សម្តេច បញ្ជារដ្ឋមន្ត្រីបរិស្ថានឱ្យធ្វើការបែងចែកការប្រើប្រាស់ដី ឆ្នាំ២០២២ ជាបន្ទាន់
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឱ្យសិក្សាអំពីការបែងចែកការប្រើប្រាស់ដីនៅកម្ពុជាក្នុងឆ្នាំ ២០២២ ជាបន្ទាន់ ថាតើវិវឌ្ឍន៍ដល់ណាហើយ។
សម្ដេចលើកឡើងដូច្នេះ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសបើកការដ្ឋានស្ពានអាកាសថ្មី២ ក្នុងទីក្រុងភ្នំពេញ។
សម្ដេចមានប្រសាសន៍ថា៖ «ចំនុចនេះសំខាន់ណាស់សម្រាប់យើងក្នុងការធ្វើគណនាអំពីចំនួនកើនឡើងនៃលំនៅឋាន ឬហេដ្ឋារចនាសម្ព័ន្ធដំណាំដាំដុះ…និយាយរួមការប្រើប្រាស់ដី»។
សម្តេចតេជោ បានបន្តថា «…ខ្ញុំបានបញ្ជាពីម្សិលថា ត្រូវសិក្សាឱ្យបានច្បាស់ថា សម្រាប់ការកសាងផ្លូវស៊ី [ចំណាយ] ដីអស់ប៉ុន្មាន? កសាងប្រព័ន្ធប្រឡាយទឹកស៊ីដីអស់ប៉ុន្មាន? មានផ្លូវកៅស៊ូ ផ្លូវលំ ក៏ចាត់ចូលដែរ ដើម្បីយើងកាត់ចេញពីចំណែកដីបង្កបង្កើនផល»។
សម្តេចហ៊ុនសែន ក៏បានបញ្ជាបន្ថែមឱ្យ ឯកឧត្តម ផៃ ប៊ុនឈឿន ទៅពិភាក្សាជាមួយឯកឧត្តម សាយ សំអាល់ រកឱ្យឃើញថាតើផ្ទៃដីធ្វើផ្លូវបានចូលទៅក្នុងផ្ទៃដីលំនៅឋានទេ ហើយផ្ទៃដីសម្រាប់សម្រាប់ប្រព័ន្ធធារាសាស្ត្រ បានចូលទៅក្នុងផ្ទៃដីនៃដំណាំស្រូវទេ។
សម្តេចតេជោ បានបញ្ជាក់ថា ការឃើញនូវចំណុចនេះ យើងអាចយល់ដឹងបានពីការរីកចំរើននៃផលដំណាំសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
គិតពីក្នុងខែមករា ដល់ថ្ងៃទី៣១ ខែមេសា ឆ្នាំ២០២២ គេបានរកឃើញថាផ្ទៃទឹកខែប្រាំង ៤៩១ ២៥៣ហិកតា វាលស្មៅមានចំនួន ៦៦១ ៦៥១ហិកតា ផ្ទៃដីលំនៅឋាន មាន ៣៧៧ ៣៥៧ ហិកតា ដែលជាការកើនឡើងផ្ទៃដីចំនួនប្រជាជនតាំងទីលំនៅ ហើយនឹងបន្តកើនដោយសារការកសាងចំនួនលំនៅឋានកើនឡើង។
សម្រាប់ប្រភេទដីព្រៃវិញ គឺចែកជា ៥ប្រភេទ រួមមាន ១.ព្រៃស្រោកមាន ៣ ៥៧២ ៥១៣ហិកតា ២.ព្រៃបៃតងមាន ៣ ១៣៧ ៤៩៥ហិកតា ៣.ព្រៃរបោះមាន ១ ៤៤៤ ៥៣៩ហិកតា ៤.ព្រៃលិចទឹកមាន ៧១៩ ៦៦៨ហិកតា ៥.ព្រៃកោងកាងមាន ៧៨ ៩១៣ហិកតា។
មួយវិញទៀត ចំពោះដីដាំដុះដំណាំវិញ ត្រូវបានចែកចេញជា ១៣ប្រភេទ ក្នុងនោះ កៅស៊ូ ៦០៦ ៤៥៥ហិកតា ផ្ទៃដីដំណាំស្រូវ ៤ ០៦១ ៨១៦ហិកតា ស្វាយ ២៩៩ ៧១០ហិកតា ស្វាយចន្ទីរ ២៣០ ២០២ហិកតា ពោត ១៦៤ ៦២៨ហិកតា អំពៅ ១៣៣ ៩០៩ហិកតា ឬស្សី ១១៣ ៥០៦ហិកតា ម្រេច ៤៧ ៨៧១ហិកតា ចេក ៣១ ៧៧២ហិកតា ដូងប្រេង ២២ ០៧៨ហិកតា ដំណាំតាង៉ែន ៣៦២៧ហិកតា ដំណាំហូបផ្លែដទៃទៀតមាន ២៥៥ ៣០០ហិកតា និងផ្សេងៗ ១ ៦៥១ ១១១ហិកតា។
- Video Advertisement -