សម្ដេច៖ ពលរដ្ឋរុនតាឯក និងពាក់ស្នែង នឹងទទួលបានប្លង់រឹងពេញសិទ្ធិ មិនមែនប្លង់សម្បទានទេ

សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានចេញបញ្ជាថា ពលរដ្ឋដែលប្ដូរទីលំនៅទៅរុនតាឯក និងពាក់ស្នែង នឹងត្រូវទទួលបានប្លង់រឹងពេញសិទ្ធិ មិនមែនជាប្លង់ដីសម្បទានសង្គមកិច្ចនោះទេ។

សម្ដេច បានឱ្យដឹងដូច្នេះ ក្នុងថ្ងៃទី ២១ តុលា ដោយបញ្ជាឱ្យក្រសួងដែនដីត្រូវរៀបចំចុះបញ្ជីដីនៅទីតាំងនោះជាប្រព័ន្ធឱ្យបានត្រឹមត្រូវ ហើយចេញបណ្ណកម្មសិទ្ធិ ដែលអាចបន្ដដល់កូនដល់ចៅបានយ៉ាងស្របច្បាប់។

«ខ្ញុំគិតថា ត្រូវចេញបណ្ណកម្មសិទ្ធិ ឱ្យបងប្អូនតែម្ដងទៅ ដើម្បីបងប្អូនយកទៅដាក់នៅធនាគារ ខ្ចីប្រាក់គេបាន។ បើជាដីសម្បទានសង្គមកិច្ច បងប្អូនអត់អាចទៅរកខ្ចីប្រាក់ធនាគារបានទេ ព្រោះគ្មានប្លង់ » សម្ដេច មានប្រសាសន៍។

«រឿងនេះខ្ញុំសូមបញ្ជាក់ថាប៉ុន្តែត្រូវមកនៅសិន ទើបយើងចេញប្លង់បណ្ណកម្មសិទ្ធិឱ្យ ដោយ ត្រូវរៀបចំការចុះបញ្ជីដីធ្លីជាប្រព័ន្ធ ដើម្បីឱ្យក្លាយជាទីតាំងរដ្ឋបាលថ្មីតែម្ដង» សម្ដេចបន្ដ។

យ៉ាងណាក្ដី សម្ដេចបញ្ជាក់ថា ម្ចាស់ដីគឺហាមលក់ហើយ ដូរទៅរស់នៅខុសច្បាប់នៅតំបន់អង្គរ ដូចដើម ដោយ កម្មសិទ្ធិដីឱ្យតែម្ដងនោះទេ។

គួរបញ្ជាក់ថា ជាទូទៅបានជាដីសង្គមកិច្ចម្ចាស់ដីគ្មានសិទ្ធិលក់ដូរទេ ពោលគឺមានសិទ្ធិត្រឹមប្រើប្រាស់ប៉ុណ្ណោះ ដែលខុសពីប្លង់រឹង។

មកទល់បច្ចុប្បន្ន នៅតំបន់រុនតាឯកមានប្រជាពលរដ្ឋចាប់ឆ្នោតបានដីជាង ៦៤០០ គ្រួសារហើយ ខណៈនៅតំបន់ពាក់ស្នែង មានជាង ៣២០០ គ្រួសារ។

សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលនឹងអភិវឌ្ឍតំបន់រុនតាឯក ឱ្យក្លាយជាកូនក្រុងសក្ដានុពលថ្មីមួយ ដែលមានហេដ្ឋារចនាសម្ព័ន្ធចាំបាច់គ្រប់ជ្រុងជ្រោយ សាកសម្យនឹងការរស់នៅ និងប្រកបអាជីពរបស់ពលរដ្ឋជាង ៦០០០ គ្រួសារ នាពេលអនាគត។ (អានបន្ថែម)

 

- Video Advertisement -