របាយការណ៍ព្យាករណ៍បឋមសម្រាប់វិស័យអចលនទ្រព្យដល់ឆ្នាំ២០៣០ត្រូវបានដាក់សម្ពោធ
ដើម្បីចូលរួមលើកកម្ពស់វិស័យអចលនទ្រព្យនៅកម្ពុជាក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា Vtrust Appraisal Cambodiaបានដាក់សម្ពោធជាបឋមនៃរបាយការណ៍ព្យាករណ៍សម្រាប់វិស័យអចលនទ្រព្យក្នុងរាជធានីភ្នំពេញ។
កាលពីព្រឹកថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៨ ក្រុមហ៊ុនVtrustបានធ្វើការបង្ហាញព័ត៌មានបឋមទាក់ទងទៅនឹងទីផ្សារអាផាតមិននៅទីក្រុងភ្នំពេញដែលព័ត៌មាននេះគឺជាផ្នែកមួយនៃរបាយការណ៍ទាំងមូលដែលមានចំណងជើងថា៖«ភ្នំពេញ២០៣០៖ការព្យាករណ៍១០ចំណុចអំពីវិស័យអចលនទ្រព្យ»។
តាមការបង្ហាញខាងលើ ទីផ្សារអាផាតមិនមានចំនួនសរុបរហូតដល់ទៅ ៩.០២១ យូនីតក្នុងចំណោមអគារអាផាតមិនទាំង ៣៥៥ គម្រោងនៅក្នុងខណ្ឌទាំង១២នៃរាជធានីភ្នំពេញហើយតួរលេខនេះនឹងកើនឡើងរហូតដល់ទៅ ២៨.០០០យូនីតត្រឹមឆ្នាំ២០៣០។
ថ្លែងក្នុងកម្មវិធីសម្ពោធខាងលើ លោក គុយ វ៉ាត អគ្គនាយកក្រុមហ៊ុនVtrustបានមានប្រសាសន៍យ៉ាងដូច្នេះថា«របាយការណ៍នេះនឹងចូលរួមក្នុងវិស័យអចលនទ្រព្យឲ្យដំណើរការល្អហើយមាននិរន្តរភាព…វិស័យអចលនទ្រព្យមានដំណើរការល្អវានឹងទាក់ទាញទៅលើវិស័យផ្សេងៗ»។
ជាងនេះទៅទៀត បណ្តាក្រុមហ៊ុនដែលបានចូលរួមការសម្ពោធបឋមខាងលើនេះក៏បានចាប់អារម្មណ៍ទិញរបាយការណ៍ខាងលើដោយហេតុថាវាពិតជាផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ពិតមែន។ លោក ហេង ពណ្ណរាយ អ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មជាន់ខ្ពស់របស់ក្រុមហ៊ុនអភិវឌ្ឍន៍ជប៉ុនឈ្មោះថា Creed Groupបានឲ្យដឹងថាក្រុមហ៊ុនលោកក៏បានធ្វើការជាវរបាយការណ៍នេះផងដែរ។
លោកបានមានប្រសាសន៍ថា៖«ស្រុកខែ្មរអ្វីដែលសំខាន់គឺព័ត៌មានហើយយើងបានព័ត៌មានទាំងអស់នឹងយើងអាចយកមកវិភាគតែចំណុចណាដែលសំខាន់ជាពិសេសពួកខ្ញុំជាអ្នកអភិវឌ្ឍន៍លំនៅដ្ឋានអញ្ចឹងយើងវិភាគទៅលើលំនៅដ្ឋានថាតើយើងអាចយកមកអភិវឌ្ឍជាអី តម្លៃខ្ពស់កម្រិតណានិងសម្រាប់អ្នកណា….ចឹងព័ត៌មានទាំងអស់នឹងគឺល្អសម្រាប់ពួកខ្ញុំ»។
ទន្ទឹមនឹងនេះដែរលោក ហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុនVtrustក៏បានឲ្យដឹងដែរថារបាយការណ៍នេះគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងក៏ដូចជាអ្នកពាក់ពន័្ធទៅនឹងវិស័យអចលនទ្រព្យទាំងអស់ដោយហេតុថាព័ត៌មានទាំងនេះគឺអាចជឿទុកចិត្តបានរហូតដល់ទៅ ៩៥ ភាគរយឯណោះ។
តាមការបញ្ជាក់របស់លោក ហ៊ឹម សីហារបាយការណ៍ព្យាករណ៍ខាងលើនេះគឺត្រូវបានចងក្រងឡើងដោយពឹងផ្នែកទៅលើកត្តាសំខាន់ចំនួនបីរួមមាន៖ ១) កត្តាកំណើននិងស្ថេរភាពសេដ្ឋកិច្ចកម្ពុជា ២) ហេតុផលពាក់ព័ន្ធដូចជាកំណើនទីផ្សារនីមួយៗនិងការមើលពីអតីតកាល និង ៣) ការវិវត្តន៍របស់អ្នកស្នាក់នៅដូចជាចំនួនបរទេសកើនឡើងជាដើមដែលកត្តា ទាំងអស់នេះគឺត្រូវបានយកមកបញ្ចូលដើម្បីវិភាគទៅលើការព្យាករណ៍នេះ។
សូមបញ្ជាក់ជូនថារបាយការណ៍ព្យាករណ៍នេះនឹងត្រូវបញ្ចប់ការស្រាវជ្រាវហើយបោះពុម្ភជាផ្លូវការចំនួន៥០ក្បាលក្នុងខែមិនាឆ្នាំ ២០១៩ ខាងមុខនេះដែលនឹងមានព័ត៌មានពាក់ពន័្ធទៅលើការវិវត្តន៍ផ្នែកសំខាន់ៗចំនួន១០រួមមាន ១) ភូមិសាស្រ្ត និងប្រជាសាស្រ្ត ២) វិស័យសំណង់ ៣) ទីផ្សារលំនៅដ្ឋាន ៤) ទីផ្សារលក់រាយនិងការិយាល័យ ៥) ទីផ្សារដីឡូតិ៍៦) ទីផ្សារឧស្សាហកម្ម ៧) ទេសចរណ៍និងបដិសណ្ឋារកិច្ច ៨) សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៩) នគរូបនីយកម្មនិងការពង្រីកទីក្រុង និង ១០) ហេដ្ឋារចនាសម្ពន័្ធទីក្រុង។
របាយការណ៍ព្យាករណ៍កម្រាសប្រមាណជា ៣០០ ទំព័រនេះគឺនឹងដាក់លក់ក្នុងតម្លៃប្រមាណជា ៣០០០ ដុល្លារអាមេរិកក៏ប៉ុន្តែនឹងមានការបញ្ចុះតម្លៃសម្រាប់ការកក់ចាប់ពីពេលនេះតទៅ។

- Video Advertisement -