សម្តេច៖ ជំរុញនិងលើកទឹកចិត្តឱ្យបណ្តុះធនធានមនុស្ស ដើម្បីបំពេញតម្រូវការវិនិយោគិនក្នុងស្រុក
សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យបណ្តុះធនធានមនុស្សក្នុងស្រុកឱ្យមានសមត្ថភាពកាន់តែខ្លាំង ដើម្បីបំពេញតម្រូវការលើគ្រប់មុខជំនាញ ដើម្បីឆ្លើយតបទៅនឹងការវិនិយោគនៅកម្ពុជា ដែលកំពុងតែរីកចម្រើនខ្លាំង ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុបចំនួន ៦២៣នាក់ នៅថ្ងៃទី ១៧ ខែសីហា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា វិនិយោគនៅក្នុងប្រទេសកាន់តែដើរតួនាទីធំឡើងៗ ដូចជា ការអភិវឌ្ឍ បុរី ខុនដូ ដែលភាគច្រើនសាងសង់ដោយអ្នកវិនិយោគនៅក្នុងស្រុក។
សម្តេចតេជោ ហ៊ុន សែន លើកឡើងថា សំណួររបស់អ្នកវិនិយោគបរទេស ពេលចូលមកវិនិយោគនៅកម្ពុជា គេមានសំណួរដំបូងមួយដែលសំខាន់ គឺតើធនធានមនុស្សរបស់កម្ពុជាដល់កម្រិតណា តើគេអាចរកមនុស្សធ្វើការក្នុងស្រុកបានទេ ដោយបញ្ជាក់ថា គេមិនចង់រកជំនាញការឯកទេសពីខាងក្រៅមកធ្វើទេ ព្រោះកម្លាំងពលកម្មវាថ្លៃពេក គេចង់រកធនធានមនុស្សនៅក្នុងស្រុក ដែលទទួលបាននូវការបណ្តុះបណ្តាល។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ “ការវិនិយោគក្នុងសុ្រករបស់យើងកាន់តែធំទៅៗ ហើយគេត្រូវការធនធានមនុស្ស។ ដូច្នេះហើយបានជាយើងជំរុញការបណ្តុះបណ្តាលដើម្បីទាក់ទាញការវិនិយោគពីខាងក្រៅ”។