សហគមន៍កូរ៉េ  ចង់មកជួយអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា

សាជីវកម្មសហគមន៍ជនបទប្រទេសកូរ៉េ (KRC) បានជួបពិភាក្សាជាមួយក្រសួងធនធានទឹក ដើម្បីស្វែងយល់ពីវិស័យធនធានទឹក ខណៈស្ថាប័ននេះ ក៏បានបង្ហាញពីបំណងចង់ជួយអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជាផងដែរ។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ និងជានាយកគម្រោងដែលទទួលហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ ជាមួយលោក គីម ជុង គ្យុង តំណាងប្រតិភូ KRC នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។

នាឱកាសនោះ លោក គីម ជុង គ្យុង បានឱ្យដឹងថា KRC មានបទពិសាធន៍ធ្វើការគ្រប់គ្រងបែងចែកទឹកក្នុងប្រពន្ធ័ធារាសាស្ត្រ និងអភិវឌ្ឍលើវិស័យធនធានទឹកនៅក្នុងប្រទេសកូរ៉េប្រមាណជាង ១០០ឆ្នាំមកហើយ ក៏ដូចជានៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍រួមទាំងប្រទេសកម្ពុជាផងដែរ។ លោកបន្តថា ផ្អែកលើភាពរីកចម្រើននៃបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន សាជីវកម្មសហគមន៍ជនបទកូរ៉េ មានបំណងចង់ជួយអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា ដែលពាក់ព័ន្ធនឹងជំនួយអភិវឌ្ឍន៍ផ្លូវការពីរដ្ឋាភិបាលកូរ៉េ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ស្ថាប័នសាជីវកម្មសហគមន៍ជនបទកូរ៉េ(KRC)។ ឯកឧត្តម ក៏បានជម្រាបពីបេសកកម្មការងាររបស់ក្រសួង ដែលបច្ចុប្បន្នកំពុងអនុវត្តលើវិស័យធនធានទឹក និងឧតុនិយម ដោយបានសង្ខេបប្រាប់អំពីបែបបទការងារសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានា ពិសេសជាមួយប្រទេសកូរ៉េ និងផែនការអភិវឌ្ឍន៍បន្តនាពេលខាងមុខផងដែរ។

គួររម្លឹកថា ក្នុងរយៈពេលជិត ២០ឆ្នាំ មកនេះ​ រដ្ឋាភិបាលកូរ៉េ បានផ្តល់ជំនួយមករាជរដ្ឋាភិបាលកម្ពុជា ក្នុងទំហំថវិកាប្រមាណ ៤៥០លានដុល្លារ ដើម្បីជួយដល់វិស័យធនធានទឹក និងឧតុនិយមកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាមួយលោកស្រី Minnie Chey នាយិកាប្រតិបត្តិធនាគារនីហរ័ណ អាហរ័ណកូរ៉េប្រចាំកម្ពុជា(K-EXIMBANK) កាលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងសិរីសោភ័ណ្ឌ សមត្ថភាពចម្រោះ ៣៥០០ម៉ែត្រគូបក្នុង១ថ្ងៃ ជិតបញ្ចប់ជាស្ថាពរ

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងសិរីសោភ័ណ្ឌ ដែលមានសម […]

ត្រឹមឆ្នាំ ២០២៤៖ ការផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងប្រទេសកម្ពុជា បានកើនឡើងជាង ៧០%

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ […]

ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខរបស់កូរ៉េ មកចែករំលែកបទពិសោធន៍គ្រប់គ្រងធនធានទឹកដល់កម្ពុជា

ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់កូរ៉េ HSCMT CO., LTD ប […]

បារាំង និងអឺរ៉ុប ប្តេជ្ញាជួយពង្រឹងវិស័យទឹកស្អាតនៅកម្ពុជា, ខណៈបារាំងគ្រោងផ្តល់ហិរញ្ញប្បទាន ២៧៥លានអឺរ៉ូ

ប្រទេសបារាំង និងសហភាពអឺរ៉ុបបានអះអាងជាថ្មីពីការយកចិត្តទុ […]