វៀតណាមអនុម័តរមណីយដ្ឋានទេសចរណ៍ជាប់សមុទ្រតម្លៃជាង ៩ពាន់លានដុល្លារដើម្បីស្ដារសេដ្ឋកិច្ច

រដ្ឋាភិបាលវៀតណាម កាលពីថ្មីៗនេះ បានអនុម័តគម្រោងលំនៅដ្ឋាន និងរមណីយដ្ឋានទេសចរណ៍ជាប់សមុទ្រដ៏ធំសម្បើមមួយតម្លៃប្រមាណ ៩,៣ ពាន់ដុល្លារ នៅក្នុងតំបន់ឆ្នេរ Can Gio ជាយក្រុងហូជីមិញ។

គម្រោងអភិវឌ្ឍន៍នេះ មានចម្ងាយ ៤០ គម ពីទីក្រុងហូជីមិញ លាតសន្ធឹងនៅលើផ្ទៃដីព្រៃកោងកាងទំហំជិត ៨ ម៉ឺនហិកតា ហើយកំពុងត្រូវបានអនុវត្តដោយក្រុមហ៊ុនភាគហ៊ុន Can Gio Tourist Urban Joint Stock Company ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនធំលំដាប់ទី២ នៃប្រទេសវៀតណាម Vinhomes ។

គម្រោងនេះ រួមមានការសាងសង់ទីក្រុងថ្មីមួយលើមានផ្ទៃដីជាង ២ ពាន់ហិកតា ដែលបានមកពីការចាក់បំពេញទឹកសមុទ្រ ។

ក្រោយបញ្ចប់ការសាងសង់នៅឆ្នាំ ២០៣១ គម្រោងនេះនឹងក្លាយជាលំនៅដ្ឋានរបស់ប្រជាជនកប្រមាណ ២៣ម៉ឺននាក់ និងជាសណ្ឋាគារសម្រាប់ភ្ញៀវរហូតដល់ ៩ លាននាក់ក្នុងមួយឆ្នាំៗ។

កាលពីឆ្នាំ ២០០០ គម្រោងនេះត្រូវបានជំទាស់ដោយក្រុមបរិស្ថានដែលព្រួយបារម្ភថានឹងផលប៉ះពាល់ដល់ព្រៃកោងកាង។ ទោះយ៉ាងណារដ្ឋាភិបាលវៀតណាមបាន យល់ឃើញថាគម្រោងនេះគឺជាដំណោះស្រាយជាក់ស្តែង ដើម្បីស្ដារសេដ្ឋកិច្ច និង វិស័យទេសចរណ៍ពីវិបត្តិកូវីដ១៩ ។

- Video Advertisement -