សិង្ហបុរីយកមជ្ឈមណ្ឌល ពិព័រណ៍ដ៏ល្បី ចាងស៊ី ( Changi ) ជាមជ្ឈមណ្ឌលថែទាំអ្នកជំងឺកូវីដ ១៩

ប្រទេសសិង្ហបុរីបានសម្រេចយកមជ្ឈមណ្ឌលតាំងពិព័រណ៍ដ៏ល្បីរបស់ខ្លួន គឺមជ្ឈមណ្ឌលពិព័រណ៍ចាងស៊ី ( Changi Exhibition Centre) ធ្វើជាមជ្ឈមណ្ឌលថែទាំអ្នកជំងឺកូវីដ ១៩ ខណៈដែលប្រទេសនេះ ក្លាយជាប្រទេសដែលមានករណីឆ្លងច្រើនជាងគេនៅអាស៊ី បន្ទាប់ពីប្រទេសចិន ឥណ្ឌា។

អតីតមជ្ឈមណ្ឌលពិព័រណ៍យន្តហោះចាងស៊ី Changi ត្រូវបានប្រែក្លាយជាមជ្ឈមណ្ឌលថែទាំអ្នកជំងឺកូវីដ ១៩។ មជ្ឈមណ្ឌលនេះ ផ្ទៃក្រឡា ៣៣ ០០០ ម៉ែត្រការ៉េ ដែលអាចផ្ទុកអ្នកជំងឺបាន ២ ៧០០ នាក់ ក្នុងមជ្ឍមណ្ឌល និងកំពុងសាងសង់បរិវេណក្រៅមជ្ឍមណ្ឌលប្រមាណ ៧៥ ០០០ ម៉ែត្រការ៉េបន្ថែមទៀត ដែលអាចផ្ទុកអ្នកជំងឺបាន ៤ ៤០០ នាក់។ មជ្ឍមណ្ឌលនេះបើកទទួលអ្នកជំងឺ ៥០នាក់ លើកដំបូង កាលពីថ្ងៃទី២៥ ខែមេសាឆ្នាំ ២០២០នេះ។

នេះជាមជ្ឈមណ្ឌលថែទាំអ្នកជំងឺកូវីដ ១៩ ទីបីរបស់ប្រទេសបុរី សិង្ហបុរី ក្រៅពីរីស៊ត DESRESort NTUC ដែលស្ថិតនៅតំបន់ Pasir Ris ដែលអាចផ្ទុកអ្នកជំងឺបាន ៥០០ នាក់ និងមជ្ឈមណ្ឌលពិព័រណ៍សាំងហ្គាពួរ Singapore Expo ដែលអាចផ្ទុកអ្នកជំងឺបាន ១០០០ នាក់ ។

បន្ទប់នីមួយៗនៅក្នុងមជ្ឈមណ្ឌលអាចដាក់អ្នកជំងឺបានពី ៨ ទៅ ១០ នាក់ ដែលបំពាក់ដោយប្រព័ន្ធ WiFi កង្ហារ គ្រែ និងកន្លែងផ្ទុកឥវ៉ាន់ផងដែរ។ សម្រាប់ការបោកគក់ បន្ទប់ទឹក និងបង្គន់អនាម័យ ត្រូវបានដាក់នៅផ្នែកខាងក្រៅនៃមជ្ឈមណ្ឌល ដែលមានតែអ្នកជំងឺ និងបុគ្គលិកដែលមានសម្លៀកបំពាក់ការពារត្រឹមត្រូវទើបអនុញ្ញាតឱ្យចូលបាន។

គិតមកត្រឹមថ្ងៃទី ២៧ ខែមេសាឆ្នាំ ២០២០ នេះ សិង្ហបុរីរកឃើញករណីឆ្លងថ្មីចំនួន ៧៩៩ ករណី ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១១ ៨៦៣ នាក់ ដែលកំពុងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក និងព្យាបាលក្នុងមជ្ឈមណ្ឌលព្យាបាលអ្នកជំងឺកូវីដទាំងបីនេះ។ រហូតមកដល់ពេលនេះ សិង្ហបុរី មានអ្នកជាសះស្បើយចំនួន ១ ០៩៥ នាក់ហើយ នេះបើយោងតាមគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលសិង្ហបុរី៕

- Video Advertisement -