ស្ថាប័នធំៗ២ រួមគ្នាជំរុញវិស័យបរធនបាលកិច្ច ដើម្បីទាក់ទាញវិនិយោគមកកម្ពុជាឱ្យបានច្រើន
និយ័តករបរធនបាលកិច្ច និងសភាពាណិជ្ជកម្មកម្ពុជា បានរួមគ្នាចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី “កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
ពិធីចុះហត្ថលេខាលើអនុស្សរណៈ បានធ្វើឡើងកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ដែលហត្ថលេខីនៃអនុស្សរណៈនៃការយោគយល់គ្នានេះ គឺរវាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ច។
អនុស្សរណៈយោគយល់នេះ មានគោលបំណងសំខាន់ៗ ០៣ រួមមាន៖
១. ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចរបស់សមាជិកសមាជិកានៃសភាពាណិជ្ជកម្មកម្ពុជាដែលជាវិនិយោគិន ពាណិជ្ជករ និងធុរជនមានសក្តានុពលខ្ពស់ និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពវិនិយោគ ពាណិកជ្ជកម្ម និងធុរកិច្ចនៅប្រទេសកម្ពុជា។
២.វិស័យឯកជន អាចយល់បានពីយន្តការប្រតិបត្តិការបរធនបាលកិច្ចមានលទ្ធភាពសមស្រប ដើម្បីរៀបចំខ្លួនចូលរួមអនុវត្ត។
៣. វិស័យឯកជន និងភាគីពាក់ព័ន្ធផេ្សងៗទៀត ទាញយកផលប្រយោជន៍ពីប្រតិបត្តិការបរធនបាលកិច្ចក្នុងដំណើរការធុរកិច្ចរបស់ខ្លួន ក៏ដូចជាចូលរួមជំរុញការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា តាមរយៈការលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយពីវិស័យបរធនបាលកិច្ចជាសាធារណៈផងដែរ។
ទន្ទឹមនឹងនេះ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក៏បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះផងដែរ។ (អានបន្ថែម)
គួរបញ្ជាក់ថា វិស័យបរធនបាលកិច្ច ជាវិស័យមួយដែលកំពុងតែចាប់ផ្តើមនៅកម្ពុជា ដែលមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់ ខណៈរដ្ឋបានរំពឹងថា នឹងកើនឡើងខ្ពស់ដល់ជាង ១ពាន់លានដុល្លារ នាចុងឆ្នាំ២០២៣នេះ។ (អានបន្ថែម)
ច្បាប់ស្តីពីបរធនបាលកិច្ចឆ្នាំ២០១៩ បរទេសអាចទិញដីនៅកម្ពុជាបានតាមរយៈក្រុមហ៊ុនបរធនបាល ដែលបានចុះបញ្ជីបរធនបាលកិច្ចនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រឹមត្រូវ។ ការទិញនេះ ក៏ត្រូវធ្វើលិខិតបរធនកិច្ច ឬកិច្ចព្រមព្រៀងឈរឈ្មោះអនុលោមទៅតាមលក្ខខណ្ឌនៃច្បាប់ផងដែរ។ (អានបន្ថែម)
- Video Advertisement -