វិនិយោគិនចិនមានចំណាប់អារម្មណ៍ខ្លាំងលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា
កម្ពុជាបានជំរុញអ្នកវិនិយោគមកពីខេត្តហ៊ូណាន ប្រទេសចិន វិនិយោគលើវិស័យសំខាន់ៗនៅក្នុងប្រទេស ដែលរដ្ឋាភិបាលកម្ពុជាផ្តល់ការលើកទឹកចិត្ត ជាពិសេសទៅលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ធ្វើឲ្យកម្ពុជាមានភាពប្រកួតប្រជែង តាមរយៈការតភ្ជាប់ប្រសើរឡើងទាំងក្នុងប្រទេស និងតំបន់។
ថ្លែងនៅក្នុងពិព័រណ៍ស្តីពីការជំរុញការវិនិយោគ និងគ្រឿងចក្រឧស្សាហកម្ម ខេត្តហ៊ូណាន កាលពីថ្ងៃទី១៩ វិច្ឆិកា នៅរាជធានីភ្នំពេញ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា វិស័យហេដ្ឋារចនាសម្ព័ន្ធមានសារសំខាន់ណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការជួយសម្រួលដល់ពាណិជ្ជកម្ម និងការវិនិយោគ ការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រ។
ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ “រាជរដ្ឋាភិបាលកម្ពុជាពិតជាត្រូវការនូវការចូលរួមពីវិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានាដើម្បីវិនិយោគលើវិស័យសំខាន់ៗ ដែលរដ្ឋាភិបាលផ្តល់ការលើកទឹកចិត្ត”។
ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា គឺជារដ្ឋាភិបាល Pro-Business ដែលបានចាត់ទុកផ្នែកឯកជន គឺជាក្បាលម៉ាស៊ីន ដើម្បីអូសទាញឲ្យមានការរីកចម្រើនសេដ្ឋកិច្ចនៅក្នុងប្រទេស។
ក្រៅពីវិស័យហេដ្ឋារចនាសម្ព័ន្ធ ឯកឧត្តម ស៊ុន ចាន់ថុល បានជំរុញឲ្យវិនិយោគិនចិន ពិនិត្យលើវិស័យអទិភាពផ្សេងទៀត រួមមានដូចជា វិស័យឧស្សាហកម្មធុនស្រាល វិស័យឧស្សាហកម្មកែច្នៃ វិស័យផលិតកម្មកសិកម្ម ឬ កសិឧស្សាហកម្ម វិស័យផលិតកម្ម និងការកែច្នៃម្ហូបអាហារ វិស័យទេសចរណ៍ និងការអភិវឌ្ឍន៍ធនធានមនុស្ស។
គណៈប្រតិភូជាច្រើនមកពីខេត្តហ៊ូណានប្រទេសចិន មានក្រុមហ៊ុនធំៗបានមកសិក្សានិងពិនិត្យពីសក្ដានុពលផ្នែកសេដ្ឋកិច្ច ដោយផ្ដោតសំខាន់វិស័យឧស្សាហកម្ម កសិកម្ម គ្រឿងយន្តឧស្សាហកម្ម និងកសិកម្ម ព្រមទាំងវិស័យផ្សេងៗជាច្រើនទៀត។
លោក Du Jiahao សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស និងជាលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ខេត្តហ៊ូណាន បានលើកឡើងថា “វិនិយោគិនខេត្តហ៊ូណានបានមើលឃើញពីសក្ដានុពលនៅប្រទេសកម្ពុជាច្រើនណាស់ ហើយអ្វីដែលវិនិយោគិនទុកចិត្តខ្លាំងនោះ គឺកម្ពុជាមានស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស”៕
- Video Advertisement -