វិមាន « រូបពីរ» រំលឹកដល់វិរៈបុរសក្នុងសង្គ្រាមលោកលើកទី១ សង់បាន៧៥%ហើយ
គម្រោងការស្ថាបនាឡើងវិញនូវវិមាន « រូបពីរ» រំលឹកដល់វិរៈបុរសក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ ១៩១៤ ដល់ឆ្នាំ ១៩១៨» មកទល់ពេលនេះ ស្ថាបនាបានប្រមាណ ៧៥ភាគរយ ហើយ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្តម លី រស្មី បានលើកឡើងថា ជារួមវិមាននេះសាងសង់បានប្រមាណ៧៥% ខណៈក្រុមការងារបច្ចេកទេសក្រសួង,សារមន្ទីរជាតិភ្នំពេញ ក្រុមជាងចម្លាក់និងជាងស្ពាន់ កំពុងខិតខំធ្វើកិច្ចការយ៉ាងផ្ចិតផ្ចង់ដោយសម្រិតសម្រាំងវិចិត្ររចនាតាមរូបដើមទាំងស្រុងដើម្បីអភិរក្សសំណង់បេតិកភណ្ឌប្រវត្តិសាស្ត្រនេះឱ្យបានល្អបំផុត។
ឯកឧត្តមបន្តថា វិមានរំឭកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ នេះ ត្រូវបានសាងសង់រួចរាល់នៅឆ្នាំ១៩២៥ និងត្រូវបានរបបកម្ពុជាប្រជាធិបតេយ្យបំផ្លាញចោលវិញនៅឆ្នាំ១៩៧៥។
សូមរម្លឹកដែរថា រាជរដ្ឋាភិបាលកម្ពុជា និងបារាំង បានរៀបចំសាងសង់ឡើងវិញវិមាន «រូបពីរ» រំលឹកដល់អ្នកដែលទទួល អនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ នៅមុខស្ថានទូតបារាំងនៅទីក្រុងភ្នំពេញ ដើម្បីជាការរំលឹកដល់ការពលីកម្មរបស់កម្ពុជាក្នុងការបញ្ជូនកងទ័ពទៅជួយច្បាំងបារាំង និងការរំលឹកដល់ជ័យជម្នះសង្គ្រាមលោកលើកទី១របស់បារាំង។ លើសពីនេះ វិមាននេះ ក៏ត្រូវសាងសង់ឡើងដើម្បីពង្រឹងចំណងមិត្តភាព មេត្រីភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងកម្ពុជានិងបារាំងផងដែរ។
វិមាននេះ ត្រូវបានរៀបចំពិធីក្រុងពាលីនិងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ឡើងវិញ កាលថ្ងៃទី២៥ ខែមករា ក្រោមវត្តមានឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្ដម Olivier Becht រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្រ្តីអឺរ៉ុបនិងកិច្ចការបរទេសបារាំង។ (អានបន្ថែម)
វិមាននេះ ត្រូវរចនាឡើងលើខឿនទម្រង់អដ្ឋកោណ និងមាន ៣ថ្នាក់ ធ្វើអំពីបេតុង ក្រាលថ្មក្រានីត ដែលមានទំហំខឿនសរុប ១៤,២២ ម៉ែត្រ X ១៤,២២ ម៉ែត និងកម្ពស់សរុប ១២,៧៤ ម៉ែត្រ ដោយមាន បដិមាទាហានខ្មែរ-បារាំង សាងសងតាមរចនាសិល្បៈខ្មែរ ៕
- Video Advertisement -