សំណង់អគារចំនួន ១៤អគារ ក្នុងខេត្តព្រះសីហនុនឹងត្រូវរុះរើក្រោយត្រួតពិនិត្យរួច

អ្នកនាំពាក្យរដ្ឋបាលសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានឲ្យដឹងថាសំណង់អគារចំនួន ១៤អគារ ក្នុងខេត្តព្រះសីហនុ នឹងត្រូវរុះរើបន្ទាប់ពីមន្ត្រីរដ្ឋបាលខេត្ត និងក្រុមការងាររបស់គណៈកម្មាធិការត្រួតពិនិត្យសំណង់បានធ្វើការត្រួតពិនិត្យរួចមក។

គណៈកម្មាធិការត្រួតពិនិត្យសំណង់នៅខេត្តព្រះសីហនុ ត្រូវបានបង្កើតឡើងក្រោយពីមានការបាក់រលំអគារកម្ពស់ ៧ជាន់ ដែលបានបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាង ៤០នាក់ នៅខេត្តព្រះសីហនុ កាលពីខែមិថុនា កន្លងមកនេះ។ (អានបន្ថែម)

តាមការបញ្ជាក់តាមទូរសព្ទកាលពីថ្ងៃទី ២៦ ខែ សីហា លោក ឃាង ភារម្យ បានឲ្យដឹងថា ក្រុមការងារត្រួតពិនិត្យសំណង់ទាំង ២៣ក្រុម របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កន្លងមក បានត្រួតពិនិត្យសំណង់អគារប្រមាណជាង ៥០០ កន្លែង។

លោកថ្លែងថា៖ «ព័ត៌មានដែលខ្ញុំទទួលបានពីមន្ទីដែនដីខេត្ត គឺលោក [ក្រុមការងារ] បានចុះធ្វើការត្រួតពិនិត្យបានជាង ៥០០សំណង់ ហើយក្នុងនោះ ជំហានទី១ គឺលោក [ក្រុមការងារ] បានសម្រេចរុះរើសំណង់ចំនួន១៤ទីតាំង នៅក្នុងចំណោមសំណង់ដែលបានត្រួតពិនិត្យ»។

ជាងនេះទៀត កន្លងមកក្រុមការងារក៏បានរកឃើញសំណង់ដែលមានបញ្ហាចំនួន២២ ពោលគឺសាងសង់មិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនៃការសាងសង់អគារនៅកម្ពុជា។

លោក ឃាង ភារម្យ បានបន្ថែមទៀតថា៖ «ដោយឡែក នៅក្នុងនោះផងដែរ លោក [ក្រុមការងារ] ក៏នៅបន្តពិនិត្យលំអិតទៀតនៅក្នុងជាង ៥០០សំណង់ហ្នឹង ហើយយើងមិនទាន់ដឹងទេថា តើនឹងមានទីតាំងប៉ុន្មានផ្សេងទៀតទេដែលនឹងត្រូវធ្វើការរុះរើ ប្រសិនថាពិនិត្យទៅឃើញថាខុសបច្ចេកទេស ឬបទដ្ឋានផ្សេងៗ»។

ជាការកត់សម្គាល់ ខេត្តព្រះសីហនុក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការអភិវឌ្ឍន៍យ៉ាងខ្លាំងហើយអគារតូចធំ ខ្ពស់ទាប បាននិងកំពុងរីកលូតលាស់ដូចផ្សិតស្ទើពាស់ពេញទីក្រុង។

ជាក់ស្តែង តាមការឲ្យដឹងរបស់លោក ឃាង ភារម្យ គិតមកត្រឹមដើមឆ្នាំ ២០១៩នេះ សំណង់ដែលបានសុំច្បាប់សាងសង់ក្នុងខេត្តព្រះសីហនុមានចំនួនរហូតដល់ទៅ ៨១៩ សំណង់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៧២លានដុល្លារ ជួយពង្រឹងការធ្វើកសិកម្មនៅតាមជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានច […]

កូរ៉េសិក្សាសក្តានុពលវិនិយោគអភិវឌ្ឍឧស្សាហកម្មផលិតឧបករណ៍ហោះហើរគ្មានមនុស្សបើកនៅកម្ពុជា

វិនិយោគិនកូរ៉េ ដែលមកពីក្រុមហ៊ុន NEO Battery Materials K […]

កម្ពុជា បារាំង សិក្សាគម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា ក្នុងតម្លៃ ៩០ម៉ឺនយូរ៉ូ

កម្ពុជា-បារាំង បានរៀបចំពិធីប្រគល់-ទទួលជាផ្លូវការនូវលទ្ធ […]

កម្ពុជា-ចិន  ផ្លាស់ប្តូរបទពិសោធន៍លើវិស័យដឹកជញ្ជូនឆ្លាតវៃ និងបច្ចេកវិទ្យាទំនើបគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា កាលថ្ងៃទី២៦ ខែតុលា […]

Bentley ប្រកាសរៀបចំកម្មវិធី Technology Summit 2027 នៅទីក្រុងតូរ៉ុនតូ

ខណៈដែលការអភិវឌ្ឍទីក្រុងរីកចម្រើនយ៉ាងឆាប់រហ័ស និងតម្រូវក […]

ផែនការមេប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងព័ស្តុភារកម្មកម្ពុជា ត្រូវការទុនវិនិយោគ ៣៦,៦ប៊ីលានដុល្លារ

ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យ […]