សណ្ឋាគារល្បី Pan Pacific Group នឹងបើកសាខានៅភ្នំពេញ និងសៀមរាប ក្នុងឆ្នាំ ២០២៣
ក្រុមហ៊ុនសណ្ឋាគារល្បី Pan Pacific Hotels Group នៃប្រទេសសិង្ហបុរី នឹងឈានជើងចូលមកទីផ្សារកម្ពុជានៅចុងឆ្នាំ ២០២៣ ដោយនឹងបើកសណ្ឋាគារមួយកន្លែងនៅរាជធានីភ្នំពេញ និងមួយកន្លែងទៀតនៅក្រុងសៀមរាប។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននៅថ្ងៃទី ២២ ខែកញ្ញា សណ្ឋាគារនេះគឺជាសណ្ឋាគារផ្កាយ៥ មានឈ្មោះថា Pan Pacific Phnom Penh ដែលនឹងមានបន្ទប់សរុប ២១២ បន្ទប់ មានទីតាំងចំកណ្ដាលទីក្រុងលើមហាវិថីព្រះនរោត្តម។
ដោយឡែក សណ្ឋាគារនៅសៀមរាប មានឈ្មោះថា PARKROYAL Siem Reap ដែលមានបន្ទប់សរុប ១៣០បន្ទប់ ហើយមានទីតាំងចំងាយត្រឹម ១០នាទី ពីប្រាសាទអង្គរវត្ត។
តាមការគ្រោងទុក ភ្នំពេញ និងសៀមរាប គឺស្ថិតក្នុងចំណោមទីក្រុងធំៗ ផ្សេងទៀតដែលក្រុមហ៊ុននេះនឹងពង្រីកសាខាទៅដល់ត្រឹមឆ្នាំ ២០២៤ ដោយរួមមាន ទីក្រុងឡុងដ៍ គូឡាឡាំពួ ហ្សាកាតា ដាលីអាន ហាណូយ និងមែលប៊ន។ ជាមួយនឹងផែនការពង្រីកទីផ្សារនេះ ក្រុមហ៊ុននឹងបន្ថែមបន្ទប់ជាង ៣ ៣០០បន្ទប់ ទៀត ទៅក្នុងសណ្ឋាគាររីស៊ត ៤៨កន្លែង នៅក្នុងទីក្រុងចំនួន ២៩។
គួរបញ្ជាក់ថាសណ្ឋាគារ Pan Pacific Hotels Group ជាក្រុមហ៊ុនសណ្ឋាគារ និងអចលនទ្រព្យល្បីនៅអាស៊ី ដែលជាម្ចាស់ និងគ្រប់គ្រងសណ្ឋាគារ រីស៊ត និងអចលនទ្រព្យផ្សេងៗទៀតជាង ៥០កន្លែង នៅទូទាំងអាស៊ី អូសេអានី អាមេរិកខាងជើង និងអឺរ៉ុប។
រូបភាពដោយ៖ ospitalitynet និង ospitalitynet

