ១០០០ បន្ទប់ បន្ថែមទៀតគ្រោងនឹងបញ្ចប់ការសាងសង់របស់ខ្លួននាពេលចុងឆ្នាំខាងមុខនេះ។

- Video Advertisement -