សេដ្ឋវិទូ៖ វិនិយោគិនជាច្រើនសម្លឹងចង់បោះទុននៅអាស៊ាន កម្ពុជានឹងទទួលប្រយោជន៍អ្វី?
កាវិនិយោគផ្ទាល់ពីបរទេសមកកាន់តំបាន់អាស៊ីអាគ្នេយ៍បានកើនឡើង ៤២% ក្នុងឆ្នាំ ២០២១ ហើយនិន្នាការវិជ្ជមាននឹងបន្តនៅឆ្នាំ ២០២២ នេះ ដោយប្រទេសមួយចំនួនបានឃើញកម្រិត FDI កើនខ្ពស់បំផុត។ នេះបើយោងតាមរបាយការណ៍វិនិយោគអាស៊ានឆ្នាំ 2022។
មូលហេតុមួយគឺមកពីការកើនឡើង FDI គឺថា វិនិយោគិនភាគច្រើនកំពុងសម្លឹរកឱកាសវិនិយោគក្នុងតំបន់នេះ ទិសដៅដើម្បីការកាត់បន្ថយហានិភ័យ ដោយការពង្រាយទីតាំងមូលដ្ឋានអាជីវកម្មឱ្យនៅច្រើនកន្លែង មិនប្រមូលផ្ដុំនៅប្រទេសតែមួយដូចមុនវិបត្តិកូវីដ។
អាស៊ីអាគ្នេយ៍ គឺជាទិសដៅធំបំផុតទី២ សម្រាប់ការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍បន្ទាប់ពីប្រទេសចិន។
លោក Aaditya Mattoo សេដ្ឋវិទូនៃធនាគារពិភពលោកបាននិយាយថា អ្នកទទួលផលនៃការពង្រាយទីតាំងមូលដ្ឋានអាជីវកម្មរបស់វិនិយោគិនធំៗ នេះ គឺប្រទេសវៀតណាម ខណៈប្រទេសបន្ទាប់ គឺម៉ាឡេស៊ី និងកម្ពុជា។
ការវិនិយោគផ្ទាល់ពីបរទេសបានបន្តហូរចូល បើទោះបីជាមានវិបត្តិកូវឌ និងបញ្ហាសកលលោកផ្សេងទៀតក៏ដោយ។
FDI ភាគច្រើន ដែលបាននិងកំពុងហូរចូលទៅក្នុងតំបន់នេះ គឺការផលិត ជាពិសេសគ្រឿងអេឡិចត្រូនិក ហិរញ្ញវត្ថុ និងថាមពល ប៉ុន្តែវិស័យIT ក៏មានកាន់តែច្រើនផងដែរ។ សហរដ្ឋអាមេរិកគឺជាអ្នកវិនិយោគធំជាងគេក្នុងតំបន់ បន្ទាប់មកគឺប្រទេសចិន។
ប៉ុន្តែ អ្នកសេដ្ឋកិច្ចនិយាយថា តំបន់នេះនៅតែត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការទាក់ទាញការវិនិយោគនៅក្នុងឧស្សាហកម្មបៃតង ឬប្រកបដោយនិរន្តរភាព ការលើកកំពស់ជំនាញនៃកម្លាំងពលកម្ម និងការពង្រឹងច្បាប់សេរីភាវូបនីយកម្មលើការវិនិយោគលើសេវាកម្ម។
គួរបញ្ជាក់ថា យោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា ប្រទេសកម្ពុជាបានទទួលគម្រោងវិនិយោគប្រមាណ ១២៣ គម្រោង ឬស្មើនឹងទឹកប្រាក់ ជាង ៣ ពាន់លានដុល្លារអាមេរិក ចាប់ពីខែមករាដល់ខែសីហាឆ្នាំ ២០២២។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បាននិយាយនៅក្នុងកាសែតខ្មែរថាមស៍ថា លំហូរនៃការវិនិយោគបរទេសត្រូវបានជំរុញដោយច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗ រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ និងគ្រោងការណ៍អនុគ្រោះពាណិជ្ជកម្ម។
វាក៏ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់អ្នកវិនិយោគបរទេសក្នុងទស្សនវិស័យអភិវឌ្ឍន៍របស់កម្ពុជាផងដែរ។
លោក ហេង បានមានប្រសាសន៍ថា “ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃ Covid-19 នាំទៅដល់ការបន្តសកម្មភាពសេដ្ឋកិច្ចសង្គមទាំងអស់ ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន និងកិច្ចព្រមព្រៀង RCEP”។
- Video Advertisement -