វិនិយោគគិនចិន ៥០នាក់ មកស្វែងរកឱកាសវិនិយោគលើវិស័យអាទិភាពចំនួន៥ ក្នុងខេត្តកំពង់ស្ពឺ
អ្នកវិនិយោគិនប្រមាណជា ៥០នាក់ ដែលមកពីខេត្តជឺជាង ប្រទេសចិន បានបង្ហាញចំណាប់អារម្មណ៍ខ្លាំង ក្នុងការបោះទុនវិនិយោគ លើវិស័យអាទិភាពចំនួន ៥ ក្នុងខេត្តកំពង់ស្ពឺ។ នេះបើយោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។
បើតាមប្រសាសន៍របស់ឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មាន freshnews ថា អ្នកវិនិយោគចិនប្រមាណ៥០នាក់នេះ បានមកជួបពិភាក្សាជាមួយរដ្ឋបាលខេត្ត ដើម្បីស្វែងយល់បន្ថែមពីឱកាសបណ្តាក់ទុនវិនិយោគនៅក្នុងខេត្តមួយនេះ ដោយផ្តោតលើវិស័យសក្តានុពលចំនួន៥ រួមមាន៖ វិស័យកសិកម្ម វិស័យកសិឧស្សាហកម្ម វិស័យរ៉ែ និងថាមពល និងវិស័យឧស្សាហកម្មជាដើម។
ជាមួយគ្នានេះដែរ លោកឧកញ៉ា ជឹម ឃាង បានថ្លែងតំណាងឱ្យអ្នកវិនិយោគចិន ថា ការដាក់គោលដៅរបស់ក្រុមអ្នកវិនិយោគនេះ គឺដោយមើលឃើញពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ ជាពិសេសភូមិសាស្ត្រអំណោយផល និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរឹងមាំ ដែលផ្តល់ភាពងាយស្រួលសម្រាប់ការនាំយកកសិផលទៅកាន់កំពង់ផែ និងគោលដៅផ្សេងៗទៀត។ យ៉ាងណាក៏ដោយ ពួកគេក៏បានស្នើសុំជំនួយពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសរដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងការធានាឱ្យមានកម្លាំងពលកម្ម និងធនធានមនុស្សគ្រប់គ្រាន់ ដើម្បីសម្រួលដល់ដំណើរការនេះ។
បើតាមរដ្ឋបាលខេត្តកំពង់ស្ពឺ បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺ មានរោងចក្រសហគ្រាសប្រមាណជាង ៤០០កន្លែង និងមានកម្មករ និយោជិតជាង ១៦ម៉ឺននាក់ កំពុងធ្វើការ នៅក្នុងរង្វង់រោងចក្រ សហគ្រាសកាត់ដេរសម្លៀកបំពាក់ ស្បែកជើង របស់របរប្រើប្រាស់ និងរបស់ធ្វើដំណើរ។
ជាងនេះទៅទៀត រោងចក្រទាំង ៤០០កន្លែងនេះ មានវិនិយោគិនចិនជាង៩០% ទៅហើយ ដែលបានវិនិយោគលើគ្រប់វិស័យទាំងអស់។
គួររម្លឹកដែរថា ៦ខែ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី, គម្រោងពង្រីកផលិតកម្ម, និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារ។ប្រភពទុនវិនិយោគកម្ពុជា គឺប្រទេសចិនក្នុងទុនសរុប ៤២,៦៤%។ ក្នុងនោះដែរ គម្រោងវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺមាន ៤៣គម្រោង។ (អានបន្ថែម)
- Video Advertisement -