សម្តេច ហ៊ុន សែន៖ តម្រូវការលំនៅឋានរបស់ប្រជាពលរដ្ឋនៅតែមាន ទោះបីមានកូវីដ១៩

ប្រជាពលរដ្ឋខ្មែរ នៅតែមានលទ្ធភាពទិញលំនៅឋាន នៅតាមគម្រោងសាងសង់លំនៅឋាននានា បើទោះជាមានការរីករាលដាលជំងឺកូវីដ១៩។ ទោះយ៉ាងណាក្តី សេដ្ឋកិច្ចកម្ពុជាត្រូវបានគេព្យាករថា មានកំណើនអវិជ្ជមានក្នុងឆ្នាំ ២០២០ នេះ។

ក្នុងពេលចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានភ្នំពេញថ្មី នៅថ្ងៃទី ២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២០ នេះ អាចនឹងធ្លាក់ចុះប្រមាណ -១.៩ ភាគរយ ដែលជារឿងមិនធ្លាប់មានរយៈពេល ២០ ឆ្នាំកន្លងមកនេះ ដោយសារការរីករាលដាលជំងឺកូវីដ ប៉ុន្តែបច្ចុប្បន្ននេះ មិនទាន់មានក្រុមហ៊ុនណាប្រកាសក្ស័យធុនលើការវិនិយោគ ឬផ្អាកគម្រោងសាងសង់នោះទេ។

សម្តេចបន្តថា គម្រោងសាងសង់នានា ទាំងរបស់រដ្ឋ និងឯកជន ដូចជាគម្រោងផ្លូវថ្នល់ អាកាសយានដ្ឋាន និងគម្រោងលំនៅឋាននានា នៅតែបន្តដំណើរការតាមការគ្រោងទុក។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “ដូចជាក្រុមហ៊ុននៅទីនេះ វិនិយោគប្រមាណ ១, ៥ ពាន់លានដុល្លារ ក្រុមហ៊ុនមួយនេះ អត់ទាន់និយាយពីរឿងខ្វះលុយ ហើយផ្អាកដំណើរការសាងសង់ទៀត។ យើងមានក្រុមហ៊ុនដទៃទៀត ដូចជាក្រុមហ៊ុនប៉េង ហ៊ួត ក្រុមហ៊ុនជីប ម៉ុង កំពុងតែបើកការដ្ឋានសាងសង់ទាំងអស់ អភិវឌ្ឍន៍សាងសង់យ៉ាងមិច នៅតែសាងសង់ដដែល”។

សម្តេចបន្តថា ក្រុមហ៊ុនធំៗ ដែលសម្តេចបានជួប លើកឡើងថា ការលក់គម្រោងលំនៅឋាននានា នៅតែមាន គ្រាន់តែមានចំនួនតិចជាងមុន ដែលនេះ បានឆ្លុះបញ្ចាំងថាប្រជាជនខ្មែរនៅមានលទ្ធភាពទិញផ្ទះ ទោះបីមានវិបត្តិកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនត្រឹមតែការដ្ឋានព្រលានយន្តហោះអន្តរជាតិថ្មីនោះទេដែលនៅបន្តដំណើរការ ទោះបីមានការរីករាលដាលជំងឺកូវីដ ១៩ តែគ្រប់ការដ្ឋានទាំងអស់នៅទូទាំងប្រទេស ត្រូវតែបន្តដំណើរការ។

សូមបញ្ជាក់ជូនថា គម្រោងវិនិយោគអកាសយានដ្ឋានភ្នំពេញថ្មី វិនិយោគដោយក្រុមហ៊ុន OCIC នៅលើផ្ទៃដីសរុប ប្រមាណ ២ ៦០០ហិកតា ស្ថិតនៅក្នុខេត្តកណ្តាល និងខេត្តតាកែវ។ គម្រោងវិនិយោគទឹកប្រាក់ ១ ៥០០ លានដុល្លារនេះ គ្រោងបញ្ចប់ និងដាក់ដំណើរការ នៅក្នុងឆ្នាំ២០២៣៕(អានបន្ថែម)

- Video Advertisement -