សម្តេចតេជោប្រកាសសង់ផ្ទះឱ្យអតីតយុទ្ធជនឱ្យបាន ១០០ខ្នង ក្នុង១ឆ្នំា សម្រាប់រយៈពេល៥ឆ្នាំ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រកាសសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន ឱ្យបាន ១០០ខ្នង ក្នុង១ឆ្នំា សម្រាប់រយៈពេល ៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០។
នេះបើតាមការថ្លែងរបស់សម្តេចតេជោ ក្នុងឱកាសមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។
សម្តេចតេជោ បានថ្លែងថា ការជួយសាងសង់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជន សំដៅធ្វើយ៉ាងណាក្នុងការជួយសម្រាលទុក្ខលំបាក និងលើកកម្ពស់ជីវភាព អតីតយុទ្ធជន និងនិវត្តជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។
សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា ឆ្នាំ២០២៥នេះ ផ្ទះដែលនឹងត្រូវធ្វើជូនដល់អតីតយុទ្ធជន និងនិវត្តជន គឺមានចំនួន ៥៤០ខ្នងហើយ ក្នុងនោះមានអំណោយរបស់សម្តេចតេជោចំនួន ១០០ខ្នង និងពីសប្បុរសជននានាផ្សេងៗទៀតចំនួន ៤៤០ខ្នងផងដែរ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានរំលេចជាចុងក្រោយថា បន្ទាប់ពីឆ្នាំ២០៣០ រួចហើយនោះ សម្តេចនឹងបន្តពិនិត្យមើលបន្តទៀត សម្រាប់ការជួយសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជននេះផងដែរ។
- Video Advertisement -