វិភាគ៖ តើវិបត្តិ Evergrande របស់ចិននឹងជះឥទ្ធិពលលើទីផ្សារអចលនទ្រព្យនៅកម្ពុជាដូចម្ដេច?

វិបត្តិ Evergrande នឹងដាក់សម្ពាធលើទីផ្សារអលចនទ្រព្យរយៈពេលខ្លី តែក្នុងរយៈពេលវែងនឹងធ្វើឱ្យទីផ្សារមានស្ថេរភាព និងសុខភាពល្អជាងមុន ព្រោះនឹងគ្មានការបំប៉ោងតម្លៃ ប្រជាពលរដ្ឋក្នុងស្រុកមានសមត្ថភាពទិញអចលនទ្រព្យច្រើនជាងមុន និងពិសេសគ្មានការសង់ខុនដូខ្វះគុណភាពទុកចោលដើម្បីឱ្យវិនិយោគិនចិនលាងលុយ។

ក្រោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សរបស់ចិន Evergrande Group វិបត្តិហិរញ្ញវត្ថុប្រឈមនឹងបំណុលជាង ៣០០ ពាន់លានដុល្លារអាមេរិក អ្នកវិភាគជាច្រើនព្យាករថាវានឹងជះឥទ្ធិពលអវិជ្ជមានដល់ទីផ្សារអចលនទ្រព្យ និងសេដ្ឋកិច្ចចិន ក៏ដូចជាបណ្តាប្រទេសដទៃទៀតដែលមានការវិនិយោគពីចិនច្រើន។

កម្ពុជាក៏ស្ថិតក្នុងចំណោមប្រទេសដែលទីផ្សារអចលនទ្រព្យភាគច្រើនពឹងផ្អែកលើការវិនិយោគរបស់ចិន។ ដូច្នេះ តើហេតុការណ៍វិបត្តិហិរញ្ញវត្ថុ Evergrande នឹងប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យនៅកម្ពុជាដូចម្ដេច?

យោងតាមអត្ថបទវិភាគរបស់ The Diplomat ដែលបានបោះពុម្ពផ្សាយនៅថ្ងៃទី ៣០ ខែកញ្ញា ជាក់ស្ដែង ទីផ្សារអចលនទ្រព្យនៅកម្ពុជា ត្រូវបានអ្នកជំនាញព្យាករថាមានឱកាសដួលរលំខ្ពស់ តាំងពីមុនវិបត្តិកូវីដ និងហេតុការណ៍ Evergrande ទៅទៀត។ ដូច្នេះ ហេតុការណ៍ Evergrande នឹងក្លាយជាចលករសំខាន់មួយទៀតដែលអាចបង្កហានិភ័យបន្ថែមទៅក្នុងទីផ្សារ។

នាយកគ្រប់គ្រងនៃក្រុមហ៊ុន CBRE Cambodia លោក James Hodge បានវិភាគថា ការវិបត្តិ Evergrande នឹងមិនមានផលប៉ះពាល់ដោយផ្ទាល់មកលើប្រទេសកម្ពុជាទេ ដោយសារក្រុមហ៊ុននេះមិនមានការវិនិយោគនៅកម្ពុជា។ ប៉ុន្តែវានឹងជះឥទ្ធិពលដោយប្រយោលទៅលើស្ថានភាពទីផ្សារក្នុងរយៈពេលខ្លី។

«វិបត្តិរបស់ក្រុមហ៊ុនយក្សនេះ នឹងប៉ះពាល់ដល់វិនិយោគិនចិនដែលកំពុងរស់នៅប្រទេសកម្ពុជា និងដាក់សម្ពាធលើអ្នកអភិវឌ្ឈន៍អចលនទ្រព្យនៅកម្ពុជាកាន់តែធ្ងន់» លោកបន្ដ។

លោកពន្យល់ថា ជាក់ស្ដែង វិបត្តិកូវីដបានបង្អាក់ទីផ្សារអលចនទ្រព្យកម្ពុជាមួយកម្រិតធំទៅហើយ ព្រោះអ្នកវិនិយោគចិនជាច្រើនបានចាកចេញពីប្រទេសកម្ពុជា ខណៈអ្នកអភិវឌ្ឍន៍វិញក៏ត្រូវបង្ខំចិត្តផ្លាស់ប្តូរទិសដៅទៅរកអ្នកទិញក្នុងស្រុក។ អ្នកអភិវឌ្ឍន៍ខ្លះបញ្ចុះតម្លៃរហូតដល់ ៣០% លើអចលនទ្រព្យ និងបន្ថែមកម្រៃជើងសារភ្នាក់ងារខ្ពស់ដល់ទៅ ១៥% ដើម្បីបង្កើនការលក់របស់ពួកគេ។

លោក James វិភាគបន្ដថា វិបត្តិ Evergrande នឹងធ្វើឱ្យនិន្នាការអវិជ្ជមានទាំង២ ខាងលើ បន្តរីកកាន់តែធំ ពោលគឺចិននឹបន្តងចេញពីកម្ពុជាបន្ថែមទៀត ខណៈការបញ្ចុះតម្លៃអចលនទ្រព្យក៏នៅតែបន្ត។

ទោះជា Evergrande មិនការវិនិយោគផ្ទាល់នៅកម្ពុជាក្ដី តែវានឹងប៉ះពាល់ដល់សេដ្ឋកិច្ចចិន ដូច្នេះវិនិយោគចិនដែលមានអាជីវកម្មនៅប្រទេសចិនផង និងនៅកម្ពុជាផង អាចនឹងចាកចេញពីកម្ពជាបន្ថែមទៀត ដើម្បីទៅទប់លំនឹងអាជីវកម្មរបស់ខ្លួននៅប្រទេសចិនដែលកំពុងប៉ះពាល់។ ការចាកចេញនេះ នឹងធ្វើឱ្យអ្នកទិញក្នុងទីផ្សារកម្ពុជាកាន់តែថមថយ ហើយតម្លៃអលចនទ្រព្យនឹងបន្តថយចុះ។

ជាលទ្ធផលវាអាចនឹងជះឥទ្ធិពលដល់វិស័យធនគារកម្ពុជា ព្រោះកម្ចីលើវិស័យសំណង់ និងអចលនទ្រព្យរួមចំណែកជាង ៣១% នៃឥណទានក្នុងវិស័យធនគារទាំងអស់។ ជាក់ស្ដែង ធនាគារពិភពលោក ធ្លាប់បានក្រើនរំលឹកជាច្រើនដងហើយ ថាប្រទេសកម្ពុជាត្រូវតែរឹតបន្ដឹងកម្ចីលើវិស័យសំណង់ និងអចលនទ្រព្យ ដើម្បីងបង្កាហានិភ័យ។

ទោះជាយ៉ាងនេះក្តី ផលប៉ះពាល់លើសេដ្ឋកិច្ចកម្ពុជាទ្រង់ទ្រាយធំ នៅមិនទាន់ព្យាករបាន។

ជាសរុប វិបត្តិ Evergrande អាចបង្កឱ្យមានបញ្ហារយៈពេលខ្លីដល់ទីផ្សារអលចនទ្រព្យនៅកម្ពុជា ប៉ុន្តែវាក៏អាចជួយធ្វើឱ្យទីផ្សារអចលនទ្រព្យមានសុខភាពល្អ និងមានភាពចម្រុះជាងមុន។ ពេលវិនិយោគិនចិនចាកចេញច្រើន តម្លៃអចលនទ្រព្យក៏ថមថយ ដែលធ្វើឱ្យប្រជាពលរដ្ឋក្នុងស្រុកមានសមត្ថភាពទិញច្រើនជាងមុន។

ជាលទ្ធផលនឹងមិនមានខុនដូសង់ទុកចោល ដើម្បីចាំឱ្យវិនិយោគិនមកលាងលុយដូចមុនទៀតទេ តែនឹងក្លាយជាអចលនទ្រព្យដែលមានការប្រើប្រាស់ជាក់ស្ដែង សាកសម្យនឹងតម្រូវការ ហើយក៏មិនមានការបំប៉ោងតម្លៃផងដែរ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]