សម្ដេច ហ៊ុន សែន បើកការដ្ឋានគម្រោងលើកកម្ពស់ផ្លូវលេខ៤៨ ស្រែអំបិល-កោះកុង ជាផ្លូវការ

គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ ៤៨ តភ្ជាប់ពីចំណុចផ្លូវបំបែកស្រែអំបិល ទៅទីរួមខេត្តកោះកុង ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នេះ។

ពិធីបើកការដ្ឋាន ធ្វើឡើងនៅខេត្តកោះកុង នៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

យោងតាមក្រសួងសាធារណករ និងដឹកជញ្ជូន គម្រោងនេះ នឹងប្រើប្រាស់ថវិកាប្រមាណ ៦៥លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ជាមួយនឹងថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទះ។

ផ្លូវនេះនឹងសាងសង់ដោយក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture។

ការដ្ឋានសាងសង់នឹងប្រើប្រាស់រយៈពេលសាងសង់ ៣២ខែ ដោយគ្រោងនឹងបញ្ចប់នៅអំឡុងខែមិថុនា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ៤៨ មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

គម្រោងនេះ រួមមាន ផ្លូវ ២គន្លង មានប្រវែង ១២២,៩គីឡូម៉ែត្រ ទទឹងផ្លូវ ១១ម៉ែត្រ និង ផ្លូវ៤គន្លង មានប្រវែង ២៥,១គីឡូម៉ែត្រ ទទឹងចាប់ពី ១៨,៥ម៉ែត្រ ដល់ ២១,៥ម៉ែត្រ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]