សួនទឹក Garden City Waterpark តម្លៃ៥៥លានដុល្លារ គ្រោងបើកដំណើរការនៅខែសីហានេះ

សួនទឹក Garden City Waterpark របស់ក្រុមហ៊ុនលីយ៉ុងផាត់ (LYP Group) តម្លៃជាង ៥៥លានដុល្លារ នៅជិតវិមានឈ្នះឈ្នះ គ្រោងនឹងបើកជាផ្លូវការ នៅថ្ងៃទី ១៧ ខែសីហានេះហើយ ដែលនឹងក្លាយជាសួនទឹកកម្សាន្តស្តង់ដារអន្តរជាតិ និងធំជាងគេនៅកម្ពុជា។

គម្រោងនេះ វិនិយោគដោយក្រុមហ៊ុនលីយ៉ុងផាត់ ប៉ុន្តែសាងសង់ដោយក្រុមហ៊ុនអង់គ្លេស White Water Group លើផ្ទៃដី ប្រមាណ ៦ហិកតា ក្នុងតំបន់ទីក្រុងរណបថ្មី Garden City ដែលជាទីតាំងដូចគ្នានឹងសួនសត្វភ្នំពេញសាហ្វារី។

យោងតាមក្រុមហ៊ុន LYP Group សួនទឹកនេះមានកន្លែងកម្សាន្តសំខាន់ៗ ដូចជា សមុទ្រសិប្បនិម្មិតដែលទឹករលកកម្ពស់ ៣ម៉ែត្រកន្លះ ទឹកជ្រោះធ្លាក់លើភ្នំសិប្បនិម្មិតដ៏ស្រស់ស្អាត កន្លែងរំអិលទឹកខ្ពស់ កន្លែងក្មេងលេង កន្លែងស្ទីមក្ដៅទឹកត្រជាក់ និងកន្លែងសំខាន់ៗផ្សេងទៀត។

គួរបញ្ជាក់ថា គម្រោងសួនទឹក Garden City Water Park ជាឈ្មោះទីពីរបន្ទាប់ ពីឈ្មោះ Angkor Water Park ដែលក្រុមហ៊ុន បានប្រកាស មុនចាប់ផ្តើមគម្រោងសាងសង់ កាលពីឆ្នាំ២០១៨៕

- Video Advertisement -