សាកលវិទ្យាល័យក្រចេះបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

សាកលវិទ្យាល័យក្រចេះ

នៅព្រឹកថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសាកលវិទ្យាល័យក្រចេះដែលស្ថិតនៅក្នុងទីរួមខេត្តក្រចេះ។

សាកលវិទ្យាល័យក្រចេះនេះត្រូវបានកសាងឡើងក្រោមថវិកា១២លានដុល្លារ ដែលក្នុងនោះជាង ២លានដុល្លាបានពីមូលនិធិសម្តេចតេជោ និង១០លានដុល្លារមានពីហិរញ្ញប្បទានឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន។

សាកលវិទ្យាល័យនេះមានជារួម អគារបណ្ណាល័យ ១ខ្នង អគារវិទ្យាស្ថានភាសា និងព័ត៌មានវិទ្យា ១ខ្នង អគារសាកលវិទ្យាធិការដ្ឋាន ១ខ្នង អគារវិទ្យាស្ថានមច្ឆវិទ្យា១ខ្នង អគារអភិសាល១ខ្នង អគារសិក្សា២ខ្នង អគារពិសោធន៍២ខ្នង អគាររោងជាង១ខ្នង អគារអាហារដ្ឋាន១ខ្នង អគារផ្គត់ផ្គង់ទឹកស្អាត និងបណ្តាញចែកចាយអគ្គិសនី ១ខ្នង។

ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសំដែងនូវក្តីរីករាយដែលបានអញ្ជើញមកសម្ពោធសាកលវិទ្យាល័យក្រចេះក្នុងថ្ងៃនេះ។ លើសពីនេះ សម្តេចក៏មានមោទនភាពចំពោះការកើតមានឡើងនូវសាកលវិទ្យាល័យដ៏ធំមួយនេះនៅខេត្តក្រចេះផងដែរ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា៖ “នេះជាគោលនយោបាយនៃចក្ខុវិស័យ របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍វិស័យអប់រំដែលបានកំណត់ថា ខេត្ត១ត្រូវមានសាកលវិទ្យាល៏យ១ ឃុំ១យ៉ាងហោចណាស់មានអនុវិទ្យាល័យ១ និងក្នុងស្រុក១អាចមានវិទ្យាល័យច្រើន”។

“កម្ពុជាត្រូវការកសាងសាលារៀននិងអគារស្នាក់នៅរបស់គ្រូ និងសិស្សបន្ថែមទៀតតាមតំបន់និងបណ្តាខេត្តនានា ដើម្បីបំពេញនូវតម្រូវការនៃការខ្វះខាតក្នុងការអភិវឌ្ឍវិស័យអប់រំអោយមានការរីកចម្រើនទៅមុខទៀត” សម្តេចហ៊ុន សែនបានបន្ត។

ក្រៅពីសាកលវិទ្យាល័យក្រចេះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសថានៅថ្ងៃខាងមុខកម្ពុជានឹងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅលើទឹកដីខេត្តក្រចេះដើម្បីជួយសម្រួលការងារ ការធ្វើដំណើរទៅមក និងជីវភាពរស់នៅរបស់ពលរដ្ឋក្នុងខេត្តក្រចេះអោយកាន់តែប្រសើរឡើង។

ជាកិច្ចបញ្ចប់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលបានចូលរួមចំណែកយ៉ាងសំខាន់ឧបត្ថម្ភជាហិរញ្ញប្បទានឥតសំណងក្នុងការរួមចំណែកកសាងនូវសាកលវិទ្យល័យក្រចេះនេះ ក៏ដូចជាជំនួយដទៃទៀតទៅទៅវិស័យផ្សេងៗជាពិសេស លើការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងរ៉ែនិងថាមល និងក្រុមហ៊ុន Toyota ពិនិត្យលទ្ធភាពជំរុញការប្រើប្រាស់រថយន្តអគ្គិសនី និងកូនកាត់នៅកម្ពុជា

ឯកឧត្តម កែវ រតនៈ និងអគ្គនាយកក្រុមហ៊ុន Toyota ប្រចាំកម្ព […]

Bentley ឈ្នះពានរង្វាន់ Gold Stevie Award សម្រាប់បច្ចេកវិទ្យា AI ក្នុងវិស្វកម្ម

Bentley Systems បានឈ្នះពានរង្វាន់ Gold Stevie Award for […]

ចិនប្តេជ្ញាជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រាស និងអ្នកធុរកិច្ចចិន ឱ្យទៅបោះទុនវិនិយោគនៅកម្ពុជា

ចិនបានប្តេជ្ញាថា នឹងជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រា […]

វិនិយោគិនអាម៉េរិក ស្វែងយល់ពីបរិយាកាសវិនិយោគ និងគោលនយោបាយលើកទឹកចិត្តនៅកម្ពុជា

ក្រោមការសម្របសម្រួលរបស់សភាពាណិជ្ជកម្មអាមេរិក-កម្ពុជា (A […]