វិភាគ៖ តើការទិញអចលនទ្រព្យតែងតែប្រសើរជាងការជួលមែនឬទេ?

មនុស្សភាគច្រើនតែងយល់ថាការជួលអចលនទ្រព្យ ឬជួលផ្ទះគេនៅ គឺជាការខ្ជះខ្ជាយលុយ ព្រោះត្រូវបង់ថ្លៃជួលចោលជារៀងរាល់ខែ។ ជាជាងបង់ថ្លៃជួលឱ្យទៅម្ចាស់ផ្ទះ ហេតុអ្វីមិនបង់រំលស់ទិញផ្ទះផ្ទាល់ខ្លួនវិញ ហើយទៅអនាគតនឹងនៅសល់ទ្រព្យផ្ទាល់ខ្លួន? ការលើកឡើងនេះមិនពិតទាំងស្រុងទេ ក្នុងករណីខ្លះការជួលអាចនឹងចំណេញច្រើនជាងការទិញ ក៏ថាបាន។ តើហេតុអ្វី?

យោងទៅការវិភាគរបស់ក្រុមហ៊ុន Fidelity ដែលជាក្រុមហ៊ុនវិភាគ និងរៀបចំផែនការហិរញ្ញវត្ថុដ៏ល្បីល្បាញមួយនៅប្រទេសអាមេរិក ការទិញ និងការជួល គឺអាចចំណេញដូចគ្នា ដូច្នេះជម្រើសគឺអាស្រ័យទៅលើស្ថានភាពហិរញ្ញវត្ថុ និងបែបផែនជីវិតរបស់បុគ្គលម្នាក់ៗ។

ប៉ុន្តែទាំងនេះគឺចំណុចសំខាន់ៗដែលត្រូវពិចារណាមុនពេលសម្រេចចិត្តជួល ឬទិញអចលនទ្រព្យ៖

ការទិញគឺការចំណាយដ៏ធំ

អ្នកទិញភាគច្រើន ខ្វល់តែរឿងរក ៣០% មកបង់ជាមួយអ្នកអភិវឌ្ឍ ដើម្បីសុំកម្ចីពីធនាគារឱ្យបាន។ ពួកគេមិនសូវគិតដិតដល់ទេ ថាការទិញលក់អចលនទ្រព្យ មានចំណាយផ្សេងៗជាច្រើនទៀត ដូចជា ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ ការប្រាក់កម្ចីធនាគារ ថ្លៃសេវាកម្មឈ្មួញកណ្តាល ថ្លៃសេវាធនាគារ ថ្លៃវាយតម្លៃអចលនទ្រព្យ ថ្លៃមេធាវី ថ្លៃកាត់ប្លង់ ថ្លៃធានារ៉ាប់រង និងជាពិសេសថ្លៃមើលថែទាំផ្ទះ។

នៅកម្ពុជាករណីភាគច្រើន អ្នកទិញត្រូវបង់ដំបូងយ៉ាងហោច ៣០% នៃថ្លៃផ្ទះឱ្យទៅម្ចាស់គម្រោងទើបអាចសុំកម្ចីបាន ហើយសម្រាប់អត្រាការប្រាក់ជាធម្យមគឺប្រមាណពី ៧-៨% ក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនេះ ថ្លៃសេវាធនាគារគឺ ប្រមាណពី១ ទៅ ២% ដោយឡែកពន្ធប្រថាប់ត្រា ៤% ពន្ធចំណេញមូលធន ២០% និងពន្ធអចលនទ្រព្យ ០,១%។ នេះមិនរាប់បញ្ចូលចំណាយផ្សេងៗដូចដែលបានរៀបរាប់ខាងលើទេ ព្រោះគឺអាចខុសគ្នាទៅតាមករណីនីមួយៗ។

បើគណនាងាយៗ អ្នកគ្រាន់តែបូកការចំណាយទាំងអស់ដែលបានរៀបរាប់ខាងលើក្នុងមួយឆ្នាំ ហើយចែកនឹង១២ ពោលគឺអ្នកនឹងរកឃើញចំណាយជាមធ្យមក្នុងការទិញផ្ទះក្នុងមួយខែ។ បន្ទាប់មកយកវាទៅប្រៀបធៀបនឹងថ្លៃជួល ប្រសិនបើថ្លៃឈ្នួលជួលទាបជាងចំណាយមធ្យម ការជួលគឺប្រសើរជាង។

ទោះជាយ៉ាងណាក្ដី មនុស្សភាគច្រើនច្រានចោលការគណនាបែបនេះ។ ពួកគេជឿថាទោះជាចំណាយខ្ពស់ក៏ពិតមែន តែនឹងមានទ្រព្យនៅពេលអនាគត ជាជាងបង់ថ្លៃជួលចោល។

តើការជួលពិតជាការខ្ជះខ្ជាយលុយមែនឬទេ?

មាន២ ចំណុចដែលត្រូវពិចារណា៖

ទី១​ អ្នកទិញភាគច្រើនគិតថាតម្លៃផ្ទះនឹងកើនឡើងហើយក្រោយកាត់កងចំណាយគឺនឹងចំណេញ តែគ្មាននរណាម្នាក់ធានា១០០% បានទេថាតម្លៃផ្ទះរបស់អ្នកនឹងឡើងថ្លៃ ជាពិសេសក្នុងវិបត្តិកូវីដដូច្នេះ។

ទី២ ការជួលមិនមែនជាការខ្ជះខ្ជាយទេ។ ប្រសិនបើអ្នកយកចំណាយ ឬលុយដែលអ្នកត្រៀមទិញផ្ទះ ទៅជួលកន្លែងស្នាក់នៅថោកៗវិញ ហើយយកប្រាក់ដែលនៅសល់ទៅវិនិយោគលើភាគហ៊ុន ឬអាជីវកម្មផ្សេងៗទៀត។ ទៅអនាគត អ្នកអាចចំណេញជាងទិញផ្ទះក៏ថាបាន។

យោងតាមអ្នកគ្រប់គ្រងផលប័ត្ររបស់ក្រុម PWL Capital Inc., លោក Ben Felix បានបង្ហាញថា ផលចំណេញពីអចលនទ្រព្យសម្រាប់រយៈវែងជាមធ្យមជុំវិញពិភពលោកគឺប្រមាណ ៣% ក្នុងមួយឆ្នាំ ដោយឡែកសម្រាប់ភាគហ៊ុនវិញគឺប្រមាណ ៦,៥៧% ក្នុងមួយឆ្នាំ។ លើសពីនេះ ការលក់ផ្ទះនៅពេលអនាគត តែងតែមានចំណាយច្រើន ដូចជាពន្ធចំណេញមូលធន កម្រៃជើងសា និងថ្លៃសេវាផ្សេងៗទៀត តែសម្រាប់ភាគហ៊ុនគឺ ងាយស្រួលក្នុងការទិញលក់។

នេះជាកត្តាមួយបង្ហាញថា ការយកចំណាយផ្សេងៗដែលកើតឡើងពីការទិញផ្ទះ និងលុយសម្រាប់ត្រៀមសម្រាប់ទិញផ្ទះផ្ទាល់ ទៅវិនិយោគលើភាគហ៊ុន ឬលើអាជីវកម្មផ្សេងៗ អ្នកអាចនឹងចំណេញច្រើនជាង។

ក្រៅពីនេះ បើយោងតាមការវិភាគរបស់ក្រុមហ៊ុន Fidelity ការវិនិយោគប្រាក់សន្សំនៅកន្លែងតែមួយ ពោលគឺផ្ទះរបស់អ្នកផ្ទាល់ក្នុងរយៈពេលវែង អាចមានហានិភ័យខ្ពស់ជាងការវិនិយោគនៅកន្លែងផ្សេងៗគ្នាដូចជាភាគហ៊ុនផ្សេងៗគ្នា ជាដើម។ ហើយបើអ្នកទិញផ្ទះច្រើនដើម្បីវិនិយោគ អ្នកនឹងប្រឈមនឹងកម្ចីធនាគារធ្ងន់ធ្ងរ ដែលអាចនឹងប៉ះពាល់ផលប្រាក់បំរុងសម្រាប់រឿងដែលមិនបានរំពឹងទុក។

ការជួលផ្តល់នូវភាពបត់បែនច្រើនជាងការទិញ

យោងតាមគេហទំព័រ Investopedia ក្រៅពីការជៀសវាងនូវចំណាយខ្ពស់ដូចដែលបានរៀបរាប់ខាងលើ ការជួលគឺប្រសើរជាងការទិញដោយសារតែ វាផ្ដល់ភាពបត់បែនខ្ពស់ និង មានហានិភ័យទាប។

ភាពបត់បែន គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់បុគ្គលមួយចំនួន ជាពិសេសក្នុងអំឡុងពេលវិបត្តិកូវីដ១៩ ។ ឧទាហរណ៍ វិបត្តិកូវីដ១៩ ប៉ះពាល់ដល់ចំណូលរបស់ អ្នកជួលអាចប្តូរទៅរកជម្រើសតូចជាងមុន ដែលមានតម្លៃទាបជាងមុន។ ប៉ុន្តែសម្រាប់អ្នកទិញវិញ គឺពិបាកនឹងគេចផុតពីវិបត្តិនេះណាស់ ព្រោះត្រូវជាប់កម្ចីធនាគារ ហើយបើចង់លក់ក៏ពិបាកដែរ ឬ ត្រូវចំណាយខ្ពស់នៅពេលលក់បន្ទាន់។ លើសពីនេះ អ្នកជួលគឺមានសេរីភាពផ្លាស់ប្ដូរកន្លែងរស់នៅតាមការងារបានដោយស្រួល តែអ្នកទិញវិញគឺត្រូវនៅជាប់មួយកន្លែង។

សរុបមក ការទិញផ្ទះ និងជួលផ្ទះ គឺមានទាំងគុណសម្បត្តិ និងគុណវិបត្តិ ពោលគឺអាចចំណេញ ឬខាត អាស្រ័យលើច្រើនកត្តាដូចដែលបានរៀបរាប់ខាងលើ។ ដូច្នេះអ្នកត្រូវតែពិចារណាឱ្យបានដិតដល់លើបែបផែនជីវិត ចំណង់ចំណូលចិត្ត និងស្ថានភាពហិរញ្ញវត្ថុរបស់អ្នកជាមុនសិន មុននឹងសម្រេចចិត្តថានឹងទិញ ឬក៏ជួល។

- Video Advertisement -