សណ្ឋាគារប្រេនលំដាប់ពិភពលោក TRIBE នឹងបើកសាខានៅកម្ពុជាឆ្នាំក្រោយ

TRIBE ដែលជាផ្នែកមួយនៃក្រុមហ៊ុនម្ចាស់បណ្តុំម៉ាកយីហោល្បីៗ Ennismore កំពុងឈានជើងចូលមកទីផ្សារអាស៊ីជាលើកដំបូង ដោយនឹងបើកសណ្ឋាគារនៅទីក្រុងភ្នំពេញ នៅខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ដោយសណ្ឋាគារនេះនឹងក្លាយជាសណ្ឋាគារប្រេន TRIBE ដំបូងបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍។

សណ្ឋាគារនេះមានឈ្មោះថា TRIBE Phnom Penh Post Office Square មានបន្ទប់សរុបចំនួន ២៦០ បន្ទប់ រួមនឹងអាហារដ្ឋាន Skybar និងកន្លែងធ្វើការរួមគ្នា។ ក្រុមហ៊ុនមិនបានបញ្ជាក់ថាទីតាំងរបស់សណ្ឋាគារនេះទេ ប៉ុន្តែបើយោងតាមឈ្មោះ គឺនឹងស្ថិតនៅជិតប្រៃសណីយ៍រាជធានីភ្នំពេញ ម្ដុំវត្តភ្នំ។

យោងតាមសេចក្ដីប្រកាសពត៌មានរបស់ក្រុមហ៊ុនចេញផ្សាយនៅថ្ងៃទី ៧ ធ្នូ នេះ សណ្ឋាគារនេះ គឺជាសណ្ឋាគារប្លែកថ្មី ដែលនឹងនាំរសជាតិថ្មីមកកាន់ទីផ្សារកម្ពុជា។ បង្កើតឡើងនៅប្រទេសអូស្ត្រាលីក្នុងឆ្នាំ ២០១៧ យីហោសណ្ឋាគារ TRIBE គឺសម្រាប់ឆ្លើយតបទៅ អ្នកធ្វើដំណើរ ដែលចង់បានសណ្ឋាគារដែលមានរចនាប្លែកថ្មី ទំនើប និងឆ្លាតវៃ តែក្នុងតម្លៃសមរម្យ។

យីហោ TRIBE គឺជាផ្នែកមួយនៃក្រុមហ៊ុន Ennismore ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយ Accor ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០២១។

យីហោ TRIBE នឹងឈានចូលទៅដល់កោះបាលី ភូកេត ម៉ានីល និងសិង្ហបុរីក្នុងប៉ុន្មានខែខាងមុខនេះ ដោយ TRIBE Phnom Penh Post Office Square គឺជាសណ្ឋាគារដំបូងគេដែលបើកនៅអាស៊ីអាគ្នេយ៍។

- Video Advertisement -