សញ្ញាណវិជ្ជមានគួរឱ្យទុកចិត្តមួយចំនួនបង្ហាញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចចិន
សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងបង្ហាញសញ្ញានៃស្ថិរភាពនិងងើបឡើងវិញបណ្តើរៗ ដោយសារសកម្មភាពរោងចក្រនានានៅក្នុងប្រទេសចាប់ផ្តើមសកម្មឡើងវិញជាលើកដំបូងបន្ទាប់ពីរយៈពេលប្រាំមួយខែចុងក្រោយនេះ។ ដើម្បីបញ្ជាក់ពីភាពអាចជឿទុកចិត្តបានលើការព្យាករនេះ គេត្រូវពិនិត្យលើសូចនាករសកម្មភាពសេដ្ឋកិច្ចមួយ ដែលពាក្យបច្ចេកទេសគេហៅថាសន្ទស្សន៍គ្រប់គ្រងការបញ្ជាទិញ Purchasing Managers’ Index (PMI)។ ត្រឹមដំណាច់ខែកញ្ញានេះ យោងតាមលទ្ធផលស្ទង់មតិលើដំណើរការរបស់ក្រុមហ៊ុនផលិតកម្មធំៗចិនជាច្រើន បានបង្ហាញថា កម្រិតសន្ទស្សន៍គ្រប់គ្រងការបញ្ជាទិញនៃសេដ្ឋកិច្ចចិន បានកើនឡើងដល់ ៥០,២ ដែលកាលពីខែមុនមានត្រឹមតែ ៤៩,៧ ប៉ុណ្ណោះ។ ចំណុចសំខាន់នៃតួលេខនេះ គឺលើសពីកម្រិត ៥០ ដែលអ្នកសេច្ចកិច្ចចាត់ទុកថាជាចំណុចគោល រវាងការផ្លាស់ប្តូរពីការធ្លាក់ចុះទៅការកើនឡើងនៃសេដ្ឋកិច្ច ព័ត៌មាននេះត្រូវបានធ្វើបច្ចុប្បន្នភាពដោយកាសែត Reuters នៅខែកញ្ញា ៣០ ឆ្នាំ ២០២៣។
ភាពប្រសើរឡើងនៃកម្រិតសន្ទស្សន៍វាស់សកម្មភាពសេដ្ឋកិច្ច (PMI) នេះ ដែលជាទិន្នន័យផ្លូវការដំបូងសម្រាប់ខែកញ្ញាគឺជាផ្នែកមួយនៃនិន្នាការវិជ្ជមាន ដែលបង្ហាញថាសេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងងើបឡើងវិញបន្តិចម្តងៗ។ កាលពីដើមឆ្នាំនេះ សកម្មភាពសេដ្ឋកិច្ចនៅតាមរោងចក្រផលិតកម្មធំៗចិន បានប្រឈមមុខនឹងបញ្ហា ដោយសារការរឹតបន្តឹងយ៉ាងតឹងរ៉ឹងនៃវិបត្តិ COVID-19នៅចិននៅតែបន្ត ទោះបីជានៅតាមបណ្តាប្រទេសខ្លះ មានការលើកលែងទាំងស្រុងរួចហើយក្តី។
តាមពិតទៅ ដើមចមនៃសញ្ញាណដំបូងនៃការងើបឡើងវិញនេះ ត្រូវបានគេសង្កេតឃើញតាំងពីនៅក្នុងខែសីហាម្ល៉េះ។ ដែលក្នុងកំឡុងខែនោះ ទិន្នផលរោងចក្រ និងការលក់រាយមានការកើនឡើង ស្របពេលដែលការធ្លាក់ចុះនៃការនាំចេញ និងការនាំចូល ក៏បានចាប់ផ្តើមរួមតូចជាងមុន ហើយសម្ពាធបរិត្តផរណា ក៏បានធូរស្រាលខ្លះដែរ។ ជាក់ស្តែង ប្រាក់ចំណេញរបស់ក្រុមហ៊ុនឧស្សាហកម្មចិន បានកើនឡើង ១៧,២% នៅចុងខែសីហា ដោយបានស្ទុះងើបឡើងវិញពីការធ្លាក់ចុះដល់ ៦,៧% កាលពីក្នុងខែកក្កដា។
លោក Zhou Hao ប្រធានសេដ្ឋវិទូនៅ Guotai Junan International បានអត្ថាធិប្បាយលើស្ថានភាពនេះដោយនិយាយថា “សន្ទស្សន៍ផលិតកម្ម រួមជាមួយនឹងតួលេខប្រាក់ចំណេញឧស្សាហកម្មដ៏រឹងមាំ បង្ហាញថាការធ្លាក់សេដ្ឋកិច្ចកំពុងកល់ដល់ចំណុចទាបបំផុត ហើយកំពុងរកសន្ទុះងើបឡើងវិញ”។
ថែមពីលើនេះ សន្ទស្សន៍ PMI សម្រាប់វិស័យមិនមែនផលិតកម្មរបស់ចិន ដែលវាស់វែងលើវិស័យសេវាកម្ម និងសំណង់ ក៏បានបង្ហាញពីកំណើនផងដែរ គឺងើបឡើងវិញដល់កម្រិត ៥១,៧ ក្នុងខែកញ្ញា បើធៀបនឹង ៥១,០ នៃខែសីហា។
ចំណែកឯ សន្ទស្សន៍ PMI ដែលរួមបញ្ចូលគ្នាទាំងសកម្មភាពផលិតកម្ម និងមិនមែនផលិតកម្ម បានកើនឡើងដល់ ៥២,០ ក្នុងខែកញ្ញា កើនឡើងពី ៥១,៣។
ថែមពីលើសសូចនាករ PMI ឥឡូវនេះ សេដ្ឋវិទូកំពុងតាមដានយ៉ាងដិតដល់នូវសូចនាករដ៏សំខាន់មួយទៀតនោះ គឺការចំណាយរបស់អ្នកប្រើប្រាស់ (consumer spending) ជាពិសេសនៅចំពេលថ្ងៃឈប់សម្រាកសាធារណៈដ៏វែងបំផុតប្រចាំឆ្នាំរបស់ប្រទេសចិន ដែលគេហៅថា”សប្តាហ៍មាស” ដែលនឹងចាប់ផ្តើមជាមួយនឹងពិធីបុណ្យពាក់កណ្តាលសរទរដូវ បន្ទាប់មកថ្ងៃឈប់សម្រាកបុណ្យជាតិរហូតដល់ថ្ងៃទី ៦ ខែតុលា។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលចំពោះវិស្សមកាលដ៏ធំនេះនោះ គឺចំនួនអ្នកចេញដើរលំហែដ៏ច្រើនដែលបញ្ជាក់ពីការចាប់ផ្តើមចេញចំណាយ និងធ្វើសកម្មភាពសេដ្ឋកិច្ចក្នុងទ្រង់ទ្រាយទូលំទូលាយឡើងវិញ។ គ្រាន់តែត្រឹមរយៈពេលតែមួយថ្ងៃកាលពីថ្ងៃសុក្រទី ៣០ ខែកញ្ញាកន្លងទៅ ចំនួនការធ្វើដំណើរតាមផ្លូវដែកនៅស្រុកចិន ២០ លានដំណើរ ដែលតួលេខនេះបានឈានដល់កំណត់ត្រាខ្ពស់បំផុតមួយមិនធ្លាប់មានតាមពីមានវិបត្តិសាកលមក នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។ អាជ្ញាធរចិន បានព្យាករកំណត់ត្រានេះថា ជា “សប្តាហ៍មាសដ៏ពេញនិយមបំផុតក្នុងប្រវត្តិសាស្ត្រចិន”៕
- Video Advertisement -