សេវាកម្មដឹកជញ្ជូនអាហារអាចនឹងក្លាយជាគំរូអាជីវកម្មសក្ដានុពលថ្មីនៃទីផ្សារ Retail
ដោយ Eric Wong Chon Lap
កាលពីប៉ុន្មានឆ្នាំមុន សេវាកម្មដឹកជញ្ជូនអាហារស្ទើរតែគ្មានវត្តមាន នៅប្រទេសកម្ពុជា ប៉ុន្តែបច្ចុប្បន្ននេះ អតិថិនជនអាចបញ្ជាទិញអាហារដែលពួកគាត់ចង់ពិសារ តាមរយៈកម្មវិធីជាច្រើនដែលផ្តល់នូវសេវាកម្មដឹកជញ្ជូនយ៉ាងងាយស្រួល និងឆាប់រហ័សទាន់ចិត្ត។
សេវាកម្មដឹកជញ្ជូនអាហារ ចាត់ទុកថាជាពាណិជ្ជកម្មមួយទទួលបានជោគជ័យយ៉ាងខ្លាំងទូទាំងពិភពលោក ខណៈសេវាកម្មនៅកម្ពុជា ក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ សេវាកម្មដឹកជញ្ជូនអាហារនេះ គឺជួយសម្រួលដល់អតិថិជនបានមួយផ្នែកធំ ជាពិសេសនៅទីក្រុងភ្នំពេញ ដោយពួកគេមិនចាំបាច់ចំណាយពេលច្រើន និងស្ទះចរាចរណ៍ក្រោមពន្លឺថ្ងៃយ៉ាងក្តៅនោះទេ។
សេវាកម្មនេះ កាន់តែពេញនិយមក្នុងអំឡុងពេលនៃការរីករាលនៃជំងឺកូវីដ១៩ ហើយដើរតួយ៉ាងសំខាន់ក្នុងការជួយម្ចាស់អាជីវកម្មរកចំណូលទ្រទ្រង់អាជីវកម្មពួកគេឱ្យនៅតែបន្តដំណើរការបាន។
កាលពីមុន មានភោជនីយដ្ឋានជាច្រើនបានស្ទាក់ស្ទើរក្នុងការដាក់អាជីវកម្មរបស់ខ្លួនទៅក្នុងសេវាកម្មនេះ ដោយពួកគេខ្លាចប៉ះពាល់ដល់យីហោរបស់ហាង ប៉ុន្តែ ដោយសារតែមានសភាពការណ៍បែបនេះ ពួកគេក៏យល់ព្រមសាកល្បងនូវសេវាកម្មដឹកជញ្ជូនអាហារទាំងនេះ។
សេវាកម្មដឹកជញ្ជូនអាហារនៅប្រទេសកម្ពុជា ដូចជា E-Gets, Foodpanda, ឬ Nham24 ដែលមានជាកម្មវិធីទូរស័ព្ទងាយស្រួលប្រើក្នុងការកម្ម៉ង់អាហារ។ មិនត្រឹមតែធ្វើឱ្យអតិថិជនមានភាពងាយស្រួលក្នុងការស្វែងរកមុខម្ហូបនោះទេ កម្មវិធីទាំងអស់នោះ ក៏បើកឱ្យអតិថនអាចតាមដានអំពីដំណើរការដឹកជញ្ជូនអាហាររបស់ពួកគេផ្ទាល់តែម្តង។ បន្ថែមពីលើនេះ កម្មវិធីកម្ម៉ង់អាហារ បានធ្វើឱ្យអតិថជនអាចស្វែងរកជម្រើសអាហារថ្មីៗ នៅតាមភោជនីយដ្ឋានជាច្រើន ដែលពេលខ្លះ ពួកគាត់មិនដែលស្គាល់ពីមុនមកក៏ថាបាន។
សព្វថ្ងៃនេះសេវាកម្មដឹកជញ្ជូនអាហារទាំងនេះ បានធ្វើការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ជាមួយនឹងយុទ្ធសាស្ត្រទីផ្សារមួយចំនួន ដូចជា ការផ្សព្វផ្សាយផ្សេងៗ ការដឹកជញ្ជូនក្នុងតម្លៃទាប ក៏ដូចជាកាត់បន្ថយពេលវេលារងចាំនូវអាហារទាំងនោះផងដែរ។
យ៉ាងណាមិញ សេវាកម្មដឹកជញ្ជូនអាហារទាំងនេះមានវត្តមាននៅតែទីក្រុងធំៗដូចជា ភ្នំពេញ និងសៀមរាបតែប៉ុណ្តោះ ដូច្នេះ នាពេលអនាគត នៅពេលតម្រូវការសេវាកម្មកាន់តែកើនឡើង ក្រុមហ៊ុនទាំងនោះនឹងប្រកួតប្រជែងគ្នាដណ្តើមទីផ្សារនៅតំបន់ផ្សេងៗក្រៅពីទីក្រុងភ្នំពេញ។ នេះចាត់ទុកថាជាឱកាសសក្ដានុពលមួយសម្រាប់អ្នកដែលចង់ចូលប្រឡូកក្នុងទីផ្សារភោជនីយដ្ឋាន ក៏ដូចជាទីផ្សារRetail ជាពិសេសក្រោយវិបត្តិកូវីដស្ងប់ស្ងាត់ជាងមុន។
លោក Eric Wong Chon Lap មានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យពិគ្រោះយោបល់និងអភិវឌ្ឍន៍អចលនទ្រព្យក្នុងប្រទេសនានាជុំវិញពិភពលោក ជាពិសេសនៅក្នុងទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍។ លើសពីនេះ លោកក៏មានបទពិសោធន៍ជាច្រើនទៀតទាក់ទងនឹងការគ្រប់គ្រងថវិកាអភិវឌ្ឍគម្រោង យុទ្ធសាស្ត្រទីផ្សារ ការស្រាវជ្រាវ ក៏ដូចជាការវិភាគទីផ្សារអចលនទ្រព្យផ្សេងៗ រួមមានការិយាល័យ លំនៅដ្ឋាន សណ្ឋាគារ និង ផ្នែកលក់រាយឬ Retail ជាដើម។
- Video Advertisement -