វិភាគ៖ ស្ថានភាពទីផ្សារអចលនទ្រព្យនៅតំបន់លិចទឹក នាពេលបច្ចុប្បន្ន និងការព្យាករណ៍ទៅអនាគត

នៅមុនខែតុលា អ្នកស្រី ស៊ី ចាន់ថា រកចំណូលបានច្រើនគួរសមពីមុខរបរលក់ដូរកាហ្វេ និងភេសជ្ជៈនានានៅមុខផ្ទះល្វែងរបស់គាត់ ដែលស្ថិតនៅក្នុងបុរីដ៏ធំមួយនៅម្ដុំរង្វង់មូលកួរស្រូវ ភាគខាងត្បូងរាជធានីភ្នំពេញ។ អ្នកស្រី ចាន់ថា រកចំណូលបានច្រើនគួរសមបែបនេះ ដោយសារតែមនុស្សជាច្រើនបានចូលរស់នៅយ៉ាងច្រើនអ៊ូរអរនៅក្នុងបុរីដែលទើបសាងសង់ហើយនូវផ្ទះល្វែងរាប់ពាន់ល្វែង។

ប៉ុន្តែ អ្នកស្រី ចាន់ថា ប្រាប់ថា ចំណូលរបស់គាត់បានធ្លាក់ចុះហើយចាប់តាំងពីចុងខែតុលាឆ្នាំមុន ក្រោយពីម្ចាស់ផ្ទះជាច្រើនបានចាកចេញពីបុរីមួយនេះ ដែលធ្វើឱ្យសភាពអ៊ូរអរកាលពីមុនប្រែក្លាយទៅជាស្ងប់ស្ងាត់ទៅវិញ។

ស្ត្រីរូបនេះ ប្រាប់ថា ផ្ទះល្វែងជាច្រើនត្រូវបានដាក់លក់ទៅវិញ ហើយម្ចាស់អាជីវកម្មមួយចំនួន បានបិទទ្វារហាងលក់ដូររបស់គេ បន្ទាប់ពីជំនន់ទឹកភ្លៀងបានជន់លិចបុរីដ៏ធំមួយនេះកាលពីខែតុលាឆ្នាំមុន។

អ្នកស្រី ចាន់ថា និយាយថា «លិចត្រឹមភ្លៅនៅមុខហ្នឹង» ខណៈចង្អុលទៅកាន់ផ្លូវ និងស្លាកស្នាមជំនន់ទឹកភ្លៀង ដែលបន្សល់ទុក។

សង្កាត់ជាច្រើននៅក្នុងខណ្ឌដង្កោ ភាគខាងត្បូងរាជធានីភ្នំពេញ បានលិចលង់ក្នុងជំនន់ទឹកភ្លៀងនៅចន្លោះពីដើមខែដល់ពាក់កណ្ដាលខែតុលាឆ្នាំមុន ដែលបង្ខំឱ្យពលរដ្ឋជាច្រើនគ្រួសារត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ជំនន់ទឹកភ្លៀងនាពេលនោះ ក៏បានប៉ះពាល់ដល់ផ្ទះល្វែងជាច្រើនរបស់បុរីនានានៅក្នុងខណ្ឌដង្កោផងដែរ។

អ្នកស្រី ចាន់ថា និយាយថា៖ «បើបងបានឃើញទឹកបុកមក បានបងញញើតតែម្ដង។ ពួកខាងសង្គ្រោះគេយកទៅខាងក្រៅទាំងអស់ មិនឱ្យនៅក្នុងហ្នឹង។ ចេញបាន៣ថ្ងៃ ដល់ពេលខ្លាចបាត់អីវ៉ាន់ពេក ក៏មកវិញ។ និយាយទៅ ទឹកស្រកអស់ទាល់តែកន្លះខែ»។

នៅជុំវិញផ្ទះរបស់អ្នកស្រី ចាន់ថា មានផ្ទះល្វែងជាច្រើនបានលើកស្លាកអាជីវកម្មរួចហើយ ដូចជា ហាងលក់អាហារកូរ៉េ ហាងលក់មាស ហាងលក់បាយ និងហាងផឹកស៊ីជាដើម ប៉ុន្តែហាងអាជីវកម្មទាំងនោះ បានបិទទ្វារចាប់តាំងពីក្រោយទឹកជំនន់។

ហួសពីផ្ទះល្វែងរបស់អ្នកស្រី ចាន់ថា ហើយមានចម្ងាយប្រហែល ១៥០ម៉ែត្រពីផ្សារដ៏ធំមួយរបស់បុរីដែលមិនទាន់បើកដំណើរការលក់ដូរនៅឡើយនោះ ផ្ទះល្វែងជាច្រើនបានដាក់ស្លាកលក់ ហើយផ្ទះល្វែងខ្លះត្រូវបានដាក់ស្លាកលក់«លក់ខាតដើម» ឬ«លក់បន្ទាន់»ជាដើម។

ស្ត្រីម្ចាស់ផ្ទះមួយល្វែងដែលប្រាប់ត្រឹមឈ្មោះ សុធាវី បានប្រាប់ថា គាត់បានដាក់លក់ផ្ទះល្វែងរបស់គាត់ចាប់តាំងពីពាក់កណ្ដាលខែវិច្ឆិកាឆ្នាំមុន ហើយរហូតមកដល់ពេលនេះ មានអ្នកទូរស័ព្ទសួរទិញត្រឹមតែពីរបីនាក់ប៉ុណ្ណោះ ប៉ុន្តែ មិនត្រូវថ្លៃគ្នាទៀត។

នៅពេលត្រូវបានសួរថា តើគាត់ដាក់លក់ផ្ទះដោយសារតែទឹកជំនន់កាលពីខែតុលាមែនឬយ៉ាងណានោះ អ្នកស្រី សុធាវី ហាក់ស្ទាក់ស្ទើរក្នុងការនិយាយប្រាប់ថា វាជាមូលហេតុនោះ ប៉ុន្តែ គាត់ប្រាប់ថា៖ «ខ្ញុំមានផ្ទះមួយកន្លែងទៀត ហើយខ្ញុំពិបាកទៅមើលថែទាំបោកសម្អាត»។

ភ្នាក់ងារលក់របស់ក្រុមហ៊ុនពិភពថ្មីនៅម្ដុំកួរស្រូវ៣ ដែលបដិសេធប្រាប់ឈ្មោះ បានប្រាប់ថា ផ្ទះល្វែងទាំងអស់នៅបុរីពិភពថ្មីកួរស្រូវ៣ ត្រូវបានលក់ចេញអស់ហើយ ហើយថា ផ្ទះល្វែងជាច្រើនដែលត្រូវបានដាក់ស្លាកលក់បន្ទាន់នោះ ប្រហែលមកពីម្ចាស់ផ្ទះទិញយកទៅលក់បន្ត។

ភ្នាក់ងារលក់រូបនេះ បានឱ្យដឹងថា ទឹកជំនន់កម្ពស់ត្រឹមជង្គង់ បានជន់លិចផ្ទះល្វែងនៅតំបន់បុរីពិភពថ្មីកួរស្រូវ៣ កាលពីខែតុលាឆ្នាំមុន ប៉ុន្តែ អ្នកនាងថា ក្រុមហ៊ុនមិនអាចធានាថា នឹងមិនមានទឹកជំនន់នៅឆ្នាំក្រោយនោះឡើយ។

ភ្នាក់ងារលក់របស់បុរីមួយទៀតដែលស្ថិតនៅជាប់នឹងបុរីពិភពថ្មីកួរស្រូវ៣ដែរនោះ បានប្រាប់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ជំនន់ទឹកភ្លៀងបានជន់លិចផ្ទះល្វែងរបស់បុរីគាត់កម្ពស់ប្រហែល ១ម៉ែត្រ ប៉ុន្តែ ប្រាប់ថា ផ្ទះល្វែងប្រហែល ១០% ប៉ុណ្ណោះ នៅក្នុងបុរីរបស់គាត់ ដែលត្រូវបានដាក់លក់បន្ទាន់

ហើយមូលហេតុ មិនមែនមកពីទឹកជំនន់ទាំងស្រុងទេ គឺដោយសារតែវិបត្តិសេដ្ឋកិច្ចដែលបណ្ដាលមកពីបញ្ហាកូវីដ១៩។

លោក សន សៀប
លោក សន សៀប

លោក សន សៀប ស្ថាបនិក និងនាយកនៃក្រុមហ៊ុន Key Real Estate និងជាអ្នកជំនាញអចលនទ្រព្យដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជា បានឱ្យដឹងថា៖ «ខ្ញុំគិតថាគម្រោងដែលអភិវឌ្ឍរួចហើយ គឹប៉ះពាល់ខ្លាំង ដោយឃើញជាក់ស្តែងថាវាលិចទឹក។ ហើយក្នុងរយៈពេល១ឆ្នាំ ទៅ២ឆ្នាំ វាពិបាកនឹងលក់ចេញក្នុងតម្លៃមួយដែលពួកគេចង់បាន»។

លោកបានបន្ថែមថា ការទិញលក់គឺអាចនឹងទ្រឹងមួយរយៈ ហើយអ្នកវិនិយោគមួយចំនួនក៏ចាប់ផ្ដើមរារែកដែរ ដោយពួកគេមិនទាន់ចង់ទៅវិនិយោគលើតំបន់ដែលឆ្លាប់លិចទឹកទេ ព្រោះអាចធ្វើឱ្យគាត់ខាតបង់។

យ៉ាងណាមិញ លោក សន សៀប នៅតែមានសុទិដ្ឋិនិយមថា តំបន់ទាំងនោះ នឹងងើបឡើងវិញ ក្រោយរដ្ឋាភិបាលលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធរួច។

លោកបានបន្តថា៖ «ចំពោះដី ខ្ញុំជឿថានៅតែមានសក្តានុពលដដែល ព្រោះថាតំបន់លិចទឹកទាំងអស់ភាគច្រើននៅក្នុងខណ្ឌដង្កោ ហើយខណ្ឌមួយនេះកំពុងមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រើន ដូចជាផ្លូវក្រវ៉ាតក្រុងទី២ និងទី៣ រួមមានព្រលានយន្តហោះនៅស្រុកកណ្តាលស្ទឹង ជាសដើម»។

លោក ច្រឹក សុខនីម
លោក ច្រឹក សុខនីម

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យ មានប្រសាសន៍ថា ការដាក់លក់ចេញវិញនូវផ្ទះល្វែងជាច្រើន អាចបណ្ដាលមកពីកត្តាផ្សេងៗ ដូចជាការវិនិយោគបន្តនៅក្នុងវិស័យអចលនទ្រព្យ ដើម្បីទទួលបានផលចំណេញ និងកត្តាធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ចជាដើម។

ទន្ទឹមនេះ លោក ក៏យល់ស្របថា កត្តាទឹកជំនន់ក៏ជាមូលហេតុមួយដែរ ដែលទាមទារឱ្យម្ចាស់បុរី ឬអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ត្រូវគិតគូរឡើងវិញពីសុវត្ថិភាព និងការបញ្ចៀសទឹកជំនន់ ដើម្បីផ្ដល់ទំនុកចិត្តដល់អ្នកទិញ។

លោកមានប្រសាសន៍ថា៖ «បាទ អាហ្នឹងជារឿងសំខាន់ណាស់ ព្រោះអី ជាទូទៅ ទឹកវាពាក់ព័ន្ធនឹងសុវត្ថិភាព។ កាលណាក្នុងបុរីយើងលិចទឹកហើយ វាអត់មានសុវត្ថិភាពទេ។ ដូច្នេះ យើងត្រូវតែគិតគូរអំពីប្រព័ន្ធសុវត្ថិភាពអស់ហ្នឹង យើងត្រូវរៀបចំដោះស្រាយប្រព័ន្ធស្តុកទឹកភ្លៀងឱ្យបានហ្មត់ចត់ទៅ [បើធ្វើបាន] អ្វីៗនឹងអាចប្រសើរឡើងវិញ»។

លើសពីនេះ អ្នកជំនាញផ្នែកអចលនទ្រព្យ និងជានាយកប្រតិបត្តិក្រុមហ៊ុន Pointer លោក ងួន ឆាយលាង ក៏បានវិភាគថា ដើម្បីឱ្យទីផ្សារនៅតំបន់នោះត្រលប់មកមានសក្ដានុពល គឺត្រូវមានការចូលរួមពីទាំងអ្នកអភិវឌ្ឍគម្រោង និងរដ្ឋាភិបាល។

លោក ឆាយលាង បានមានប្រសាសន៍ថា៖ «ការការពារមិនឱ្យជន់លិចមួយផ្នែក គឺជាតួនាទីរបស់ម្ចាស់គម្រោង ដូចជាការដាក់លូខ្វាត់ខ្វែងជាដើម។ តែមួយផ្នែកធំ គឺប្រព័ន្ធរំដោះទឹកដែលមានប្រសិទ្ធភាពរបស់រដ្ឋាភិបាល ដូចជាការស្ដារព្រែកឡើងវិញជាដើម។ ទោះមានលូធំក្ដី តែប្រព័ន្ធរំដោះទឹកមេ មិនល្អក៏ទឹកមិនហូរដែរ។ ដូច្នេះ ខ្ញុំជឿជាក់ថា ទាំង២ ភាគី នឹងរួមគ្នាធ្វើការងារនេះ»។

លោក ងួន ឆាយលាង
លោក ងួន ឆាយលាង

ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យបានទាក់ទងទៅស្ថាប័នរដ្ឋដើម្បីសាកសួរពីផែនការ ដែលក្នុងនោះមាន អ្នកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ និងលោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។

អ្នកស្រី គឹម ញឹប បានប្រាប់ថា អ្នកស្រីមិនអាចបរិយាយអំពីគម្រោងរំដោះទឹកជំនន់នៅខណ្ឌដង្កោនេះបានទេ ដោយសារតែគម្រោងនេះជាប់ពាក់ព័ន្ធនឹងស្ថាប័នចម្រុះ មានក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទជាដើម។

ដោយឡែក លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់ថា សាលារាជធានីភ្នំពេញ និងក្រសួងពាក់ព័ន្ធ បាននិងកំពុងគិតគូររកដំណោះស្រាយដើម្បីបញ្ចៀសទឹកជំនន់នាពេលអនាគត បន្ទាប់ពីបញ្ហាទឹកជំនន់ដោយទឹកភ្លៀងបានជន់លិចតំបន់ភាគខាងត្បូងរាជធានីភ្នំពេញកាលពីខែតុលាកន្លងមក។

លោក ម៉េត មាសភក្ដី ប្រាប់ថា៖ «យ៉ាងណាក៏ដោយ យើងមានបទពិសោធន៍នៃបញ្ហារបស់យើងអ៊ីចឹង យើងត្រូវគិតគូររកអ្វីថ្មីទៀតហើយ គ្រាន់តែថាលម្អិតយ៉ាងម៉េច វាពាក់ព័ន្ធនឹងការពិភាក្សាគ្នាបន្ថែមទៀត»៕

ទោះជាយ៉ាងណាក្ដី តំបន់នេះនឹងត្រលប់ទៅមានសក្ដានុពលវិញឬយ៉ាងណា គឺអាស្រ័យទៅលើការសហការគ្នារវាងអ្នកអភិវឌ្ឍ និងរដ្ឋាភិបាលក្នុងការស្ដារ និងលើកកម្ពស់ហេដ្ឋារចនាប្រព័ន្ធរំដោះទឹកនៅទីនោះ ។ ដោយឡែក បញ្ហាជន់លិចនេះគឺជាមេរៀនដ៏សំខាន់មួយ សម្រាប់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអ្នកទិញឱ្យមានការប្រុងប្រយ័ត្នខ្ពស់ជាងមុន ក្នុងការទិញអចលនទ្រព្យ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]