សម្តេចស្នើឱ្យស្ថាប័នពាក់ព័ន្ធសិក្សាអំពីការកសាងផ្លូវថ្មីពីខេត្តបាត់ដំបងទៅខេត្តសៀមរាប
ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យស្ថាប័នពាក់ព័ន្ធ ធ្វើការសិក្សាការកសាងផ្លូវថ្មី ដែលតភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប ដែលផ្លូវនេះអាចកាត់បន្ថយពេលវេលា ក្នុងការធ្វើដំណើរ ដោយចំណេញចម្ងាយរហូតដល់៦៩គីឡូម៉ែត្រ។
ការស្នើនេះ បានធ្វើឡើងនៅក្នុងពិធីអបអរសាទរបុណ្យទន្លេលើកទី៦ ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព» នារសៀលថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២០ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «យើងនឹងខំរៀបចំដើម្បីកសាងផ្លូវតភ្ជាប់រវាងខេត្តបាត់ដំបង ជាមួយនឹងខេត្តសៀមរាប ដែលផ្លូវនោះនឹងអាចជួយកាត់បន្ថយចំណាយនៃការធ្វើដំណើរ ដែលជាការធ្វើដំណើរពីបាត់ដំបង ទៅបន្ទាយមានជ័យ ហើយទៅកាន់ខេត្តសៀមរាប។ ប្រៀបធៀបនឹងផ្លូវថ្មី យើងអាចចំណេញរហូតដល់៦៩គីឡូម៉ែត្រ ដែលជាការតភ្ជាប់មួយក្នុងចំណោមការតភ្ជាប់ខាងផ្នែកគមនាគមន៍របស់យើង»។
សម្តេច តេជោ បានមានប្រសាសន៍ថែមទៀតថា «ចំណុចនេះ គឺស្ថិតនៅក្នុងបេក្ខភាពគម្រោងនៅឆ្នាំ២០២១។ ប្រសិនបើការសិក្សាជាក់លាក់រួចហើយនោះ យើងនឹងរកឥណទាន ដើម្បីធ្វើផ្លូវមួយខ្សែនេះ ដែលជាការតភ្ជាប់មួយដ៏សំខាន់ សម្រាប់ខេត្តបាត់ដំបង បន្ទាប់ពីខេត្តនានាដែលជាប់នឹងខេត្តបាត់ដំបងនេះ បានតភ្ជាប់ជាមួយនឹងខេត្តជុំវិញរួចហើយ ក្នុងនោះមានខេត្តបន្ទាយមានជ័យ ទៅខេត្តប៉ៃលិន ហើយពោធិ៍សាត់តភ្ជាប់ទៅខេត្តកោះកុង»។
ក្នុងឱកាសនោះដែរ សម្តេចតេជោ ក៏បានណែនាំអោយសាលាខេត្ត និងក្រសួងមន្ទីរពាក់ព័ន្ធសិក្សាលទ្ធភាពកែលម្អ និងដាក់ដំណើរការឡើងវិញព្រលានយន្តហោះបែកចាន ក្នុងខេត្តបាត់ដំបង ដើម្បីជួយសម្រួលដល់អាកាសចរក្នុងស្រុកឱ្យបានកាន់តែមានភាពងាយស្រួលជាងមុន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «បើទោះបីពេលនេះមិនទាន់ត្រូវការ ក៏ប៉ុន្តែនៅពេលខាងមុខនេះ យើងច្បាស់ជាត្រូវការព្រលានយន្តហោះសម្រាប់ ខេត្តបាត់ដំបង។ ដូច្នេះ បានជាខ្ញុំស្នើឲ្យឯកឧត្តមអភិបាលខេត្ត ស្នើឲ្យសម្តេចក្រឡាហោម ស ខេង យកចិត្តទុកដាក់ទៅលើការគ្រប់គ្រង ដីធ្លីនៅក្នុងតំបន់នេះ និងជៀសវាងនូវការកសាងសំណង់ខ្ពស់ ដែលវាអាចប៉ះពាល់ដល់ការហោះហើរ នៅពេលដែលយើងពង្រីកព្រលានយន្តហោះមួយនេះ»៕

- Video Advertisement -