សភាពាណិជ្ជកម្មអឺរ៉ុបជំរុញឱ្យក្រុមហ៊ុនសំណង់ចូលរួមកម្មវិធីប្រកួតទំនួលខុសត្រូវសង្គម

សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា កាលពីចុងសប្តាហ៍មុន បានប្រកាសបើកជាផ្លូវការនូវ កម្មវិធីប្រកួតពានរង្វាន់ទំនួលខុសត្រូវសង្គម ឬ CSR Contest and Awards ប្រចាំឆ្នាំ ២០២១ ហើយជំរុញឱ្យក្រុមហ៊ុនទាំងអស់នៅកម្ពុជា ជាពិសេសក្រុមហ៊ុនសំណង់ និងអចលនទ្រព្យចូលរួម ដើម្បីធ្វើឱ្យការអភិវឌ្ឍន៏នៅកម្ពុជាដើរទៅមុខដោយមាននិរន្តរភាព។

ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា លោក Tassilo Brinzer បានថ្លែងនៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី ទី ១០ ខែកុម្ភៈ នេះ ថា គោលបំណងចម្បងនៃកម្មវិធីនេះគឺដើម្បីជំរុញឱ្យវិស័យឯកជនងាកមកចូលរួមធ្វើឱ្យសង្គមមានភាពប្រសើរជាងមុន។

លោកបន្តថា សម្រាប់ឆ្នាំនេះដែរ កម្មវិធីមិនមែនបើកត្រឹមតែសមាជិក EuroCham ឬក្រុមហ៊ុនធំៗ នោះទេ ប៉ុន្តែយើងក៏ផ្ដល់ឱកាសដល់ក្រុមហ៊ុនតូច និងមធ្យមចូលរួមផងដែរ។

ក្នុងឱកាសសន្និសីទកាសែតនេះ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានមានប្រសាសន៍ថា៖ «ផលចំណេញពីការចូលរួមកម្មវិធីនេះ គឺមិនមែនត្រឹមតែជាពានរង្វាន់ប៉ុណ្ណោះទេ តែគឺជាការលើកទឹកចិត្តដល់បុគ្គលិក ក៏ដូចជាការទាក់ទាញឱ្យធនធានមនុស្សល្អៗចង់ចូលមកធ្វើការក្នុងក្រុមហ៊ុនរបស់អ្នក»។

«លើសពីនេះ កម្មវិធីក៏ជាសញ្ញាសបញ្ជាក់ឱ្យអ្នកវិនិយោគិនពីបរទេសមើលឃើញថា កម្ពុជាក៏ផ្ដោត និងឱ្យតម្លៃទៅលើសកម្មភាពទំនួលខុសត្រូវសង្គមផងដែរ។ ហើយនេះ គឺនឹងជួយទាក់ទាញឱ្យមានវិនិយោគពីបរទេសកាន់តែច្រើនថែមទៀត» ឯកឧត្តម បានបន្ថែម។

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតប្រជែងនេះ សរុបមាន ១៤ រង្វាន់លើ ២ ជំពូកសំខាន់ៗ ក្នុងនោះជំពូកសម្រាប់ ក្រុមហ៊ុនចែកជា ៤ អនុជំពូក និង ១២ រង្វាន់។ ការចុះឈ្មោះចូលរួមប្រកួតនឹងចាប់ផ្តើមពីនៅថ្ងៃទី ១ ដល់ ៣១ ខែ មីនា ឆ្នាំ ២០២១។

- Video Advertisement -