សមាគម CVEA ចង់ច្របាច់ភ្នាក់ងារអចលនទ្រព្យទាំងអស់ចូលជាប្រព័ន្ធស្ដង់ដាថ្មីមួយ ដើម្បីបង្កើតឱកាសចាប់លុយធំ
សមាជិកជាន់ខ្ពស់នៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានបង្ហាញគម្រោងចង់ង្កើតមហាវិទ្យាល័យបណ្ដុះបណ្ដាលភ្នាក់ងារលក់អចលនទ្រព្យឱ្យមានស្ដង់ដាជាងមុន ក៏ដូចជាចង់ច្របាច់បញ្ចូលភ្នាក់ងារទាំងអស់ទៅក្នុងប្រព័ន្ធគ្រប់គ្រងតែមួយ ដើម្បីបង្កើនឱកាសទាក់ទាញទុនវិនិយោគក្នុងវិស័យនេះឱ្យបានទ្រង់ទ្រាយធំជាងមុន។
សមាគមមានគោលបំណងបែបនេះ ក្រោយមើលឃើញពីបញ្ហាថា ភ្នាក់ងារលក់អចលនទ្រព្យនៅកម្ពុជាជាច្រើននៅខ្វះគុណភាព ហើយគ្មានប្រព័ន្ធចាត់ចែងគ្របគ្រង់ត្រឹមត្រូវ ដែលធ្វើឱ្យអ្នកវិនិយោគភាគច្រើនខ្វះទំនុកចិត្ត។ (អានបន្ថែម)
យោងតាម លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ ភ្នាក់ងារអចលនទ្រព្យនៅកម្ពុជាមានយ៉ាងហោច ៤ ម៉ឺន នាក់ដែលត្រឹមមួយផ្នែកតូចប៉ុណ្ណោះដែលឆ្លងកាត់ការអប់រំត្រឹមត្រូវ។
លោក សុខនីម បានឱ្យដឹងថា៖ «ដើម្បីដោះស្រាយបញ្ហានេះ ខាងសមាគមកំពុងពិភាក្សារឿងនេះ ចង់បង្កើតជាមហាវិទ្យាល័យសម្រាប់បណ្ដុះបណ្ដាលភ្នាក់ងារលក់អចលនទ្រព្យដោយផ្ទាល់តែម្ដង។ រឿងនេះ យើងនឹងព្យាយាមពន្លឿនធ្វើយ៉ាងណាឱ្យក្លាយជាការពិតឱ្យបាន»។
«ចំណេះដឹងរបស់ភ្នាក់ងារគឺសំខាន់ណាស់។ បើគាត់មានចំណេះដឹងខ្ពស់ ពួកគាត់មិនត្រឹមតែជាអ្នកលក់ទេ តែនៅក្លាយជាទីប្រឹក្សាផ្ដល់យោបល់ផ្នែកវិនិយោគដល់អតិថិជនទៀតផង។ ពួកគាត់នឹងជួយបើកទស្សនវិស័យរបស់អតិថិជន ឱ្យសម្លឹងឃើញឱកាសច្រើនផ្លូវ ឱកាសវែងឆ្ងាយ ហើយជាចុងក្រោយយើងចំណេញទាំងអស់គ្នា» លោកបន្ត។
លើសពីនេះ លោក លឹម សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគម CVEA និងជាអគ្គនាយកក្រុមហ៊ុន Realtor 168 C., Ltd គាំទ្រលើការបើកជាមហាវិទ្យាល័យ ហើយក៏បានបន្ថែមគំនិតមួយទៀត គឺច្របាច់បញ្ចូលភ្នាក់ងារទាំងអស់ទៅក្នុងប្រព័ន្ធគ្រប់គ្រងតែមួយ។
«បច្ចុប្បន្ន ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យទាំងអស់គិតថា ពួកគេជាគូប្រជែងនឹងគ្នា។ តាមពិតទៅមិនមែនទេ យើងគួរតែមកសហការគ្នាដើម្បីចាប់យកលុយធំ។ ឥឡូវនេះ ភ្នាក់ងារលក់មិនត្រឹមតែខ្វះគុណភាពនិងចំណេះដឹងទេ តែគឺរត់ពីមួយកន្លែងទៅមួយកន្លែងជានិច្ច ធ្វើឱ្យការងារមិននឹងនរ»។
«ដូច្នេះ ខ្ញុំចង់ឱ្យយើងបង្កើតជាប្រព័ន្ធមួយដែលមានរាយឈ្មោះ ទិន្នន័យ បទពិសោធន៍ និងទំហំការងាររបស់ភ្នាក់ងារ និងក្រុមហ៊ុនទាំងអស់ក្នុងនោះ។ ការធ្វើបែបនេះ គឺជាការបង្កើនទំនុកចិត្តដល់អ្នកវិនិយោគ ព្រោះពួកគេងាយស្រួលអាចចូលទៅពិនិត្យបានថាភ្នាក់ងារនោះមានសមត្ថភាពកម្រិតណា ជាអ្នកណា មកពីណា»។
«សម្រាប់ភ្នាក់ងារវិញ ប្រព័ន្ធនេះក៏ជាកន្លែងគ្រប់គ្រងភ្នាក់ងារទ្រង់ទ្រាយធំ ដូចក៏ជាកន្លែងសម្រាប់ឱ្យយើងផ្លាស់ប្ដូរឱកាស ឬអាចចាប់ដៃគ្នាទាញយកអ្នកវិនិយោគ ឬទុនវិនិយោគធំជាងមុនបានដែរ»។
លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL និងជាសមាជិកជាន់ខ្ពស់ គាំទ្រលើគំនិតពេញទំហឹង ដោយជំរុញថាត្រូវការធ្វើឱ្យបានលឿនបំផុត។
- Video Advertisement -