សម្ដេច ប្រើធម៌ក្ដៅលើអាជីវកម្មកាស៊ីណូ និងព្រមានដកមន្រ្ដីណាដែលមិនអនុវត្តច្បាប់
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញវិធានការណ៍ក្ដៅបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងឧក្រិដ្ឋកម្មពាក់ព័ន្ធនានាឱ្យបានទាន់ពេលវេលា ដោយសង្កត់ធ្ងន់ថាកម្ពុជាមិនបណ្ដោយឱ្យ «អំពើអនាធិបតេយ្យ» កើតឡើងនោះទេ។
បើតាមរយៈសារជាសំឡេងនាថ្ងៃទី ១៧ ខែកញ្ញា សម្ដេច បានបញ្ជាដាច់ណាត់ឱ្យអាជ្ញាធរខេត្ត និងតំបន់ ចុះបង្រ្កាបឱ្យបានតឹងរឹង ខណៈព្រមានដកតំណែងអភិបាលរាជធានី ខេត្ត ស្រុក ខណ្ឌ ឬមន្ត្រីនគរបាលណាដែលរកឃើញថាមិនទទួលខុសត្រូវ។
«ខ្ញុំសុំចេញបញ្ជាដោយម៉ឺងម៉ាត់បំផុតថា សុំឱ្យចាត់វិធានការបង្ក្រាបឱ្យបានទាន់ពេលវេលា និងដាច់ណាត់បំផុត។ ខ្ញុំមិនស្ទាក់ស្ទើរជាមួយនឹងការដកចេញពីមុខតំណែងនូវអភិបាលខេត្ត ឬរាជធានី អភិបាលស្រុក ខណ្ឌ ក្រុង ឬមន្ត្រីគរបាលថ្នាក់ណាក៏ដោយ ដែលរកឃើញថាមិនទទួលខុសត្រូវលើមុខងាររបស់ខ្លួន»។
សម្ដេចបន្តថា ខ្ញុំនឹងមិនអាចបណ្ដោយឱ្យសភាពការណ៍បង្កឡើងបែបអនាធិបតេយ្យក្នុងបនល្បែងតទៅទៀតទេ ព្រោះវាមិនមែនជាការជួយជំរុញកំណើនសេដ្ឋកិច្ចនោះទេ ក៏ប៉ុន្តែវាបែរជាបណ្តាលឱ្យមានមនុស្សជាច្រើនត្រូវខូចខាត និងត្រូវលក់គោ ក្របី ដីធ្លីព្រោះតែការ «ចាញ់ល្បែង» ដូចជាការជល់មាន់ បានក្លាយជាប្រភេទល្បែងជល់មាន់តាមអនឡាញ ឬក៏លេងល្បែងតាមអនឡាញនៅតាមហាងកាហ្វេ និងនៅតាមទីកន្លែងនានា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា៖«ខ្ញុំក៏សុំយកឱកាសនេះ បញ្ជាក់ទៅអស់លោកអ្នករកស៊ីទាំងឡាយ ជាម្ចាស់ទីតាំងប្រកបរបរអាជីវកម្មដូចជាលក់គុយទាវ ហាងកាហ្វេ ដែលបង្កប់ដោយល្បែងក្នុងនោះ ដូច្នេះចាំបាច់ត្រូវតែបិទចោល ដោយមិនឱ្យប្រកបរបររកស៊ីតទៅទៀតទេ ត្រូវធ្វើវិធានការនេះឱ្យដាច់ណាត់បំផុត ហើយវាគ្មានការចាំបាច់អីដើម្បីមករំខាននាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីមហាផ្ទៃនោះទេ»៕
គួរបញ្ជាក់ថា ការចេញបញ្ជានេះ គឺស្របនឹងបញ្ហាឧក្រិដ្ឋកម្មជាច្រើនដូចជា ការជួញដូរមនុស្ស និងការឃាត់ខ្លួនពលករជាដើម ដែលកំពុងក្ដៅគគុកទាំងនៅទីក្រុងបាវិត និងខេត្តព្រះសីហនុ។

