របាយការណ៍ដំបូងបង្អស់នៅកម្ពុជាដែលព្យាករវិស័យអចលនទ្រព្យក្នុងរយៈពេល៣០ឆ្នាំបានដាក់ចេញជាផ្លូវការ
បន្ទាប់ពីធ្វើការចងក្រង និងរៀបរៀងយ៉ាងល្អិតល្អន់អស់រយៈពេលជាច្រើនឆ្នាំមក របាយការណ៍ព្យាករវិស័យអចលនទ្រព្យទាំង១០ចំណុចនៅរាជធានីភ្នំពេញក្នុងរយៈពេល៣០ឆ្នាំ ដែលជារបាយការណ៍ដ៏ធំ និងដំបូងបង្អស់នៅកម្ពុជា បានដាក់ចេញជាផ្លូវការហើយ។
ដើម្បីស្វែងយល់កាន់តែច្បាស់អំពីរបាយការណ៍ខាងលើនេះ ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំ បានជួបពិភាក្សាជាមួយលោក ហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា Vtrust Appraisal Cambodia ដែលជាផលិតករបស់របាយការណ៍កម្រាសប្រមាណជា ៣០០ ទំព័រមួយនេះ។
តើរបាយការណ៍«ភ្នំពេញ២០៣០៖ការព្យាករណ៍១០ចំណុចអំពីវិស័យអចលនទ្រព្យ»គឺជាអ្វី?
របាយការណ៍នេះគឺជាការចងក្រងទិន្នន័យអចលនទ្រព្យនៅរាជធានីភ្នំពេញក្នុងរយៈពេល១០ឆ្នាំថយក្រោយ និងរយៈ១០ឆ្នាំទៅមុខ ពោលគឺចាប់ពីឆ្នាំ២០០១ដល់ឆ្នាំ ២០១៨ និងចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០៣០។ យើងធ្វើការវិភាគទស្សន៍ទាយតាមបែបទស្សន៍ទាយទៅថ្ងៃអនាគតថាទីផ្សារអចលនទ្រព្យ នឹងដល់ណានាពេលអនាគត។ ក្នុងនោះ យើងសិក្សាទៅលើចំណុច១០រួមមាន៖ ១) ភូមិសាស្រ្ត និងប្រជាសាស្រ្ត ២) វិស័យសំណង់ ៣) ទីផ្សារលំនៅដ្ឋាន ៤) ទីផ្សារលក់រាយ និងការិយាល័យ ៥) ទីផ្សារដីឡូតិ៍៦) ទីផ្សារឧស្សាហកម្ម ៧) ទេសចរណ៍ និងបដិសណ្ឋារកិច្ច ៨) សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៩) នគរូបនីយកម្មនិងការពង្រីកទីក្រុង និង ១០) ហេដ្ឋារចនាសម្ពន័្ធទីក្រុង។
តើហេតុអ្វីបានជាក្រុមហ៊ុន Vtrust ធ្វើការចងក្រងរបាយការណ៍ដ៏ធំមួយនេះឡើង?
ដោយសារយើងមើលឃើញថា ទីផ្សារអចលនទ្រព្យមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៩០ជាងមកម្ល៉េះ ហើយចាប់ពីឆ្នាំ ២០១០មក ក្រុមហ៊ុនអចលនទ្រព្យបានចាប់ផ្តើមរីកដូចផ្សិត។ តែទោះបីជារីកច្រើនក៏ពិតមែន ពួកគាត់ធ្វើតាមតែទំនៀមទម្លាប់របស់ពួកគាត់ ហើយព័ត៌មានគាត់ក៏ខ្វះដែរ។ ព័ត៌មានទៅលើវិស័យអចលនទ្រព្យអត់មានអ្នកធ្វើទេ អញ្ចឹងដល់រយៈពេលប៉ុន្មានឆ្នាំនេះ យើងមើលឃើញថាយើងត្រូវការទិន្នន័យទាំងអស់នេះ។
តើរបាយការណ៍ខាងលើនេះពឹងផ្អែកទៅលើកត្តាអ្វីខ្លះសម្រាប់ធ្វើការវិភាគ?
របាយការណ៍ខាងលើយើងមើលថាតើ កត្តាអីខ្លះដែលចូលរួមក្នុងការធ្វើឲ្យវាមានការប្រែប្រួល។ អញ្ចឹងមានកត្តាចូលរួមដូចជាសេដ្ឋកិច្ចឡើងចុះ កត្តានយោបាយ កត្តាភូមិសាស្រ្ត ការវិនិយោគពីចិន ជប៉ុន និងកូរ៉េ និងលក្ខណៈបច្ចេកទេសដទៃទៀត។ យើងប្រមូលទិន្និន័យរាប់ឆ្នាំ បានន័យថា រយៈពេល៦ទៅ៧ឆ្នាំ យើងធ្វើការប្រមូលទិន្នន័យចាស់ៗដែលមានស្រាប់ ហើយយកមកចងក្រងទុកជាឯកសារ បន្ទាប់មក រយៈពេល១០ខែចុងក្រោយនេះ គឺយើងចាប់ផ្តើមធ្វើការវិភាគម្តងមួយៗ។ យើងមានក្រុមការងារដើម្បីចុះទៅស្រង់ទិន្នន័យពីរាល់ទីតាំងដើម្បីដាក់បញ្ចូលទៅក្នុងប្រព័ន្ធរបស់យើង។ យើងមានរបៀបនៃការចុះទៅរាប់ចំនួនផ្ទះទៀតផង។
តើរបាយការណ៍នេះមានសារៈសំខាន់អ្វីខ្លះ និងសម្រាប់អ្នកណា?
ក្រុមហ៊ុនយើងមើលឃើញមុនគេ បើសិនជាយើងមានទិន្នន័យច្បាស់លាស់ឲ្យខាង developer [អ្នកអភិវឌ្ឍន៍គម្រោង] ខាងធនាគារ និងខាងស្ថាបន័ដែលពាក់ពន័្ធ គាត់មានជាទស្សៈវិស័យមួយច្បាស់លាស់ ជាជាងដែលគាត់ធ្វើតាមការប៉ាន់ស្មាន ។ នៅពេលដែលគាត់មានព័ត៌មានច្បាស់លាស់ គាត់អាចរៀបចំផែនការ យុទ្ធសាស្រ្តអាជីវកម្ម ដើម្បីឲ្យជោគជ័យនៅក្នុងស្ថាប័នរបស់គាត់។ អ្នកដែលទទួលអត្ថប្រយោជន៍ច្រើនគឺខាងអ្នកអភិវឌ្ឍន៏ដូចជាបុរី ក្រុមហ៊ុនសាងសង់អគារផ្សេងៗ ខុនដូរ ឬក៏ក្រុមហ៊ុនសាងសង់ផ្សារទំនើប ហើយជាពិសេសជាងនេះទៅទៀតនោះគឺ វិនិយោគិនពីបរទេស ដែលពួកគេត្រូវពឹងផ្អែកខ្លាំងលើទិន្នន័យទាំងនេះមុននឹងធ្វើការវិនិយោគមកកម្ពុជា។ ក្រុមហ៊ុនទាំងអស់ នឹងរីករាយជាមួយព័ត៌មានដែលយើងមាន។ ពួកគាត់នឹងដឹងថាក្នុងមួយឆ្នាំៗ វិស័យអចលនទ្រព្យមានកំណើនប៉ុណ្ណា ឆ្នាំនេះប៉ុណ្ណា ឆ្នាំមុនប៉ុណ្ណា ហើយឆ្នាំទៅមុខប៉ុណ្ណា។
ក្នុងនោះដែរ លោក ហេង ពណ្ណរាយ អ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មជាន់ខ្ពស់របស់ក្រុមហ៊ុនអភិវឌ្ឍន៍ជប៉ុនឈ្មោះថា Creed Group ដែលបានជាវរបាយការណ៍នេះបានមានប្រសាសន៍ថា៖ «ស្រុកខែ្មរអ្វីដែលសំខាន់គឺព័ត៌មាន ហើយយើងបានព័ត៌មានទាំងអស់នឹង យើងអាចយកមកវិភាគតែចំណុចណាដែលសំខាន់ ជាពិសេស ពួកខ្ញុំជាអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន អញ្ចឹងយើងវិភាគទៅលើលំនៅដ្ឋានថាតើយើងអាចយកមកអភិវឌ្ឍជាអី តម្លៃខ្ពស់កម្រិតណា និងសម្រាប់អ្នកណា….អញ្ចឹងព័ត៌មានទាំងអស់នឹងគឺល្អសម្រាប់ពួកខ្ញុំ»។
ជាងនេះទៀត អ្នកប្រកបអាជីវកម្មផ្នែកអចលនទ្រព្យមួយរូបសុំមិនបញ្ចេញឈ្មោះបានមានប្រសាសន៍ដែរថា៖ «អ្នករកស៊ីនៅស្រុកខ្មែរយើងគឺភាគច្រើនរកស៊ីតាមគ្នា។ គាត់អត់មានយកទិន្នន័យមកផ្អែកសម្រាប់វិភាគទីផ្សារនោះទេ អញ្ចឹង បើគេខុស គាត់ខុសដែរ!»។
តើរបាយការណ៍ខាងលើនេះមានលក់នៅទីណាហើយតម្លៃប៉ុន្មាន?
របាយការណ៍យើងចំណាយអស់រយៈពេលមិនតិចជាង១០ម៉ឺនដុល្លារអាមេរិកនោះទេ គួបផ្សំជាមួយនឹងកម្លាំងដែលយើងធ្វើការប្រមូលទិន្នន័យរាប់សិបឆ្នាំមកហើយ។ យើងលក់ក្នុងតម្លៃ ២០០០ ទៅ ៣០០០ ដុល្លារអាមេរិក រួមមានឯកសារបោះពុម្ភ និងឯកសារ soft copy ជាមួយនឹងលេខកូតសម្ងាត់អាចប្រើបានតែក្នុងក្រុមការងាររបស់គាត់ទេ។ ប្រសិនជាគាត់ចង់ទិញផ្នែកណាមួយនៃកញ្ចប់ គឺយើងមានជា subscription វិញ មានន័យថា គាត់ចង់ទិញបីមុខ គាត់ subscription បីមុខ។
អត្ថបទសម្ភាសន៍ខាងលើនេះ ត្រូវបានកែសម្រួលពាក្យពេចខ្លះៗដើម្បីសម្រួលដល់ការអាន។
- Video Advertisement -