សាលាក្រុងជំរុញឱ្យអាជ្ញាធរវាយចោលសំណង់ខុសច្បាប់ និងតឿនឱ្យប្រុងប្រយ័ត្នលើសំណង់ចាស់ៗ

អភិបាលរាជធានីភ្នំពេញឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ ហាមឃាត់ ឬវាយចោលប្រសិនបើចាំបាច់សម្រាប់គ្រប់ការដ្ឋានសំណង់ដែលខុសច្បាប់ឬអាចបង្កហានិភ័យ ហើយក៏បានជម្រុញឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់លើសំណង់អគារចាស់ៗ។ នេះបើយោងតាមគេហទំព័ររបស់ប្រសួងព័ត៌មាន។

ឯកឧត្ដមអភិបាលបានឱ្យដឹងដូច្នេះក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យសំណង់ក្នុងរាជធានីភ្នំពេញ កាលពី
ថ្ងៃទី២៩ កក្កដា ២០២០ កន្លងមកនេះ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា៖ «ចំពោះសំណង់ខុសប្លង់ លើស៥ ឬ១០ជាន់ បើចំបាច់ត្រូវវាយ ឬ កាត់ជាន់ចោល គឺត្រូវតែធ្វើ… មិនត្រូវទុករហូតបង្កហានិភ័យដល់មនុស្សនោះទេ»។

ប្រភពដដែលបានឲ្យដឹងថា ដើម្បីធានាឱ្យបាននូវគុណភាពសំណង់អគារគង់វង្សយូរអង្វែង ចំពោះសំណង់ដែលមានសភាពចាស់ទ្រុឌទ្រោមរដ្ឋបាលខណ្ឌទាំង១៤ ត្រូវចេញសេចក្ដីជូនដំណឹង និងចុះណែនាំជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងនោះមានការប្រុងប្រយ័ត្នខ្ពស់។

កិច្ចប្រជុំនេះដែរ ធ្វើឡើងក្រោយពេលដែលមានហេតុការណ៍ធ្លាក់ផ្ទាំងថ្មមួយដុំលើរថយន្ត កំពុងតែចតពីក្រោម សំណង់អគារចាស់មួយកន្លែងស្ថិតនៅទល់មុខអគារ BS ខណ្ឌ៧មករា កាលពីថ្ងៃទី២៤ កក្កដា ២០២០នេះ កន្លង។

ទាក់ទិននឹងបញ្ហានេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏ធ្លាប់បានចេញសេចក្ដីជូនដំណឹង កាលពីខែមីនា ឆ្នាំ២០១៩ ដើម្បីក្រើនរលឹកដល់ប្រជាជន ដែលកំពុងតែស្នាក់នៅ និងរស់នៅក្បែរអគារ ដែលកើតហេតុខាងលើ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះអាគារនេះមានសភាពពុកផុយខូចអស់ប្រមាណ ៥០% និងអាចបណ្ដាលឲ្យរលំបាក់ស្រុតនៅពេលណាមួយ។

គិតមកដល់ពេលនេះ ភ្នំពេញមានសំណង់អគារចាស់ៗទ្រុឌទ្រោមចំនួន ២៤៥កន្លែង ដែលបាននិងកំពុងបង្កហានិភ័យខ្ពស់ទាំងអ្នកស្នាក់នៅ និងអ្នកឆ្លងកាត់អគារទាំងនេះ។

- Video Advertisement -