សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ ត្រៀមខ្លួនស្វាគមន៍ភ្ញៀវទេសចរ ក្នុងពេលដ៏ខ្លី ខាងមុខ
សំណង់សណ្ឋាគារផ្កាយប្រាំ ហ៊ាយ៉ាត់ រីជិនស៊ី សម្រេចបានប្រហែល ៩៧% ហើយ រង់ចាំតែបង្ហើយផ្នែកខ្លះ ដូចជាការតុបតែងលម្អរចនាបថផ្ទៃក្នុង ការបំពាក់គ្រឿងសង្ហារិម និងរៀបចំបន្ទប់ស្ប៉ាបន្ថែមទៀតប៉ុណ្ណោះ ការសាងសង់នឹងចប់សព្វគ្រប់ហើយ។ នេះបើតាមការឱ្យដឹងពីលោក សាយមឹន ឌែល ( Simon Dell ) អគ្គនាយករងជាន់ខ្ពស់នៃសណ្ឋាគារ និងបដិសណ្ឋារកិច្ចរបស់ក្រុមហ៊ុន ជីប ម៉ុង។
ពាក់ព័ន្ធនឹងបញ្ហាកូវីដ១៩ ទៅលើដំណើរការសាងសង់ ក៏ដូចជាការបើកសណ្ឋាគារ លោក Simon Dell មានប្រសាសន៍ប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យថា៖ “ស្ទើរតែគ្រប់អាជីវកម្មទាំងអស់ បានទទួលរងផលប៉ះពាល់ដោយសារការផ្ទុះឡើងនៃមេរោគ COVID-19 ហើយសម្រាប់គម្រោងសាងសង់នៃសណ្ឋាគារយើងក៏ដូច្នោះដែរ។ ដោយសារតែមានការពន្យារពេលនៃការធ្វើដំណើររបស់អ្នកជំនាញពិគ្រោះយោបល់ ក៏ដូចជាការមកដល់យឺតនៃផលិតផល និងអ្នកផ្គត់ផ្គង់មួយចំនួន ដែលមានមូលដ្ឋាននៅទីនេះ ឬមកពីបរទេសផងដែរ ដែលនេះជាបញ្ហាប្រឈមទៅលើពេលវេលារបស់យើង។ ទោះយ៉ាងណា យើងកំពុងធ្វើការឆ្លងកាត់បញ្ហាប្រឈមទាំងនេះ ហើយយើងមានទំនុកចិត្តថា យើងនឹងអាចជំរុញគម្រោងនេះឱ្យបញ្ចប់ ក៏ដូចជាបើកដំណើរការសណ្ឋាគារ ហ៊ាយ៉ាត់ រីជិនស៊ី ភ្នំពេញក្នុងរយៈប៉ុន្មានខែខាងមុខទៀតនេះ។”

ដោយសារមានលក្ខណៈជាសណ្ឋាគារលំដាប់ផ្កាយ៥នេះ គុណភាពអគារ និងសេវាកម្មក្នុងសណ្ឋាគារនេះ សុទ្ធតែត្រូវបានរៀបចំឡើងប្រកបដោយភាពប្រណីត និងស្របតាមស្តង់ដារអន្តរជាតិលំដាប់ខ្ពស់។ ក្នុងនោះរួមមាន បន្ទប់លំដាប់ប្រណីតៗ ចំនួន ២៤៨បន្ទប់ ភោជនីយដ្ឋានបម្រើអាហារសម្បូរបែប ស្ប៉ា អាងហែលទឹក ស្កាយបារ៍លើដំបូល បារ៍ក្រោមដី សាលប្រជុំធំៗសម្រាប់រៀបចំពិធីអាពាហ៍ពិពាហ៍ និង សម្រាប់កម្មវិធីផ្សេងៗ សាលសម្រាប់រៀបចំសន្និសីទជាតិ និងអន្តរជាតិ ព្រមទាំងសាលសម្រាប់ពិព័រណ៍ថែមទៀតផង។
ក្រៅពីការបំពាក់បរិក្ខារខាងលើ បើនិយាយពីកម្រិតបដិសណ្ឋារកិច្ច រចនាបថ និងបរិយាកាសរបស់សណ្ឋាគារហាយ៉ាត់ រីជិនស៊ី ភ្នំពេញនេះវិញ គឺរឹតតែពិសេសថែមទៀត។ ក្រោយពេលសម្ភោធឱ្យប្រើប្រាស់ ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ នឹងទទួលបាននូវបទពិសោធន៍ថ្មី ដោយមានការច្របាច់បញ្ចូលគ្នារវាងរចនាបថបុរាណ និងសម័យទំនើប ពោលគឺការអភិរក្សរចនាបថបែបវីឡាសម័យអាណានិគមបារាំង ជាមួយរចនាបថបែបសហសម័យបែបទំនើប។
គួរបញ្ជាក់ថា សណ្ឋាគារហាយ៉ាត់ រីជិនស៊ី ភ្នំពេញ បានចាប់ផ្ដើមសាងសង់កាលពីខែមីនា ឆ្នាំ២០១៧ មកម្ល៉េះ។ ពេលសាងសង់រួច នោះសណ្ឋាគារនេះ នឹងក្លាយសណ្ឋាគារប្រេន Hyatt Hotels Corporation ដំបូងគេបង្អស់នៅកម្ពុជា ក្រោមកម្មសិទ្ធ និងសាងសង់ដោយក្រុមហ៊ុន ជីប ម៉ុង ដោយមានទុនវិនិយោគចំនួន ១០០ លានដុល្លារ។
ចំពោះគម្រោងវិនិយោគអនាគត លោក សាយមឹន ឌែល ( Simon Dell ) បានឱ្យដឹងថា បន្ទាប់ពីគម្រោង Hyatt Regency Phnom Penh បញ្ចប់នេះទៅ ក្រុមហ៊ុន ជីប ម៉ុង នឹងធ្វើការវាយតម្លៃទីផ្សារ និងស្វែងរកឱកាសក្នុងការវិនិយោគទៅលើពាណិជ្ជកម្មផ្សេងៗគ្នារបស់ក្រុមហ៊ុន។ ក្រុមហ៊ុន តែងតែខិតខំអភិវឌ្ឍលើគម្រោងថ្មីៗជាបន្តបន្ទាប់ ហើយ ក៏កំពុងសិក្សាលើជម្រើស និងលទ្ធភាពក្នុងការអភិវឌ្ឍនៅក្នុងវិស័យសណ្ឋាគារបន្ថែមទៀត។ ក្រុមហ៊ុន មិនកំណត់ថាត្រូវតែអភិវឌ្ឍតែលើគម្រោងសណ្ឋាគារលំដាប់ផ្កាយប្រាំតែមួយប្រភេទនោះទេ តែក្រុមហ៊ុនមានទីផ្សារគោលដៅជាច្រើន ដែលកំពុងតែសិក្សា និងពិចារណា៕


- Video Advertisement -