ស្ថានីយសូឡាអណ្តែតទឹកខ្នាតយក្សដំបូងបង្អស់នៅសិង្ហបូរីបើកដំណើរការជាផ្លូវការហើយ
បន្ទាប់ពីការសាងសង់អស់រយៈពេលជាង១ឆ្នាំ សិង្ហបុរីបានបើកដំណើរការស្ថានីយផលិតថាមពលពីពន្លឺព្រះអាទិត្យ (សូឡា) អណ្តែតទឹកខ្នាតធំដំបូងបង្អស់ ទំហំ ៤៥ហិកតា នៅឯអាងស្តុកទឹក Tengeh។ នេះបើយោងតាមសារព័ត៌មាន GCR កាលពីចុងខែកក្កដា។
រោងចក្រសូឡាអណ្តែតទឹកនេះ មានទំហំធំស្មើនឹងទីលានបាល់ទាត់ដល់ទៅ ៤៥ ដងឯណោះ ដែលមានបន្ទះសូឡាសរុបចំនួន ១២២ ០០០ បន្ទះ និងអានុភាពថាមពល ៦០មេហ្កាវ៉ាត់។
គម្រោងនេះចាត់ទុកថា ជាគម្រោងមួយក្នុងចំណោមរោងចក្រសូឡាអណ្តែតទឹកសាបធំជាងគេបំផុតនៅលើពិភពលោក ខណៈថាមពលពីរោងចក្រនឹងត្រូវប្រើដើម្បីផ្គត់ផ្គង់ថាមពលរោងចក្រប្រព្រឹត្តកម្មទឹកចំនួន ៥កន្លែង។
លើសពីនេះ គម្រោងនេះក៏អាចផ្គត់ផ្គង់អគ្គិសនីបៃតងដល់ផ្ទះចំនួន ១៦,០០០ខ្នង ដែលអាចបន្ថយការបញ្ចេញកាបូនប្រមាណ ៣២០០ តោនក្នុងមួយឆ្នាំ ឬស្មើនឹងការដកយករថយន្តចំនួន ៧,០០០គ្រឿងចេញពីផ្លូវ។
រោងចក្រនេះទៀតសោត នឹងចូលរួមចំណែក ៧% នៃតម្រូវការថាមពលសរុបប្រចាំឆ្នាំរបស់សិង្ហបុរី។
គួរបញ្ជាក់ផងដែរ គម្លាតរវាងបន្ទះសូឡានៅលើទឹក គឺធំគ្រប់គ្រាន់ ដើម្បីឱ្យមានលំហូរខ្យល់ និងពន្លឺព្រះអាទិត្យ ដើម្បីទ្រទ្រង់ជីវិតសត្វ និងរុក្ខជាតិក្នុងទឹក ។

