រោងចក្រដំឡើងរថយន្តអគ្គិសនីដំបូងគេរបស់ចិននៅកម្ពុជា បើកការដ្ឋានសាងសង់នៅព្រះសីហនុហើយ

ក្រុមហ៊ុន BYD Cambodia Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BYD Auto Industry ដ៏ល្បីល្បាញនៅប្រទេសចិន បានចាប់ផ្តើមសាងសង់ជាផ្លូវការនូវរោងចក្រដំឡើងរថយន្តអគ្គិសនី (EV) ដំបូងបង្អស់របស់ខ្លួននៅក្នុងប្រទេសកម្ពុជាហើយ។ រោងចក្រនេះមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

ពិធីបើកការដ្ឋានសាងសង់នេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទីទី២៨ ខែមេសា ឆ្នាំ២០២៥។

រោងចក្រដំឡើងរថយន្ត BYD Cambodia នេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែតុលា ឆ្នាំ២០២៥នេះ និងចាប់ផ្តើមដំណើការផលិតកម្មដំឡើងរថយន្តអគ្គិសនីជាលើកដំបូងនៅកម្ពុជា នាដើមខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។

បើតាមការបញ្ជាក់របស់ក្រុមហ៊ុនកន្លងមក ​ ក្រុមហ៊ុនគ្រោងនឹងបណ្ដាក់ទុនប្រមាណ ៣២លានដុល្លារអាម៉េរិក សម្រាប់ដំណាក់កាលទី១ លើការបង្កើតរោងចក្រផ្គុំដំឡើងយានយន្តប្រភេទ CKD នៅលើផ្ទៃដីប្រមាណ ១២ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រាប់ដំឡើងរថយន្តអគ្គិសនីសុទ្ធ (EV) និងអគ្គិសនីលាយសាំង (PHEV) ជាមួយនឹងសមត្ថភាពដំឡើងរថយន្តប្រមាណ ១ម៉ឺនគ្រឿង ក្នុងមួយឆ្នាំៗ ទៅតាមដំណាក់កាល។ (អានបន្ថែម)

ក្នុងសុន្ទរកថាប្រកាសបើកការដ្ឋានខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីការកើនឡើងនៃគម្រោងវិនិយោគ ក៏ដូចជាវត្តមានរបស់ក្រុមហ៊ុន BYD នៅកម្ពុជា ដែលបង្ហាញឱ្យឃើញពីការជឿទុកចិត្តរបស់វិនិយោគិនមកលើរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការជំរុញផ្សព្វផ្សាយនូវច្បាប់ស្ដីពីវិនិយោគ ការគោះទ្វារវិនិយោគនៅក្រៅប្រទេស ព្រមទាំងការធ្វើសាមញ្ញកម្មនីតិវិធីពាក់ព័ន្ធនានា។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុន BYD ពិនិត្យលទ្ធភាពជំរុញឱ្យរោងចក្រដែលជាខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនមកវិនិយោគនៅកម្ពុជាបន្ថែមទៀតផងដែរ។

ការបង្កើតរោងចក្រដំឡើងនេះ គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មរថយន្តរបស់កម្ពុជា និងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះដំណោះស្រាយដឹកជញ្ជូនប្រកបដោយនិរន្តរភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋាភិបាលកម្ពុជាប្រកាសបញ្ចេញថវិកាទ្រង់ទ្រាយធំ ដើម្បីពង្រាយស្ថានីយ៍សាកអាគុយរថយន្តអគ្គិសនីនៅទូទាំងប្រទេស

រដ្ឋាភិបាលកម្ពុជា ប្រកាសបញ្ចេញថវិកាទ្រង់ទ្រាយ​បប​ធំ ដើម […]

រយៈពេល ៩ខែ កម្ពុជាចុះបញ្ជីយានយន្តអគ្គិសនីបានជាង ១ម៉ឺនគ្រឿង, ខណៈការប្រើប្រាស់កំពុងកើន

គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជា ចុះបញ្ជីយា […]