រ៉ូយ៉ាល់គ្រុប ចាប់ដៃគូក្រុមហ៊ុនសឹង្ហបុរីអភិវឌ្ឍន៍អគារខុនដូរនៅខណ្ឌទួលគោក
រូបភាពដោយ Hong Lai Huat Group Limited
ក្រុមហ៊ុន Royal Group និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Hong Lai Huat Group Limited មកពីប្រទេសសឹង្ហាបុរី បានចាប់ដៃគូគ្នា អភិវឌ្ឍគម្រោងលំនៅដ្ឋាន បែបខុនដូរ កម្ពស់២៨ជាន់ នៅខណ្ឌទួលគោក។
គម្រោងអភិវឌ្ឍន៍ ដែលមានឈ្មោះ Royal Platinum Condominium ត្រូវបានបើកការដ្ឋានសាងសង់ហើយ កាលពីថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១។
គម្រោង Royal Platinum Condominium មានបន្ទប់ស្នាក់នៅសរុប ៨៥១បន្ទប់ និងមានហាងអាជីវកម្ម ៥០ហាង។ គម្រោងនេះ មានផ្ទៃអគារទំហំ ១០ ម៉ឺនម៉ែត្រការ៉េ មានអាងហែលទឹក សួនច្បារ កន្លែងក្មេងលេង ភោជនីយដ្ឋាន និងចំណតរថយន្តធំទូលាយ។
ទោះជាយ៉ាងណា ក្រុមហ៊ុនមិនបានប្រកាសឲ្យដឹងអំពីទុនវិនិយោគនៃគម្រោងនេះនោះទេ ។
លោក Ryan Ong Jia Ming តំណាងក្រុមហ៊ុន Royal Platinum បានមានប្រសាសន៍ថា ការអភិវឌ្ឍន៍នេះនឹងផ្តល់អត្ថប្រយោជន៍ដល់អតិថិជន និងលើកកម្ពស់ស្តង់ដារស់នៅរបស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។
លោក Ryan On Jia Ming មានប្រសាសន៍ថា៖ «គម្រោងអភិវឌ្ឍន៍នឹងត្រូវស្ថាបនាឡើងដោយស្របតាមស្តង់ដារគុណភាពអន្តរជាតិ។ ក្រុមហ៊ុន Royal Group និងក្រុមហ៊ុន Hong Lai Huat Group ប្តេជ្ញាផ្តល់នូវលំនៅដ្ឋានសុវត្ថិភាព និងគុណភាពខ្ពស់ ជាមួយនឹងការបំពាក់គ្រឿងបរិក្ខារទំនើបៗសម្រាប់ប្រជាជនកម្ពុជា»។
លោក សន សៀប ស្ថាបនិក និងជានាយកក្រុមហ៊ុននអចលនទ្រព្យ Key Real Estate បានប្រាប់ថា ទីតាំងនៃគម្រោង Royal Platinum ចាប់មានសក្តានុពលខ្លាំងក្នុងការទាក់ទាញអតិថិជនឲ្យចង់ទៅរស់នៅ ព្រោះបច្ចុប្បន្នតំបន់ទួលគោក កំពុងវិវឌ្ឍទៅជាកន្លែងដែលល្អបំផុតសម្រាប់រស់នៅ ដោយសារដីនៅតំបន់នេះនៅសល់ធំទូលាយ។
ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ លោក សន សៀប មានប្រសាសន៍ថា៖ «តំបន់ទួលគោកកំពុងក្លាយជាចំណុចកណ្តាលនៃទីក្រុងភ្នំពេញ ដោយសារវារីកទៅខាងសែនសុខនឹងច្រើន បើយើងមើលដី និងហេដ្ឋរចនាសម្ព័ន្ធរបស់ទួលគោក ដីមានទំហំរៀងធំៗ ហេដ្ឋារចនាសម្ព័ន្ធក៏ល្អស្រាប់ ហើយទួលគោកជាតំបន់ស្នាក់លេខពីរ បន្ទាប់ពីបឹងកេងកង១»។
តាមលោក សន សៀប បច្ចុប្បន្នដីនៅទីតាំង ទួលគោក មានតម្លៃជាមធ្យម ចន្លោះពី ២ ៥០០ ដុល្លារ ទៅដល់ ៣ ០០០ ដុល្លារ ក្នុង ១ ម៉ែត្រការ៉េ។
បច្ចុប្បន្ននេះក្រុមហ៊ុន Royal Group កំពុងវិនិយោគលើអគារស្នាក់នៅ Royal One ដែលជាការចាប់ដៃគូរវាង Royal Group និង ក្រុមហ៊ុនសំណង់ចិន Huashi Group ក្នុងទឹកប្រាក់វិនិយោគប្រមាណ ១៥០លានដុល្លារ៕
- Video Advertisement -