រយៈពេល ៩ខែ កម្ពុជាចុះបញ្ជីយានយន្តអគ្គិសនីបានជាង ១ម៉ឺនគ្រឿង, ខណៈការប្រើប្រាស់កំពុងកើន

គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជា ចុះបញ្ជីយានយន្តអគ្គិសនីបានចំនួន ១០.៥៦៨គ្រឿង ខណៈនិន្នាការប្រើប្រាស់យានយន្តប្រភេទនេះនៅកម្ពុជា កំពុងបន្តកើនឡើងខ្លាំង។ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តម ផន រឹម បានឱ្យដឹងទៀតថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥នេះ យានយន្តអគ្គិសនី ដែលបានចុះបញ្ជីនៅកម្ពុជាមានចំនួន ១០.៥៦៨គ្រឿង ក្នុងនោះរថយន្តមានចំនួន ៧.១៨៧គ្រឿង ត្រីចក្រយានយន្តចំនួន ៦៧១គ្រឿង និងទោចក្រយានយន្តចំនួន ២.៧១០គ្រឿង។

ជាមួយគ្នានេះ ឯកឧត្តមាថា នៅកម្ពុជានិន្នាការយានយន្ត EV មានការកើនឡើងច្រើន ជាក់ស្តែងរយៈពេល ៨ខែ ឆ្នាំ២០២៥ កន្លងទៅនេះ យានយន្ត EV ចុះបញ្ជីសរុប ៥.៥៧១គ្រឿង ក្នុងនោះមានរថយន្ត ៤.២៥១គ្រឿង, ត្រីចក្រយាន ១៦៧គ្រឿង និងទោចក្រយានយន្ត ១.១៥៣គ្រឿង។

ហេតុនេះ បន្ទាប់ពីមាននិន្នាការកើនឡើងសម្រាប់យានយន្ត EV នេះ ឯកឧត្តមបន្តថា ក្រសួង ក៏កំពុងតែបានបន្តគិតគូរទៅលើការដាក់សញ្ញាសម្គាល់បន្ថែមទៅលើផ្លាកលេខ ទាំងរថយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្ត ដែលគម្រោងនេះនឹងអាចចេញជារូបរាងនៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីឆ្នាំ២០២៤-២០៣០ ដោយមានគោលដៅជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានជាង ៧៧ម៉ឺនគ្រឿងនៅឆ្នាំ២០៣០៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង