រូបសំណាក់ “រូបពីរ” ដំណាងសាមគ្គីភាពកម្ពុជា-បារាំង នឹងត្រូវសង់ឡើងវិញនៅភ្នំពេញ

រូបសំណាក់ “រូបពីរ” ឬ Monument aux Morts ជាភាសាបារាំង ដំណាងពីសាមគ្គីភាពរវាងកម្ពុជា និងបារាំង ដែលត្រូវបានវាយកម្ទេចចោល ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ នឹងត្រូវសាងសង់ឡើងវិញ ស្ថិតនៅមុខស្ថានទូតបារាំង ក្បែរវង្វង់មូលគួចកានុង ស្ពានជ្រោយចង្វារ។​

គម្រោងសាងសង់ឡើងវិញ រូបសំណាក់នេះ ត្រូវបានលើកឡើងដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា ក្នុងជំនួបជាមួយប្រធានាធិបតីបារាំង  Emmanuel Macron នាទីក្រុងបារីស កាលពីថ្ងៃទី១៣ ខែធ្នូ។​ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅថ្ងៃទី១៤ ខែធ្នូ។​

សម្តេចតេជោ លើកឡើងថា រូបសំណាកនេះត្រូវបានប្រទះឃើញ៣ថ្ងៃមុន ដំណើរសម្តេចតេជោទៅកាន់ប្រទេសបារាំង។

សម្តេចតេជោ បានថ្លែងថា៖«ខ្ញុំបា​នយល់ព្រមជាមួយរដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្មរួចហើយ យើងនឹងកសាងរូបសំណាកនេះឡើងវិញ ដែលជានិមិត្តរូបនៃការសាមគ្គីភាពរវាងបារាំង និងកម្ពុជា ហើយដាក់នៅទល់មុខស្ថានទូតបារាំងតែម្ដង»។

សូមបញ្ជាក់ថា រូបសំណាកនេះ ត្រូវបានសាងសង់ក្នុងឆ្នាំ១៩២៥ ហើយត្រូវបានខ្មែរក្រហមវាយកម្ទេចចោលក្នុងឆ្នាំ ១៩៧៧។  សព្វថ្ងៃនេះចំណែកខ្លះស្ថិតនៅសារមន្ទីរជាតិ ក្រុងភ្នំពេញ។

- Video Advertisement -