សំណង់តាមដងទន្លេមេគង្គអាចនឹងរងហានិភ័យនៃការដួលរលំដោយសារតែការបូមខ្សាច់លើសកំណត់
ក្រុមអ្នកស្រាវជ្រាវភូមិសាស្រ្តបរិស្ថានវិទ្យាពីប្រទេសអង់គ្លេស កាលពីថ្មីៗនេះ បានរកឃើញថា បណ្ដោយច្រាំងទន្លេមេគង្គ ជាពិសេសនៅក្នុងប្រទេសកម្ពុជា កំពុងប្រឈមនឹងហានិភ័យខ្លាំងក្នុងការបាក់ច្រាំង ដោយសារតែការបូមខ្សាច់ច្រើនហួសកំណត់ ដែលជំរុញដោយតម្រូវការខ្សាច់ខ្ពស់នៅក្នុងវិស័យសំណង់ ទាំងសម្រាប់ប្រើប្រាស់ក្នុងស្រុកនិងនាំចេញ។
យោងតាមរបាយការណ៍របស់ The Science Times ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Southampton បានរកឃើញថា ការបូមខ្សាច់គឺជាមូលហេតុចម្បងនៃអស្ថិរភាពនៅតាមដងទន្លេមេគង្គ ដែលអាចនឹងនាំឱ្យមានការដួលរលំហេដ្ឋារចនាសម្ព័ន្ធតាមដងទន្លេ។
របាយការណ៍ដដែល ក៏បានលើកឡើងថាក្នុងចំណោមប្រទេសទាំងអស់ដែលទន្លេមេគង្គហូរកាត់ ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមានជង្រុកខ្សាច់នៅបាតទន្លេច្រើនជាងគេ ហើយក៏មានសកម្មភាពបូមខ្សាច់ច្រើនខ្លាំងណាស់ដែរ។
តាមរយៈការប្រើបច្ចេកវិទ្យាសូណារ (Sonar) ដែលជាបច្ចេកទេសប្រើការបញ្ជូនសញ្ញាជាសំឡេងដើម្បីវាស់ការរុករកវត្ថុនៅក្រោមផ្ទៃទឹក អ្នកស្រាវជ្រាវបានរកឃើញថា នៅបាតទន្លេមេគង្គ មានប្រហោងធំៗ ជាច្រើន ហើយជាមធ្យមមានប្រវែងប្រហែល ៤២ ម៉ែត្រនិងជម្រៅ ៨ ម៉ែត្រ ដែលនេះគឺកើតឡើងដោយការបូមខ្សាច់គ្មាននិរន្តរភាព។
ក្រុមអ្នកស្រាវជ្រាវ បានបន្តទៀតថា បរិមាណនៃការបូមខ្សាច់នាពេលបច្ចុប្បន្ន គឺមានទំហំចន្លោះពី ៥ ទៅ ៩ ដងច្រើនជាង អត្រាដែលខ្សាច់អាចកកើតឡើងវិញដោយធម្មជាតិ ដែលនេះជាកត្តាដែលអាចនាំឱ្យមានហានិភ័យខ្ពស់នៃការបាក់ច្រាំងទន្លេ។
លើសពីនេះទៀតតាមរយៈ ការស្កេនឡាស៊ែរដី (Terrestrial Laser Scanning) សាស្រ្តាចារ្យ Julian Leyland ក៏បានបញ្ជាក់ផងដែរថា ការស្រុតចុះនៃបាតទន្លេត្រឹមតែ ២ ម៉ែត្រប៉ុណ្ណោះ គឺអាចបណ្តាលឱ្យបាក់ច្រាំងទន្លេបាន ប៉ុន្តែការបូមខ្សាច់នាពេលបច្ចុប្បន្នគឺមានជម្រៅដល់ជាង ៨ ម៉ែត្រ ដែលនេះគឺជាការបង្កគ្រោះថ្នាក់ខ្លាំងបំផុត។
គួរបញ្ជាក់ផងដែរថា ខ្សាច់គឺជាធនធានដែលប្រើប្រាស់ច្រើនបំផុតទី ២ នៅលើពិភពលោក បន្ទាប់ពីទឹក ហើយដោយសារតែការរីកចម្រើននៃវិស័យសំណង់ ផលិតកម្មបេតុងបានកើនឡើងយ៉ាងខ្លាំង ដែលបណ្តាលឱ្យមានការកើនឡើងនៃតម្រូវការខ្សាច់ផងដែរ។
ដូច្នេះអ្នកវិទ្យាសាស្ត្របានស្នើរដ្ឋាភិបាលក្នុងប្រទេសនីមួយៗដែលកំពុងតែមានសកម្មភាពបូសខ្សាច់លើសកំណត់ ដូចជាប្រទេសកម្ពុជាជាដើម គួរតែមានវិធានការណ៍ គោលនយោបាយ ឬបទប្បញ្ញត្តិ ជាបន្ទាន់ដើម្បីគ្រប់គ្រង និងធានានូវតុល្យភាព នៃសកម្មភាពបូសខ្សាច់ ក្នុងគោលបំណងដើម្បីបង្ការនិងជៀសវាងគ្រោះមហន្តរាយដែលបណ្តាលមកពីការបាក់ច្រាំងទន្លេ។




- Video Advertisement -