សមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលនឹងជំរុញឱ្យព្រះសីហនុក្លាយជាតំបន់សេដ្ឋកិច្ចពហុបំណង
ក្នុងគោលបំណងប្រែក្លាយក្រុងព្រះសីហនុឱ្យតំបន់សេដ្ឋកិច្ចពហុបំណងស៊ិនជិន រដ្ឋាភិបាលកម្ពុជា បាន និងកំពុងសាងសង់ហេដ្ឋរចនាសម្ព័ន្ធធំៗជាច្រើនក្នុងខេត្តមួយនេះ។ គម្រោងខ្លះបានបញ្ចប់ការសាងសង់រួចហើយ ខ្លះកំពុងសាងសង់ ហើយខ្លះទៀតគ្រោងនឹងសាងសង់ មានដូចខាងក្រោម៖
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ
បើគិតខែដើមសីហា គម្រោងទាំងមូលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុសម្រេចការសាងសង់បានច្រើនជាង ២៥% ហើយ តែការលើកតួថ្នល់គឺសម្រេចបានប្រមាណ ៧០%។ មកដល់បច្ចុប្បន្ន្កក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានដោះស្រាយផលប៉ះពាល់បានប្រមាណជាង ៩៣% ដោយអាចនឹងបញ្ចប់ការងារនេះនៅខែ កញ្ញា ឆ្នាំនេះ។ (អានបន្ថែម)

កំពង់ផែទឹកជ្រៅ
តាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងរដ្ឋាភិបាលកម្ពុជា ខេត្តព្រះសីហនុក៏កំពុងតែពង្រីក កំពង់ផែទឹកជ្រៅដ៏ធំសម្បើម ដែលអាចស្រូបយកទំនិញនាំចេញ-នាំចូលក្នុងប្រទេសបានដល់ ៧០ភាគរយ។ គម្រោងនេះ កំពុងស្ថិតនៅក្នុងដំណាក់កាលទី១ និងទី២ (ពីឆ្នាំ២០២០ ដល់២០២៥) មានជម្រៅទឹក១៣ ម៉ែត្រ និងគ្រោងពង្រីកបន្ថែមទៀតសម្រាប់ ជំហានទី៣ និងទី៤ (ពីឆ្នាំ២០២៦ ដល់២០២៨) មានលទ្ធភាពឱ្យនាវាជម្រៅទឹក ១៥ម៉ែត្រចូលចតបាន ធ្វើឲ្យតម្លៃដឹកជញ្ជូនមានការធ្លាក់ចុះ។ (អានបន្ថែម និងបន្ថែម)

ព្រលានយន្តហោះអន្តរជាតិ
ព្រលានយន្តហោះអន្តរជាតិ ដែលជាកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនបារាំង ក៏បានពង្រីកផ្លូវហោះហើរ ដែលអាចឱ្យយន្តហោះ ដែលមានកៅអី ៣ជួរ ចុះចតបាន និងមានផ្លូវរត់រហូតដល់ ៣ ២០០ម៉ែត្រ នៅឆ្នាំ២០២១ និង២០២២ ខាងមុខ។ (អានបន្ថែម និង បន្ថែម)

កំណែលម្អផ្លូវខេត្តនានា
រដ្ឋាភិបាលក៏បាន និងកំពុងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវមួយចំនួនដូចជា ផ្លូវ ៣៤ខ្សែ ស្ពានថ្មីចំនួន៥ និងរង្វង់មូល០៣ ក្នុងក្រុងព្រះសីហនុ ដែលទើបតែបញ្ចប់ការសាងសង់កាលពីថ្មីៗនេះ ។ រដ្ឋបាលខេត្តបច្ចុប្បន្នកំពុងកសាងប្រព័ន្ធលូ រៀបចំខឿន ផ្លូវថ្មើរជើង ផ្លូវជិះកង់ ដាំដើមឈើ ភ្លើងបំភ្លឺផ្លូវ ដាក់កាំម៉ារ៉ាសុវត្ថិភាព អ៊ុតបេទីម និងគំនូសចរាចរណ៍ ។ (អានបន្ថែម)

លើសពីនេះ រដ្ឋាភិបាលក៏បានបញ្ចេញថវិកាចំនួន ១០០លានដុល្លារ ដើម្បីអនុវត្តគម្រោងស្ថាបនាផ្លូវចំនួន១១ខ្សែ ដែលបច្ចុប្បន្នសម្រេចបានប្រមាណ ១០% ហើយ។ ជាមួយគ្នានេះដែរ ក៏មានការស្តារអូរប្រឡាយធម្មជាតិមានប្រវែងសរុប ១១ ០៨៧ម៉ែត្រ ដែលបច្ចុប្បន្នសម្រេចបានជាង ៧០% ហើយ។

អាងប្រព្រឹត្តកម្មទឹកកខ្វក់
រដ្ឋាភិបាលក៏កំពុងសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន២ ដើម្បីកាត់បន្ថយទឹកកខ្វក់ហូរចូលសមុទ្រ ដែលបច្ចុប្បន្នសម្រេចបាន ២០ភាគរយ ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២០ខាងមុខនេះ។ លើសពី ក៏មានការសាងសង់បង្គន់អនាម័យនៅតាមតំបន់ឆ្នេរចំនួន ១៥ ទៅ ១៦កន្លែង មានឆ្នេរប្រវែង ១៥គីឡូម៉ែត្រ ចាប់ពីឆ្នេរជ័យជំនះរហូតដល់ឆ្នេរជំទាវម៉ៅផងដែរ។

ទីលានចាក់សម្រាម
ក្រុមការងារបានសម្រេចការងារបឋម ដូចជា ការដោះមីន ឆ្កាព្រៃ និងសំអាតដី បាន ១០០% ហើយ សម្រាប់គម្រោងសាងសង់ទីលានចាក់សំរាមថ្មីលើផ្ទៃដីប្រមាណ ១៧ហិកតា ក្នុងខេត្តព្រះសីហនុ។ ទីលានចាក់សំរាមនេះ នឹងត្រូវចំណាយទឹកប្រាក់ប្រមាណ ៥លានដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដែលចាប់ផ្ដើមកាលពីថ្ងៃទី ០១ ខែកក្កដា កន្លងមកនេះ ហើយគ្រោងនឹងបញ្ចប់ការក្នុងរយៈពេល ១៧ខែ ខាងមុខ។ (អានបន្ថែម)
ទាំងនេះ គ្រាន់តែជាសមិទ្ធិផលត្រួសៗ តែប៉ុណ្ណោះ ខេត្តព្រះសីហនុនៅមានគម្រោងផ្សេងៗជាច្រើនទៀត។ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ ខេត្តព្រះសីហនុគឺខេត្តដែលមានសក្តានុពលខ្ពស់ និងទទួលបានប្រជាប្រិយភាពខាងវិស័យទេសចរ ដោយត្រូវបានគេដាក់ងារថាជា តារារះនាទិសនារតី។

- Video Advertisement -