សណ្ឋាគារអ៊ីនធឺខនទីណង់តាល់ វិលត្រឡប់មកកម្ពុជាវិញជាមួយនឹងគម្រោងសង់សណ្ឋាគារថ្មីតម្លៃ $៣00លាន នៅខេត្តព្រះសីហនុ

សណ្ឋាការ InterContinental Hotels & Resorts នឹងត្រឡប់មកប្រទេសកម្ពុជាវិញ ដោយពាំនាំយកមកជាមួយគម្រោងអចលនទ្រព្យប្រណីតថ្មី តម្លៃ ៣០០លានដុល្លារ នៅខេត្តព្រះសីហនុ ដែលគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២៨ និងត្រូវបញ្ចូលជាផ្នែកមួយនៃគម្រោងវិនិយោគរបស់ Peninsula Bay Integrated Resort។ សេចក្តីប្រកាសនេះ ចេញមកស្របគ្នានឹងសន្ទុះកំពុងតែងើបឡើងវិញ គួរឱ្យកត់សម្គាល់នៅក្នុងវិស័យទេសចរណ៍របស់កម្ពុជា ដែលមានកំណើនចំនួន ២៣% នៃចំណូលទេសចរអន្តរជាតិក្នុងឆ្នាំ ២០២៤ ពោលគឺលើសពីកម្រិតមុនមានវិបត្តិសាកលចំនួន ១,៤% នេះបើយោងតាម  Travelandtourworld ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥។

ក្រោមគំនិតផ្តួចផ្តើមបង្កើតឡើងដោយភាពជាដៃគូជាមួយក្រុមហ៊ុន Peninsula Bay Investment Co., Ltd. សណ្ឋាគារខេត្តព្រះសីហនុថ្មីនេះ នឹងមានបន្ទប់ចំនួន ៣០០បន្ទប់ ដែល នឹងបំពាក់នូវគ្រឿងបរិក្ខារលំដាប់ពិភពលោក រួមទាំងកន្លែងទទួលទានអាហារ បារ ស្ប៉ាដ៏ប្រណិត និងទេសភាពឆ្នេរសមុទ្របែបប៉ាណូរ៉ាមិច (Panoramic) ដែលផ្តល់ជូនសេវាជាទីគាប់ចិត្តសម្រាប់ទាំងអ្នកធ្វើអាជីវកម្ម និងអ្នកធ្វើដំណើរកម្សាន្ត។

បរិវេណសណ្ឋាគារទាំងមូល នឹងមានទំហំប្រហែល ១៦0,000 ម៉ែត្រការ៉េ ហើយនឹងរួមបញ្ចូល មជ្ឈមណ្ឌលផ្សារទំនើប កន្លែងកម្សាន្ត និងធាតុផ្សំនៃស្ថាបត្យកម្មដែលបំផុសគំនិតដោយគំនូរប្រពៃណីខ្មែរ ជាពិសេសនិមិត្តសញ្ញានាគតំណាងឱ្យភាពរឹងមាំ និងភាពរុងរឿង។ ទីតាំងយុទ្ធសាស្ត្ររបស់អចលនទ្រព្យថ្មីនេះ គឺស្ថិតនៅត្រឹមតែ ៣០ នាទីពីអាកាសយានដ្ឋានអន្តរជាតិ ក្រុងព្រះសីហនុ ផ្តល់ភាពងាយស្រួលចូលដោយផ្ទាល់ទៅកាន់តំបន់ទេសចរណ៍ឆ្នេរសំខាន់ៗ រួមមានឆ្នេរអូរត្រេះ ឧទ្យានជាតិរាម និងវត្តលើ។

លោក Bryan Chan អនុប្រធានផ្នែកអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ និងកូរ៉េរបស់ក្រុមហ៊ុន IHG មានប្រសាសន៍ ថា “យើងមានមោទនភាព ដែលយើងបានប្រគល់ម៉ាកយីហោប្រណីតភាពដំបូង និងធំជាងគេបំផុតរបស់ ពិភពលោកគឺ InterContinental Hotels & Resorts ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ… ហើយ ការវិលត្រឡប់មកវិញនេះ នឹងក្លាយជាការត្រួសត្រាយផ្លូវសម្រាប់ក្រុមហ៊ុនយីហោល្បីៗលំដាប់ អន្តរជាតិផ្សេងទៀត ឲ្យចូលមកកាន់ទីផ្សារកម្ពុជាផងដែរ។”

នៅពេលសាងសង់រួចគម្រោង InterContinental Sihanoukville នេះ  នឹងចូលរួមជាមួយគម្រោងសណ្ឋាគារប្រណីតធំៗមួយចំនួនទៀត ដែលកំពុងកែប្រែមុខមាត់វិស័យបដិសណ្ឋារកិច្ច នៅកម្ពុជា រួមមានគម្រោង Six Senses Krabey Island និង Vignette Collection Phnom Penh Odom ដែលរំពឹងថានឹងបើកដំណើរនៅឆ្នាំ ២០២៧ ជាដើម។ ជាមួយនឹងអចលនទ្រព្យរបស់ខ្លួន ដែលមានចំនួនជាង ២២០ នៅទូទាំងពិភពលោក និងច្រើនជាង ២៦ សណ្ឋាគារនៅទូទាំងតំបន់ ឥណ្ឌូចិន វត្តមានជាថ្មីរបស់ក្រុមហ៊ុន IHG កំពុងតែត្រៀមខ្លួនជាស្រេចក្នុងការបង្កើនការទាក់ទាញទេសចរ និងសេវាស្នាក់នៅ ឲ្យក្លាយជាគោលដៅលេចធ្លោមួយនៅអាស៊ីអាគ្នេយ៍៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន នឹងរួមគ្នារៀបចំវគ្គបដិសណ្ឋារកិច្ចបែបជប៉ុនដើម្បីទាញវិនិយោគលើវិស័យទេសចរណ៍

ក្រសួងទេសចរណ៍ និងសមាគមជប៉ុន-កម្ពុជា សហការបង្កើតកិច្ចសហប […]

វិនិយោគអចលនទ្រព្យក្នុងយុគសម័យថ្មី៖ ស្វែងយល់ពីកំណើននៃលំនៅឋានម៉ាកយីហោល្បីៗនៅកម្ពុជា

គណៈកម្មការអចលនទ្រព្យនិងសំណង់របស់ EuroCham កម្ពុជា បានប្ […]