សម្ដេចហ៊ុន សែន៖ ស្ពានក្រចេះ-កំពង់ធំ នឹងបើកការដ្ឋានឆ្នាំ២០២៣ ព្រមសង់ផ្លូវថ្មីដល់កំពង់ថ្ម

គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ រវាងខេត្តក្រចេះ និងខេត្តកំពង់ធំ គ្រោងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៣ នៅក្រោមកម្ចីសម្បទានរបស់ប្រទេសចិន ព្រមនឹងផ្លូវថ្មី១ ខ្សែកាត់ដល់កំពង់ថ្ម។

នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីកាលបរិច្ឆេទបើកការដ្ឋានស្ពាននេះ នៅក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ។

សម្តេចថា៖ «ឆ្នាំ២០២៣នេះ គឺនឹងសម្ពោធបើកការដ្ឋានសាងសង់ស្ពានឆ្លងនៅម្តុំក្បែរទីរួមខេត្តក្រចេះ ដើម្បីតភ្ជាប់ទៅកំពង់ធំ។ ការតភ្ជាប់ស្ពាននៅខេត្តក្រចេះនេះ មិនមែនត្រឹមតែចម្លងត្រើយម្ខាងទៅត្រើយម្ខាងទេ ប៉ុន្តែយើងកាត់ផ្លូវមួយខ្សែដល់កំពង់ថ្ម ខេត្តកំពង់ធំ តែម្ដង»។

សូមបញ្ជាក់ថា តាមការសិក្សារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្ពាន ១ ខ្សែនេះ មានប្រវែង ១ ៧៦១ ម៉ែត្រ ដែលនឹងត្រូវសាងសង់ឡើងក្រោមថវិកាកម្ចីសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន ហើយនឹងប្រើប្រាស់រយៈពេលចន្លោះពី ២ ទៅ ៣ ឆ្នាំ ក្នុងការសាងសង់។

បើតាមសម្តេចតេជោ ការសាងសង់ដោយប្រទេសចិន អាចនឹងលឿនជាងផែនការ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា៖ «ព្រោះមិត្តចិន កាលណាគាត់និយាយហើយ គាត់ធ្វើលឿនជាងផែនការកំណត់ នេះជាទម្លាប់របស់ចិន គាត់និយាយតិច តែគាត់ធ្វើច្រើន»។

ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានឱ្យដឹងថា ក្រសួងបានបញ្ចប់ការចរចាជាមួយក្រុមហ៊ុនម៉ៅការរួចហើយ ខណៈមិត្តចិនក៏បានព្រមព្រៀងផ្ដល់ថវិកាកម្ចីហើយ ការសិក្សា និងផែនការក៏សម្រេចហើយដែរ។ [អានបន្ថែម]

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]