រាជរដ្ឋាភិបាលទម្លាក់កញ្ចប់ថវិកា ១៥០លានដុល្លារ លើកកម្ពស់វិស័យទេសចរណ៍

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ឲ្យអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជម្រុញកំណើនក្នុងវិស័យមួយនេះ ដោយប្រើ​ប្រាស់កញ្ចប់ថវិកាសរុបចំនួន ១៥០លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ក្រោយវិបត្តិកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២២។

កញ្ចប់ថវិកាសរុបនេះ ជាការច្របាច់បញ្ចូលគ្នារវាងថវិកាបដិភាគពីរាជរដ្ឋាភិបាលចំនួន ៧៥លានដុល្លារអាមេរិក តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួន ៧៥លានដុល្លារ។

រាជរដ្ឋាភិបាល នឹងប្រើប្រាស់ថវិកានេះ ផ្តោតជាសំខាន់តែទៅលើវិស័យទេសចរណ៍តែប៉ុណ្ណោះ ដោយជំរុញប្រតិបត្តិការអាជីវកម្មឡើងវិញ ការកែលម្អ ការពង្រីកសេវាកម្ម ដើម្បីត្រៀមទទួលភ្ញៀវជាតិ និងអន្តរជាតិ ក្រោយវិបត្តិកូវីដ១៩ បានធូរស្រាល។

តាមរយៈគម្រោងនេះ សហគ្រាសក្នុងវិស័យទេសចរណ៍ដែលរងផលប៉ះពាល់ពីវិបត្តិកូវដី១៩ អាចស្នើសុំឥណទានពីគ្រឹះសា្ថនសាធារណៈចូលរួម ដែលជាដៃគូរបស់ SME Bank ក្នុងអត្រាការប្រាក់សម្បទាន។

ជាមួយគ្នានេះផងដែរ កន្លងមក រដ្ឋក៏បានសម្រេចបន្ដការអនុគ្រោះពន្ធដល់វិស័យទេសចរណ៍ សណ្ឋាគារ និងអាកាសចរណ៍ រហូតដល់ខែមិថុនា ឆ្នាំ២០២២ ដើម្បីផ្តល់ការគាំទ្របន្ថែម ដល់ធុរជនពាក់ព័ន្ធក្នុងការកែលម្អ និងត្រៀមខ្លួនទទួលស្វាគមន៍ភ្ញៀវទេសចរក្រោយបើកប្រទេសពេញលេញ។ (អានបន្ថែម)

- Video Advertisement -