សៀមរាបចេញវិធានការក្ដៅពង្រឹងសណ្ដាប់ធ្នាប់ក្រុង ផាកពិន័យធ្ងន់លើការចោលសំរាមគ្មានរបៀប

អាជ្ញាធរខេត្តសៀមរាប ដាក់ចេញវិធានការក្ដៅ ដើម្បីពង្រឹងសណ្ដាប់ធ្នាប់ និងសោភ័ណភាពក្រុង ដោយនឹងផាកពិន័យធ្ងន់លើការចោលសំរាមគ្មានរបៀប ខណៈក្នុងក្រុងបច្ចុប្បន្នមានសំរាមជាង៥០០តោនក្នុងមួយថ្ងៃៗ។

ការចេញវិធានការនេះ គឺដើម្បីលើកមុខមាត់ក្រុងសៀមរាបបន្ថែមពីលើ ផ្លូវ៣៨ ខ្សែ ប្រព័ន្ធលូ និងសួនច្បារថ្មី ដែលទើបតែសម្រេចរួចរាល់កាលពីចុងឆ្នាំ ២០២១ កន្លងទៅ។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ចាប់ពីឆ្នាំថ្មីនេះតទៅ រដ្ឋបាលខេត្តនឹងផាកពិន័យ ចំពោះបុគ្គលដែលយកសំរាមទៅចោលខុសធុងសំរាម ឬបោះចោលផ្តេសផ្តាលមិនមានការវេចខ្ចប់ត្រឹមត្រូវ និងខុសគោលដៅប្រមូលផ្តុំទុកសំរាម។

«ដើម្បីធានាការគ្រប់គ្រង អាជ្ញាធរខេត្តនឹងប្រើសេវាកម្មក្រុមហ៊ុន ៣ ដើម្បីប្រមូលនិងទុកដាក់សំរាម រួមមាន៖ ក្រុមហ៊ុនវីហ្គ្រីន ក្រុមហ៊ុហ្គាអ៊ែរ និងក្រុមហ៊ុនអាកហ្សិនហ្គ្រីន» លោកបានបន្ដ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២១នេះ អាជ្ញាធរខេត្ត ក៏បានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ដើម្បីសិក្សានិងកំណត់គោលដៅសម្រាប់ទីលានចាក់សំរាមថ្មីមួយទៀត លើផ្ទៃដីប្រមាណ១០ហិកតា ស្ថិតក្នុងភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ដើម្បីរៀបចំជាទីលាន ចាក់សំរាមដែលមានលក្ខណៈបច្ចេកទេសស្តងដារត្រឹមត្រូវ។

ដោយសារតែកិច្ចខិតខំទាំងនេះហើយ ទើបធ្វើឱ្យក្រុងសៀមរាបបានជាប់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣។ (អានបន្ថែម)

- Video Advertisement -