សម្ដេច ៖ ហេដ្ឋារចនាសម្ព័ន្ធជាកត្តា ១ ក្នុងចំណោមចលករ ៦ ជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា កំណើនហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទូទាំងប្រទេស ជាចលករសំខាន់១ ក្នុងចំណោមចលករ៦ ដែលជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច និងពិសេសធ្វើឱ្យកម្ពុជាប្រារព្ធពិធីបុណ្យចូលខ្មែរបានដោយជោគជ័យ។
សម្ដេចបានឱ្យដឹងកាលពី ថ្ងៃទី២០ ខែមេសា នេះ កត្តាទាំង ៦ រួមមាន សុខសន្តិភាព ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ កំណើនមធ្យោបាយធ្វើដំណើរកាន់តែច្រើន កំណើនប្រាក់ចំណូល ការកើតឡើងថ្មីនៃតំបន់ទេសចរណ៍ និងភាពសាំសហគមន៍ដែលបានពីការចាក់វ៉ាក់សាំង។
«ដោយសារកត្តា៦ នេះហើយ ដែលធ្វើឱ្យប្រជាពលរដ្ឋសប្បាយរីករាយក្នុងពេលចូលឆ្នាំថ្មី» សម្ដេចបន្ដ។
«ខ្ញុំនៅតែឱ្យតម្លៃទៅលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ មានស្ពានក្នុងការធ្វើដំណើរ …ការភ្ជាប់របៀងរបស់យើង ធ្វើឱ្យប្រជាពលរដ្ឋមិនចាំបាច់ធ្វើដំណើរបកក្រោយទេ»។
បន្ថែមពីលើនេះ សម្តេចតេជោ បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ក៏កំពុងខិតខំគៀងគរថវិកាជាតិ កម្ចីសម្បទានពីដៃគូអភិវឌ្ឍន៍ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានបន្ថែមទៀត។

