វៀតណាមសម្រេចបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីទំហំ ១៦០០ហិកតា ជាប់ទល់ដែនខេត្តកំពត និងតាកែវ
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc កាលពីដើមខែមេសា នេះ បានសម្រេចអនុម័តឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទំហំប្រមាណ ១៦០០ហិកតា នៅខេត្ត Hà Tiên ដែលជាព្រំប្រទល់ជាប់នឹងនឹងខេត្តកំពត និងតាកែវ នៃប្រទេសកម្ពុជា។ នេះបើយោងសារព័ត៌មាន Vietnam News។
តំបន់សេដ្ឋកិច្ចថ្មីនេះ មានឈ្មោះថា Ha Tien border-gate economic zone (EZ) ឬ តំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន Hà Tiên ដែលមានទីតាំងស្ថិតនៅតាមដែនដីសណ្តនៃទន្លេមេគង្គ Kiên Giang និងលាតសន្ធឹងលើឃុំចំនួន៥ នៃប្រទេសវៀតណាម។
តំបន់នេះផងដែរ ក៏មានទីតាំងស្ថិតនៅជិតស្រុកគិរីវង់ ខេត្តតាកែវ ក៏ដូចជា ស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាចខេត្តកំពតទៀតផង។
តំបន់នេះផងដែរ ត្រូវបានចែកចេញ ៧ផ្នែក រួមមាន តំបន់មិនគិតពន្ធ តំបន់ទេសចរណ៍ តំបន់រដ្ឋបាល តំបន់លំនៅដ្ឋាន តំបន់ឧទ្យានឧស្សាហកម្ម និងតំបន់ច្រកទ្វារអន្តរជាតិ Hà Tiên ដែលជាតំបន់ស្ថិតនៅជាប់នឹងច្រកទ្វារអន្តរជាតិព្រែកចាករបស់កម្ពុជា។
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hà Tiên លោក Lê Quốc Anh បានមានប្រសាសន៍ថា តំបន់សេដ្ឋកិច្ចថ្មីនេះ នឹងជួញជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច វប្បធម៌ និងការពារជាតិរវាងប្រទេសទាំង២។ លើសនេះ តំបន់សេដ្ឋកិច្ចនេះ ក៏នឹងជួយត្រួសត្រាយផ្លូវ ពង្រីក និងពង្រឹងអាជីវកម្មរបស់ប្រជាជនដែលរស់នៅតាមព្រំដែនទាំង ២ ប្រទេស ផងដែរ។
គិតមកដល់បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចថ្មីនេះ បានទាក់ទាញគម្រោងវិនិយោគចំនួន ៣៥ ឬ ស្មើនឹងទឹកប្រាក់ប្រមាណ ១៩១លានដុល្លារអាមេរិក។
ដោយឡែក សម្រាប់ប៉ែកកម្ពុជាវិញ ការអភិវឌ្ឍន៍តាមទល់ដែន តែងតែកំណត់ជាការងារអាទិភាពរបស់រដ្ឋាភិបាល។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្ដោតការអភិវឌ្ឍន៍របស់ខ្លួនលើតំបន់ឆ្លងកាត់ព្រំដែននានា ដើម្បីជួយលើកកម្ពស់វិស័យពាណិជ្ជកម្ម និងដឹកជញ្ជូនជាមួយប្រទេសជិតខាង។ (អានបន្ថែម)

